ព្រះសង្ឃ និងយុវជននៃសមាគមបណ្ណាល័យគំនិត បណ្តុះគំនិតកុមារជិត ២០០នាក់ នៅសាលាដូងលើភ្នំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យយល់ពីតម្លៃសីលធម៌ និងអំណាន ដែលជាផ្នែកមួយជួយដល់វិស័យអប់រំ។
ការបណ្តុះគំនិតនេះ ធ្វើឡើងតាមរយៈកម្មវិធីអប់រំសីលធម៌ និងលើកកម្ពស់អំណានដល់កុមារក្រីក្រ និងកំព្រានៅតាមជនបទ ក្នុងនោះក៏មានការផ្តល់ឱ្យកុមារនូវអាវរងា អាហារនៃក្តីស្រឡាញ់ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។
ប្រធានសមាគមបណ្ណាល័យគំនិត ព្រះតេជព្រះគុណ រឹម ណាំឈាវ មានថេរដីកាថា ការប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងស្នូលធំចំនួន៤ ក្នុងនោះមានការបង្កើននូវគុណតម្លៃនៃសីលធម៌ ប្រាជ្ញាស្មារតីដល់យុវជន និងកុមារ, បណ្តុះផ្នត់គំនិតឱ្យយុវជនចូលរួមស្រឡាញ់ និងការពារបរិស្ថានធម្មជាតិ, ផ្សព្វផ្សាយអំពីសីលធម៌តាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់ និងជីវិត និងផ្តល់ក្តីស្រលាញ់ជូនកុមារទាំងអស់គ្នា ដើម្បីស្នាមញញឹម និងក្តីសង្ឃឹម។
ព្រះអង្គមានថេរដីកាថា៖ «យើងដឹងថាការងារសង្គម គឺជាការងាររបស់យើងទាំងអស់គ្នា ដោយមានពាក្យខ្លីមួយថា បញ្ហាសង្គម គឺជាបញ្ហារបស់យើងទាំងអស់គ្នា ចឹងយើងមិនអាចមិនអើពើបានទេ នៅពេលសង្គមកំពុងជួបបញ្ហា»។
ព្រះតេជព្រះគុណ បន្តថា កម្មវិធីនេះ ក៏មានបំណងចង់បណ្តុះផ្តត់គំនិតកុមារ និងយុវជនឱ្យស្រឡាញ់ការសិក្សារៀនសូត្រ ជាពិសេសអំណាន ដូច្នេះហើយទើបសមាគមនាំយកសៀវភៅអាន និងបង្កើតសកម្មភាពនាំក្មេងៗអានសៀវភៅ។
ព្រះអង្គមានថេរដីកាបន្ថែមថា៖ «សូមលើកទឹកចិត្តឱ្យយុវជនទាំងអស់ ក្លាហានក្នុងការចូលរួម ក្លាហានក្នុងការចែករំលែកនូវអ្វីដែលខ្លួនឯងបានដឹង បានឃើញ ជាពិសេសចូលរួមដោះស្រាយនូវបញ្ហាសង្គម គឺជាតួនាទី កាតព្វកិច្ចរបស់យើងក្នុងនាមជាជនសង្គម ព្រោះកាលណាយុវជនចំណាយពេលលើកិច្ចការសង្គម នោះពួកគេនឹងមិនទៅផឹកសុរា គ្រឿងញៀន និងអបាយមុខផ្សេងៗ»។
ចំណែកឯកញ្ញា បូ ស្រីនីត ជានិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា រៀនជំនាញធនាគារ និងហិរញ្ញវត្ថុ ហើយក៏ជាអ្នកស្ម័គ្រចិត្តមួយរូបនៃសមាគមបណ្តាល័យគំនិត យល់ឃើញថា សុខភាព និងការអប់រំកុមារពិតជាមានសារៈសំខាន់ ខណៈបច្ចុប្បន្នជាសម័យឌីជីថល ជាហេតុឱ្យកុមារមួយចំនួនមានទូរស័ព្ទកាន់ពេញដៃតាំងពីក្មេង ដែលនាំឱ្យពួកគេលែងខ្វល់ខ្វាយពីការអានសៀវភៅ ហើយខ្លះទៀតសម្រេចបោះបង់ការសិក្សា នាំឱ្យប្រទេសបាត់បង់ធនធានទំពាំងស្នងឬស្សី។
