ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនអ្នកគាំទ្រសិទ្ធិមនុស្ស ទទូចឱ្យ​មានការដោះលែងអ្នកជាប់ឃុំ​មនសិការ​ ក្នុងឱកាសប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រុមសកម្មជនមាតាធម្មជាតិ បាននាំគ្នាហែរក្បួនចេញពីតំបន់​បឹងកក់ ឆ្ពោះទៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ​ដើម្បីរំលឹក​អំពី​ទិវា​សិទ្ធិមនុស្សអន្តរជាតិ​ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ “ដោះលែងអ្នកទោសមនសិការដើម្បីបង្រួបបង្រួមជាតិ”។

តំណាងយុវជនមាតាធម្មជាតិ លោក ថុន រដ្ឋា មានប្រសាសន៍ថា ក្នុងទិវាសិទ្ធិមនុស្សនេះ ពួកគេ​ស្នើយ៉ាងទទូចទៅកាន់​រដ្ឋាភិបាលអាណត្តិថ្មី ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំ​មនសិការទាំងអស់​ដែលកំពុងតែជាប់ឃុំ​នៅក្នុងពន្ធនាគារ និងស្នើឱ្យ​តុលាការមានភាពយុត្តិធម៌ ស្របទៅតាមនីតិវិធីច្បាប់ជាងមុន។ តែយ៉ាងណា លោកហាក់​មានក្តី​សង្ឃឹមតិចតួច ដែលថាតុលាការ​នឹងទម្លាក់ចោលបទចោទប្រកាន់ទៅ​លើសកម្មជនរបស់ចលនាមាតាធម្មជាតិ។

លោកថា៖​ «យើងនៅតែជឿថា ការបង្រួបបង្រួមជាតិ​​ ការទម្លាក់បទចោទប្រកាន់ មិនថាសកម្មជននយោ​បាយ បរិស្ថាន​ សកម្មជនដីធ្លីគឺសំខាន់ ដើម្បីធ្វើយ៉ាងណាស្តារមុខមាត់ប្រទេសកម្ពុជាឱ្យ​មានភាពល្អប្រសើរ ជាពិសេសហ្នឹងគឺធ្វើយ៉ាងណាឱ្យ​មានការគោរពសិទ្ធិមនុស្សពេញលេញ និងពិតប្រាកដ មិនមែនមានតែការ​​គោរពសិទ្ធិមនុស្សតែនៅលើក្រដាសនោះទេ»។

ក្រៅពីការ​ដើរហែក្បួនរបស់ក្រុមយុវជនក្នុងទិវាសិទ្ធិមនុស្ស​នេះ ក៏មានការដើរហែក្បួន និងធម្មយាត្រាមួយ​ទៀត​​ ចេញពីខេត្តសៀមរាប មកកាន់ទីលានប្រជាធិបតេយ្យ​ ក្នុងរាជធានីភ្នំពេញដែរ ដោយធម្មយាត្រា​នេះ រៀបចំឡើងដោយក្រុមយុវជនព្រះសង្ឃ តំណាងសហជីព និងសង្គមស៊ីវិល ដែលសរុបជារួម មានអ្នកចូលរួម​ប្រមាណ ៣០ ០០០នាក់ ក្នុងនោះ​មានទាំងតំណាង​អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ក្រុមយុវជន និង​បុគ្គលិកស្ថានទូតមួយចំនួនផងដែរ។

សកម្មជនយុវជនចលនាមាតាធម្មជាតិ បានបើកកកាយពីបទពិសោធន៍ដែលពួកគេបានជួបប្រទះ ជាមួយប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ដោយពួកគេថា ក្នុង​រយៈពេល ១០ឆ្នាំមកនេះ សកម្មជនចំនួន ១១រូបរបស់ចលនាមាតាធម្មជាតិ ត្រូវបានចាប់ដាក់ពន្ធនាគារ។ ដោយឡែក​​ក្នុងរយៈពេលចុងក្រោយនេះ សកម្មជននៃចលនាមាតាធម្មជាតិចំនួន ៦នាក់ផ្សេងទៀត ត្រូវជាប់ចោទពីបទ «រួមគំនិតក្បត់» ដែលត្រូវប្រឈមមុខទៅនឹងការជាប់ពន្ធនាគារ នេះបើតាមការលើកឡើងរបស់តំណាងក្រុមចលនាមាតាធម្មជាតិ នៅឯទីលានប្រជាធិបតេយ្យ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព​ មានប្រសាសន៍ថា លោក​មិនដឹងថា​ក្រុមចលនាមាតាធម្មជាតិ ស្នើសុំឱ្យ​ដោះលែងអ្នកណា​​នោះទេ ដោយសារតែនៅ​កម្ពុជាមិនមានអ្នកទោស​​មនសិការ គឺមានតែអ្នកទោសដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

