អង្គការ Save the Children បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងធានាថា កុមារតូចៗអាចទទួលបានការអប់រំបានពេញលេញ ខណៈការវិភាគទិន្នន័យមួយ រកឃើញថា កុមារកម្ពុជាជិត ២,៩លាននាក់ បានប្រឈមមុខនឹងគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ។
ការអំពាវនាវនេះធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុក Save the Children Cambodia កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដោយអង្គការនេះ បានលើកឡើងអំពីសហគមន៍បណ្តែតទឹកក្នុងតំបន់បឹងទន្លេសាប ដែលជាតំបន់ដែលប្រឈមនឹងផលប៉ះពាល់ខ្លាំងពីកត្តាបម្រែបម្រួលអាកាសធាតុ ហើយកុមារនៅតំបន់នោះ មានហានិភ័យខ្ពស់ការបោះបង់ការសិក្សា ដោយសារតែការធ្វើដំណើរ និងបញ្ហាជីវភាពប្រចាំថ្ងៃ ពិសេសកុមារតូចតូចៗ។
យោងតាមការវិភាគទិន្នន័យថ្មីដោយអង្គការ Save the Children មុនពេលកិច្ចប្រជុំសន្និសីទកំពូលនៃបណ្ដាភាគីអនុសញ្ញាសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ នៅទូទាំងពិភពលោក មានកុមារជាង ២៧លាននាក់ ត្រូវបានទាញចូលក្នុងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភដោយសារព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនៅក្នុងប្រទេស ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិអាកាសធាតុក្នុងឆ្នាំ២០២២ ដែលជាការកើនឡើង ១៣៥% ពីឆ្នាំមុន។
ប្រភពដដែល បន្តថា នៅប្រទេសកម្ពុជា មានកុមារជិត ២,៩លាននាក់ បានប្រឈមមុខនឹងគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ រួមមានទឹកជំនន់ ខ្យល់ព្យុះ ការបំពុលខ្យល់ កង្វះទឹក និងរលកកំដៅជារៀងរាល់ឆ្នាំ។ ស្ទើរតែ ៥០% នៃកុមារ ប្រឈមនឹងការប៉ះទង្គិចអាកាសធាតុ ៤ប្រភេទ ឬច្រើនជាងនេះ។ ពលរដ្ឋកម្ពុជាម្នាក់ក្នុងចំណោមបីនាក់ ដែលរស់នៅក្នុងភាពក្រីក្រ គឺជាកុមារដែលមានអាយុក្រោម ១៥ឆ្នាំ។ កត្តានេះ កំពុងនាំឱ្យមានវិបត្តិសិទ្ធិកុមារយ៉ាងស្ងៀមស្ងាត់។
នាយកប្រចាំប្រទេសនៃអង្គការ Save the Children International Cambodia លោក ហុង រស្មី មានប្រសាសន៍ថា កុមារមិនសូវបង្កឱ្យមានបម្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែបែរជារងផលប៉ះពាល់ខ្លាំង។
លោកមានប្រសាសន៍ថា៖ «កុមារមានទំនួលខុសត្រូវតិចបំផុត ក្នុងការបង្កឱ្យមានការប្រែប្រួលអាកាសធាតុ ប៉ុន្តែពួកគេងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់»។
លោកក៏បានអំពាវនាវឱ្យអ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ ស្តាប់សំឡេងរបស់កុមារ និងចាត់វិធានការជាក់ស្តែង និងភ្លាមៗ ដើម្បីកសាងភាពធន់សម្រាប់កុមារចំពោះការប្រែប្រួលអាកាសធាតុផងដែរ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង បានប្រាប់Newsroom Cambodiaថា ការប្រែប្រួលអាកាសធាតុនេះ ជះឥទ្ធិពលយ៉ាងខ្លាំងមកលើពលរដ្ឋកម្ពុជា។ លោកបន្ថែមថា កម្ពុជាក៏ជាប្រទេសដែលរងផលប៉ះពាល់ និងជាប្រទេសដែលរួមចំណែកក្នុងការទប់ស្កាត់នៃបម្រែបម្រួលអាកាសធាតុផងដែរ។