កញ្ញាបញ្ជាក់ថា៖ «ក្នុងនាមជាយុវតីរស់នៅក្នុងសង្គមបានសង្កេតឃើញថា មានអំពើឃាតកម្ម ហិង្សាមានការកើនឡើងរៀងរាល់ថ្ងៃ ទាំងអស់នោះដោយសារតែពួកគេមិនទទួលបានការអប់រំ បណ្តុះបណ្តាលផ្នត់គំនិត មិនអាចគិតគូរដឹងខុសត្រូវ សេពគប់ខុស ភ្លើតភ្លើនជាច្រើន»។
តំណាងសាលាដូងភ្នំគិរីរម្យ លោកគ្រូ អ៊ុក ឧត្តម បានលើកឡើងថា កន្លងមក សាលាបានបណ្តុះបណ្តាល និងបង្ហាត់បង្រៀនជាច្រើនមុខវិជ្ជា ដូចជា ភាសាខ្មែរ គណិត អង់គ្លេស និងកុំព្យូទ័រជាដើម អាស្រ័យទៅលើកម្រិតសមត្ថភាពរបស់សិស្ស ហើយកិច្ចការបង្រៀនទាំងអស់នេះ ដំណើរការទៅបាន ព្រោះមានមហាជនខ្មែរបានបរិច្ចាគថវិកា ដើម្បីផ្តល់ជាប្រាក់ខែដល់គ្រូបង្រៀន។ ជាមួយនេះ លោកថា ក៏មានសប្បុរជនមួយចំនួនទៀត បានមកដល់សាលាផ្ទាល់ ដើម្បីធ្វើកម្មវិធីនានា ដូចជាការលើកទឹកចិត្ត អប់រំសីលធម៌ និងចែកសម្ភារៈដល់កុមារៗជាដើម។
លោកបញ្ជាក់ថា៖ «កាលដែលសាលាបង្កើត៦ឆ្នាំមកនេះ យើងពិតជាមិនអាចប្រកែកបានទេ ថាក្មេងមួយចំនួនដែលគាត់ទម្លាប់សុំទានគេ លុតជង្គង់សុំគេតាមថ្នល់ហ្នឹង [ប៉ុន្តែបច្ចុប្បន្ន]ត្រូវបានកាត់បន្ថយសឹងមួយរយភាគរយហើយ ហើយក្មេងៗប្តូរពីទម្លាប់សុំគេ មកពាក់ឯកសណ្ឋានសិស្សចូលសាលា នេះក៏ព្រោះសប្បុរជនមកចូលរួមជួយឧបត្ថម្ភ ដូចថ្ងៃនេះ ខាងសមាគមបណ្ណាល័យគំនិតជាដើម»។
កុមារី ទ្រី រក្សា រៀនថ្នាក់ទី៥ បានឱ្យដឹងថា រូបគាត់បានចូលរៀននៅសាលាដូង តាំងពីសាលានេះបង្កើតដំបូងអំឡុងឆ្នាំ២០១៧ តែចូលរៀនដំបូងៗរូបគាត់មិនចង់រៀនទេ ព្រោះរវល់ទៅធ្វើផ្លូវ ដើម្បីសុំថវិកាពីភ្ញៀវទេសចរណ៍។ តែយ៉ាងណា កុមារីរូបនេះថា នៅពេលឃើញសប្បុរជនច្រើនផ្តល់ការអប់រំផ្សេងៗ និងសារសំខាន់នៃការសិក្សា ព្រមទាំងមានជាអំណោយផងនោះ ជាហេតុផលជំរុញរូបគាត់ យល់ឃើញអំពីតម្លៃនៃការសិក្សា និងប្រឹងប្រែងរៀនសូត្រវិញ។
កុមារី ទ្រី រក្សា បញ្ជាក់ថា៖ «ខ្ញុំរីករាយណាស់ ដែលបានឃើញបងៗមកដល់សាលាដូង ហើយចែករំលែកចំណេះដឹង និងនិយាយរឿងផ្សេងៗឱ្យពួកយើងស្តាប់ ហើយខ្ញុំនៅពេលអនាគតចង់ដូចពួកបងៗដែរ»។
សូមបញ្ជាក់ថា សាលាដូង បានសាងសង់ឡើងនៅដើមឆ្នាំ២០១៧ លើផ្ទៃដី ១ហិកតា សម្បទានដោយរដ្ឋ។ សាលានេះ បង្រៀនសិស្សកម្រិតបឋមសិក្សា គឺចាប់ពីថ្នាក់ទី១ ដល់ទី៦ ដែលបច្ចុប្បន្នមានសិស្សានុសិស្សកំពុងសិក្សាចំនួន ១៨១នាក់។
បើតាមលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ បានសាងសង់សាលានេះឡើងក្រោមគោលគំនិតធំៗចំនួន២ គឺកែច្នៃសំរាម និងចូលរួមបណ្ដុះចក្ខុវិស័យដល់កុមារ៕