អង្គការ Save the Children ​បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងធានា​ថា កុមារ​តូចៗអាចទទួលបានការអប់រំបានពេញលេញ ខណៈការវិភាគទិន្នន័យមួយ រកឃើញថា កុមារកម្ពុជា​ជិត ២,៩លាននាក់ បានប្រឈមមុខនឹងគ្រោះមហន្តរាយ​ទាក់ទងនឹងអាកាសធាតុ។

ការអំពាវនាវនេះធ្វើឡើងតាមរយៈ​ទំព័រហ្វេសប៊ុក  Save the Children Cambodia កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដោយអង្គការនេះ បានលើកឡើងអំពីសហគមន៍បណ្តែតទឹកក្នុងតំបន់បឹង​ទន្លេសាប ដែលជាតំបន់ដែលប្រឈមនឹងផលប៉ះពាល់ខ្លាំងពីកត្តាបម្រែបម្រួលអាកាសធាតុ ហើយកុមារនៅតំបន់នោះ មានហានិភ័យខ្ពស់ការបោះបង់ការសិក្សា ដោយសារតែការធ្វើដំណើរ និងបញ្ហាជីវភាពប្រចាំថ្ងៃ ពិសេសកុមារតូចតូចៗ។

យោងតាមការវិភាគទិន្នន័យថ្មីដោយអង្គការ Save the Children មុនពេលកិច្ចប្រជុំសន្និសីទកំពូលនៃបណ្ដាភាគីអនុសញ្ញាសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ នៅទូទាំងពិភពលោក មានកុមារជាង ២៧លាននាក់ ត្រូវបានទាញចូលក្នុងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភដោយសារព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនៅក្នុងប្រទេស ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិអាកាសធាតុក្នុងឆ្នាំ២០២២ ដែលជាការកើនឡើង ១៣៥% ពីឆ្នាំមុន។

ប្រភពដដែល បន្តថា នៅប្រទេសកម្ពុជា មានកុមារជិត ២,៩លាននាក់ បានប្រឈមមុខនឹងគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ រួមមានទឹកជំនន់ ខ្យល់ព្យុះ ការបំពុលខ្យល់ កង្វះទឹក និងរលកកំដៅជារៀងរាល់ឆ្នាំ។ ស្ទើរតែ ៥០% នៃកុមារ ប្រឈមនឹងការប៉ះទង្គិចអាកាសធាតុ ៤ប្រភេទ ឬច្រើនជាងនេះ។ ពលរដ្ឋកម្ពុជាម្នាក់ក្នុងចំណោមបីនាក់ ដែលរស់នៅក្នុងភាពក្រីក្រ គឺជាកុមារដែលមានអាយុក្រោម ១៥ឆ្នាំ។ កត្តានេះ កំពុងនាំឱ្យមានវិបត្តិសិទ្ធិកុមារយ៉ាងស្ងៀមស្ងាត់។

នាយកប្រចាំប្រទេសនៃអង្គការ Save the Children International Cambodia លោក ហុង រស្មី មាន​ប្រសាសន៍ថា កុមារមិនសូវបង្កឱ្យមានបម្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែបែរជារងផលប៉ះពាល់ខ្លាំង។

លោកមានប្រសាសន៍ថា៖ «កុមារមានទំនួលខុសត្រូវតិចបំផុត ក្នុងការបង្កឱ្យមានការប្រែប្រួលអាកាសធាតុ ប៉ុន្តែពួកគេងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់»។

លោកក៏បានអំពាវនាវឱ្យអ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ ស្តាប់សំឡេងរបស់កុមារ និងចាត់វិធានការជាក់ស្តែង និងភ្លាមៗ ដើម្បីកសាងភាពធន់សម្រាប់កុមារចំពោះការប្រែប្រួលអាកាសធាតុផងដែរ។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹម​ហុង បានប្រាប់Newsroom Cambodiaថា ការប្រែប្រួលអាកាសធាតុនេះ ជះឥទ្ធិពលយ៉ាងខ្លាំងមក​លើពលរដ្ឋកម្ពុជា។ លោកបន្ថែមថា កម្ពុជាក៏ជាប្រទេសដែលរងផលប៉ះពាល់ និងជាប្រទេស​ដែលរួមចំណែកក្នុងការទប់ស្កាត់នៃបម្រែបម្រួលអាកាសធាតុផងដែរ។