លោកថា៖ «រដ្ឋាភិបាលគួរតែដាក់បញ្ចូលមេរៀនបម្រែបម្រួលអាកាសធាតុនេះ នៅក្នុងកម្មវិធីសិក្សាថ្នាក់មូលដ្ឋានជាពិសេសគឺ បឋមសិក្សា […] រដ្ឋាភិបាលគួរដាក់ចេញនូវយន្តការបន្ថែមទៀតក្នុងការជំរុញឱ្យសាលាដាំដើមឈើឱ្យបានច្រើន និងតាមផ្លូវទៅសាលា និងក្នុងសហគមន៍ ជាពិសេសដើមឈើធំៗដែលអាចជាម្លប់បានដើម្បីបង្ការ និងបញ្ជៀសកុំឱ្យសិស្សក្មេងៗ ឬក៏យុវជនប្រឈមមុខជាមួយការបម្រែបម្រួលអាកាសធាតុនេះថែមទៀត»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា លើកឡើងថា បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហារបស់មនុស្សគ្រប់គ្នាដែលរស់នៅលើពិភពលោក ហើយបើមានផលប៉ះពាល់ គឺមិនមែនប៉ះពាល់តែកុមារនោះទេ។
លោកស្រីបញ្ជាក់ថា៖ «កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា តែងតែធ្វើការងារជាច្រើន រឿងទី១ ដែលក្រសួងបានធ្វើទាក់ទងទៅនឹងការបញ្ជ្រាបកម្មវិធីទៅក្នុងសៀវភៅសិក្សាគោល ដើម្បីឱ្យសិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានដឹងអំពីកត្តាប្រឈមនៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាផលប៉ះពាល់ដែលអាចកើតមាន និងអ្វីដែលម្នាក់អាចចូលរួមបាន»។
លោកស្រីបន្ថែមថា ចំពោះកុមារដែលរស់នៅលើផ្ទះបណ្តែតទឹកនៅតាមដងទន្លេសាប ក្រសួងបានយកចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្សានុសិស្ស ដោយបានបញ្ជូនគ្រូទៅបង្រៀន ដោយបង្កើតសាលារៀន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យស្របទៅនឹងតំបន់នៅតាមតំបន់លិចទឹកនោះផងដែរ។
ទន្ទឹមនឹងនេះ លោកស្រី ឃួន វិច្ឆិកា ស្នើឱ្យពលរដ្ឋកម្ពុជាទាំងអស់យកចិត្តទុកដាក់ក្នុងការថែរក្សាពិភពលោកនេះមានបរិស្ថានល្អគួរឱ្យចង់រស់នៅ តាមរយៈការរស់នៅប្រចាំថ្ងៃដោយគិតគូរជានិច្ចអំពីបរិស្ថានផងដែរ។
គេហទំព័រ Newsroom Cambodia បានទាក់ទងសុំការអត្ថាធិប្បាយជុំវិញករណីនេះពី លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែរ ប៉ុន្តែលោកបានឱ្យទំនាក់ទំនងទៅកាន់ លោក សន សុផល អគ្គនាយកដ្ឋានសុខមាលភាពជនពិការ នៃក្រសួងសង្គមកិច្ចវិញ។
គិតមកត្រឹមល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ គេហទំព័រ Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញករណីនេះពីលោក សន សុផល អគ្គនាយកដ្ឋានសុខមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច បានទេ។
បើយោងតាមរបាយការណ៍ «វិបត្តិអាកាសធាតុ គឺជាវិបត្តិនៃសិទ្ធិកុមារ» របស់អង្គការយូនីសេហ្វ កាលពីឆ្នាំ២០២១ កម្ពុជាស្ថិតក្នុងចំណោមប្រទេស ១ ភាគ ៣ នៅផ្នែកខាងលើគេ ដែលប្រឈមហានិភ័យខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ។ របាយការណ៍នេះ បានរកឃើញថា កុមារនៅកម្ពុជាប្រឈមមុខខ្ពស់នឹងបញ្ហាខ្វះទឹក គ្រោះទឹកជំនន់តាមដងទន្លេ និងជំងឺឆ្លងតាមមេរោគចម្លង។ នៅក្នុងរបាយការណ៍នេះ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បានលើកឡើងថា វិបត្តិអាកាសធាតុកំពុងបង្កផលប៉ះពាល់ដល់មនុស្សគ្រប់រូប ហើយកុមារគឺជាក្រុមងាយរងគ្រោះជាងគេ។ លោកស្រីបន្តថា កុមារនៅក្នុងពិភពលោក និងកុមារនៅកម្ពុជា ដឹងថាការប្រែប្រួលអាកាសធាតុ គឺជាកត្តាបង្កការគំរាមកំហែងដល់អនាគតរបស់ពួកគេ ហើយពួកគេកំពុងអំពាវនាវឱ្យមេដឹកនាំពិភពលោក និងគ្រប់គ្នាចាត់វិធានការ៕