មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា កម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើក្រុមហ៊ុន Vingroup របស់ប្រទេសវៀតណាម ដែលចង់បើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី នៅរាជធានីខេត្តចំនួន ៣ នៅក្នុងប្រទេសកម្ពុជានោះទេ។
ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣ មានបណ្តាយផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គីសនីចំនួន ២ ៥០០គ្រឿង នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលធ្វើឱ្យសាធារណជនមួយចំនួន យល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នោះ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។
ប៉ុន្តែអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖«នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ»។
អ្នកបើកបររថយន្តតាក់ស៊ីនៅកម្ពុជាម្នាក់ លោក យឺន បញ្ញាវណ្ណ វ័យ ៥៧ឆ្នាំ បានសាទរដែលរដ្ឋាភិបាលកម្ពុជា មិនបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនរបស់វៀតណាមមកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជា។ លោកថា ប្រសិនបើមានការអនុញ្ញាតលើសំណើនេះ នោះនឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានមុខរបរជាអ្នកបើករថយន្តឈ្នួល។
លោកថ្លែងថា៖«រឿងហ្នឹងតាមដែលខ្ញុំយល់ប៉ះពាល់ដល់ទៅអាជីវកម្មចំពោះអ្នករត់តាក់ស៊ីជាប្រចាំហ្នឹង សម្រាប់ខ្ញុំមានតែភ្ញៀវពីប្រទេសផ្សេងអីទៅ ខ្ញុំទៅតាមប្រលានអីចឹង និងអ្នកសិទ្ធិស្នាល ប្រសិនជាអ្នក[នោះបើករថយន្តឈ្មួលរកស៊ីជា]ប្រចាំ[ថ្ងៃ]អីអាចប៉ះពាល់។ តែ ២ ៥០០គ្រឿង វាធ្លាក់មកដល់ណា ចង់មិនចង់វាមានការប៉ះពាល់ ព្រោះអីអាជីវកររបស់យើងម្នាក់ៗ មានតែរត់តាក់ស៊ី»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ជារឿងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលរដ្ឋាភិបាលមិនបានផ្តល់គោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាម បើកក្រុមហ៊ុនតាក់ស៊ីដោយប្រើអគ្គិសនីចូលក្នុងប្រទេស ខណៈប្រជាពលរដ្ឋដែលប្រកបរបរបើករថយន្តតាក់ស៊ី ឬរថយន្តឈ្នួល កំពុងតែជួបបញ្ហាចំណូលធ្លាក់ចុះ។
លោកបានថ្លែងថា៖«បើរដ្ឋភិបាលឱ្យក្រុមហ៊ុនតាក់ស៊ីវៀតណាម វិនិយោគនៅស្រុកខ្មែរ ខ្ញុំយល់ឃើញថា វាមិនទាន់ពេលវេលាដល់កម្រិតហ្នឹងទេ ព្រោះប្រជាពលរដ្ឋខ្មែរ អ្នកប្រកបមុខរបរដឹកជញ្ជូន អ្នករត់រម៉ក[កង់បី]ក្តី ប្រាក់ចំណូលកំពុងធ្លាក់ចុះ និងអតិថិជន។ ប្រសិនជាយើង[ឱ្យ]វិនិយោគលើមុខរបរពួកគាត់ដែរ អានឹងមានន័យថា គឺកំពុងតែដណ្តើមច្បាំងច្បោះប្រជាពលរដ្ឋប្រកបមុខរបរដឹកជញ្ជូនហ្នឹងហើយ អីចឹងខ្ញុំគិតថា រដ្ឋាភិបាលគិតពិចារណាឱ្យបានខ្ពស់ទាក់ទងការវិនិយោគមួយៗ ថាប៉ះពាល់យ៉ាងណាចំពោះពលរដ្ឋខ្មែរ។ ចំណេញ ឬក៏ខាត លោកគិតច្បាស់លើចំណុចហ្នឹងផងដែរ»៕