លោកថា៖ «រដ្ឋាភិបាលគួរតែដាក់បញ្ចូលមេរៀនបម្រែបម្រួលអាកាសធាតុនេះ នៅក្នុងកម្មវិធីសិក្សាថ្នាក់មូលដ្ឋានជាពិសេស​គឺ បឋមសិក្សា […] រដ្ឋាភិបាលគួរដាក់ចេញនូវយន្តការបន្ថែមទៀតក្នុងការជំរុញ​ឱ្យសាលាដាំដើមឈើឱ្យបានច្រើន និង​តាមផ្លូវទៅសាលា និងក្នុងសហគមន៍ ជាពិសេសដើមឈើធំៗដែលអាចជា​ម្លប់បានដើម្បីបង្ការ និងបញ្ជៀសកុំឱ្យសិស្សក្មេងៗ ឬក៏យុវជនប្រឈមមុខជាមួយការបម្រែបម្រួលអាកាសធាតុនេះថែមទៀត»។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា លើកឡើងថា បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហារបស់មនុស្សគ្រប់គ្នាដែលរស់នៅលើពិភពលោក ហើយបើមានផលប៉ះពាល់ គឺមិនមែនប៉ះពាល់តែកុមារ​នោះទេ។

លោកស្រីបញ្ជាក់ថា៖ «កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា តែងតែធ្វើការងារជាច្រើន រឿងទី១ ដែលក្រសួងបានធ្វើទាក់ទងទៅនឹងការបញ្ជ្រាបកម្មវិធីទៅក្នុងសៀវភៅសិក្សាគោល ដើម្បីឱ្យសិស្សានុសិស្សគ្រប់កម្រិត​ថ្នាក់​​បានដឹងអំពី​កត្តាប្រឈមនៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាផលប៉ះពាល់ដែលអាចកើតមាន និងអ្វីដែលម្នាក់អាចចូលរួមបាន»។

លោកស្រីបន្ថែមថា ចំពោះកុមារដែលរស់នៅលើផ្ទះបណ្តែតទឹក​នៅ​តាមដងទន្លេសាប ក្រសួងបាន​យកចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្សានុសិស្ស ដោយបានបញ្ជូនគ្រូទៅបង្រៀន ដោយបង្កើតសាលារៀន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យស្របទៅនឹងតំបន់នៅតាមតំបន់លិចទឹកនោះផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី ឃួន វិច្ឆិកា ស្នើឱ្យពលរដ្ឋកម្ពុជាទាំងអស់យកចិត្តទុកដាក់ក្នុងការថែរក្សាពិភពលោកនេះមានបរិស្ថានល្អគួរឱ្យចង់រស់នៅ តាមរយៈការរស់នៅប្រចាំថ្ងៃដោយគិតគូរជានិច្ចអំពីបរិស្ថានផងដែរ។

គេហទំព័រ New​sroom Cambodia បាន​ទាក់​ទង​​​​សុំ​​ការ​​អត្ថាធិប្បាយជុំវិញករណីនេះ​​​ពី លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែរ ប៉ុន្តែលោកបានឱ្យទំនាក់ទំនងទៅកាន់ លោក សន សុផល អគ្គនាយកដ្ឋានសុខមាលភាពជនពិការ នៃក្រសួងសង្គមកិច្ចវិញ។

គិតមកត្រឹមល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ  គេហទំព័រ New​sroom Cambodia មិនអាច​ទាក់​ទង​​​​សុំ​​ការ​​អត្ថាធិប្បាយជុំវិញករណីនេះ​​​ពីលោក សន សុផល អគ្គនាយកដ្ឋានសុខមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច បានទេ។

បើយោងតាមរបាយការណ៍ «វិបត្តិអាកាសធាតុ គឺជាវិបត្តិនៃសិទ្ធិកុមារ» របស់អង្គការយូនី​សេហ្វ កាលពី​​ឆ្នាំ​២០២១ កម្ពុជាស្ថិតក្នុងចំណោមប្រទេស ១ ភាគ ៣ នៅផ្នែកខាងលើគេ ដែល​​ប្រឈមហានិភ័យខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ។ របាយការណ៍នេះ បានរកឃើញ​ថា កុមារនៅកម្ពុជាប្រឈមមុខខ្ពស់នឹងបញ្ហាខ្វះទឹក គ្រោះទឹកជំនន់តាមដងទន្លេ និងជំងឺឆ្លងតាមមេរោគចម្លង​។ ​ ​នៅក្នុងរបាយការណ៍នេះ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បានលើកឡើង​ថា វិបត្តិអាកាសធាតុកំពុងបង្កផលប៉ះពាល់ដល់មនុស្សគ្រប់រូប ហើយកុមារគឺជាក្រុមងាយរងគ្រោះជាងគេ។ លោកស្រី​បន្តថា កុមារនៅក្នុងពិភពលោក និងកុមារនៅកម្ពុជា ដឹង​ថា​ការ​ប្រែប្រួលអាកាសធាតុ គឺជាកត្តាបង្កការគំរាមកំហែងដល់អនាគតរបស់ពួកគេ ហើយពួកគេកំពុងអំពាវនាវឱ្យមេដឹកនាំពិភព​លោក និងគ្រប់គ្នាចាត់វិធានការ៕