លោកថា៖ «ខ្ញុំអត់ដឹងថា គាត់ស្នើឱ្យដោះលែងអ្នកណាទេ ព្រោះអីស្រុកខ្មែរអត់មានអ្នកទោសមនសិការទេ មានតែអ្នកទោសដែលជាប់ហើយ​សុទ្ធតែអ្នកទោសប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទាំងអស់ សុំពួកគាត់ឱ្យ​និយម​​ន័​យ​អ្នក​ទោស​មនសិការ​ហ្នឹង​ឱ្យ​ច្បាស់​បន្តិច ព្រោះអីពាក់ព័ន្ធនឹងមនសិការអត់មានទោសទេ តែបើទាក់ទងនឹងបទល្មើសដែលគេចែងក្នុងព្រហ្មទណ្ឌទើបមានទោស»។

ប្រធាន​ផ្នែក​កម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា ​​លោក ហេង គឹមហុង សង្កេត​ឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាថា មកដល់បច្ចុប្បន្នគឺនៅតែមានការរឹតត្បិត និងពលរដ្ឋនៅមិនទាន់មានសិទ្ធិពេញលេញនៅឡើយ។

លោកថា៖ «សិទ្ធិសេរីភាពរបស់ពួកគេ គឺមិនទាន់មានការអនុវត្តពេញលេញ ទទួលបានការគាបសង្កត់ពីអាជ្ញាធរចំពោះសិទ្ធិនៃការជួបជុំ​ ហើយសិទ្ធិនៃការទទួលបានព័ត៌មានក៏មានការរឹតត្បឹត ដោយសារសារព័ត៌មានឯករាជ្យមួយចំនួនត្រូវបានបិទ»។

លោកបានបន្ថែមថា​ យុវជនសហគមន៍​មូលដ្ឋានដែលចូលរួមជំរុញ​ការអនុវត្តសិទ្ធិ បែរជាត្រូវបានគេធ្វើទុក្ខបុកម្នេញពួកគាត់តាមគ្រប់រូបភាព ទាំងតាមផ្លូវតុលាការ ការរឹតត្បិត ការ​គំរាមកំហែង និងការទិញទឹកចិត្តជាដើម ដែលធ្វើឱ្យ​​ស្ថានភាពសិទ្ធិមនុស្សមិនទាន់​មានភាពល្អប្រសើរ។​

លោក ហេង គឹមហុង បានអំពាវនាវដល់​អ្នកពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល ពិនិត្យពីលទ្ធភាពនៃការស្តារឡើងវិញនៃលំហរសិទ្ធិពលរដ្ខ សិទ្ធិនយោបាយរបស់ពួកគាត់ តាមរយៈការលើកទឹកចិត្តឱ្យពួកគាត់ចូលរួមអនុវត្តសិទ្ធិទាំងអស់នោះ ឱ្យ​បានពេញលេញក្នុងនាមជាពលរដ្ឋនៃប្រទេសប្រជាធិបតេយ្យ។​

ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា លំហរ​សេរីភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែមានការរឹតត្បិត ហើយនៅតែមានការតាមដានពីអាជ្ញាធរនៅមូលដ្ឋាន​ និងហាក់បីដូចជានៅតែមិនមានជាគោលការណ៍ច្បាស់លាស់ ក្នុងការផ្តល់ជាសិទ្ធិសេរីភាពជាមូលដ្ឋានទៅកាន់ប្រជាពលរដ្ឋនៅឡើយ។

លោកថា៖ «សេរីភាពក្នុងការជួបជុំ ការបញ្ចេញមតិយើងឃើញថា នៅមានទៅតាមនៃតំបន់ហ្នឹង វាហាក់បីដូចជាធ្វើឡើងដោយមិនមានប្រព័ន្ធច្បាស់លាស់នៅក្នុងការផ្តល់សិទ្ធិសេរីភាពហ្នឹង»។​

គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គឺជាការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ ហើយបន្ទាប់​ពីមហា​សន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សនៅថ្ងៃទី១០ ធ្នូ​ ឆ្នាំ១៩៤៨​​មក។​ សេចក្តីប្រកាសនេះ​មាន ៣០មាត្រា ដោយបានទទួល​ស្គាល់នូវសិទ្ធិ និងសេរីភាពជាមូល​ដ្ឋានរបស់មនុស្ស ដោយមិនប្រកាន់សញ្ជាតិ ភេទ ជាតិសាសន៍ ពណ៌សម្បុរ សាសនា ភាសា ឬឋានៈអ្វីឡើយ៕