មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា កម្ពុជា មិន​បានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើ​ក្រុម​ហ៊ុន Vingroup របស់ប្រទេសវៀត​ណាម ដែលចង់បើកក្រុមហ៊ុន​តាក់ស៊ីដោយប្រើរថយន្ត​អគ្គិសនី នៅរាជធានីខេត្តចំនួន ៣ នៅក្នុងប្រទេសកម្ពុជានោះទេ។

ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើង​ថា កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣ មានបណ្តាយផ្សព្វផ្សាយព័ត៌មាន​មួយចំនួន បានផ្សព្វផ្សាយថា ក្រុម​ហ៊ុន Vingroup របស់វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយ​ប្រើរថយន្តអគ្គីសនីចំនួន ២ ៥០០​គ្រឿង នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលធ្វើឱ្យសាធារណជន​មួយចំនួន យល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្ម​នៅកម្ពុជា ក្នុងឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់​អ្នកនាំពាក្យ បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នោះ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។

ប៉ុន្តែអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖«នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់​គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ»។

អ្នកបើកបររថយន្តតាក់ស៊ីនៅកម្ពុជាម្នាក់ លោក​​​​ យឺន បញ្ញាវណ្ណ វ័យ ៥៧ឆ្នាំ បានសាទរដែលរដ្ឋាភិបាល​កម្ពុជា មិនបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនរបស់​វៀតណាមមកវិនិយោគ​បើកក្រុមហ៊ុន​តាក់ស៊ីនៅកម្ពុជា។ លោកថា ប្រសិនបើមានការអនុញ្ញាតលើ​សំណើនេះ នោះនឹងធ្វើឱ្យ​ប៉ះ​ពាល់​ដល់​អាជីវកម្ម និងជីវភាព​របស់​​ប្រជាពលរដ្ឋ​ខ្មែរ ដែលមានមុខរបរជាអ្នកបើករថយន្តឈ្នួល។   

លោកថ្លែងថា៖«រឿងហ្នឹង​តាមដែលខ្ញុំយល់​ប៉ះពាល់ដល់ទៅអាជីវកម្ម​ចំពោះអ្នករត់តាក់ស៊ីជាប្រចាំ​ហ្នឹង សម្រាប់​ខ្ញុំមាន​តែ​ភ្ញៀវពីប្រទេសផ្សេងអីទៅ​ ខ្ញុំទៅតាម​ប្រលាន​អីចឹង និងអ្នកសិទ្ធិស្នាល ប្រសិនជាអ្នក[នោះបើករថយន្តឈ្មួល​រកស៊ីជា​]ប្រចាំ[ថ្ងៃ]អីអាចប៉ះពាល់។ តែ ២ ៥០០គ្រឿង វាធ្លាក់មកដល់ណា​ ចង់មិនចង់​វាមានការ​ប៉ះពាល់ ព្រោះអីអាជីវករ​របស់​យើងម្នាក់ៗ មានតែរត់តាក់ស៊ី»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍​ថា ជារឿងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលរដ្ឋាភិបាលមិនបានផ្តល់គោលការណ៍អនុ​ញ្ញាត​ឱ្យ​ក្រុមហ៊ុនវៀតណាម បើកក្រុមហ៊ុនតាក់ស៊ីដោយប្រើអគ្គិសនី​ចូលក្នុងប្រទេស ខណៈប្រជា​ពលរដ្ឋដែល​ប្រកប​របរបើករថយន្តតាក់ស៊ី ឬរថយន្តឈ្នួល កំពុងតែជួបបញ្ហាចំណូលធ្លាក់ចុះ។

លោកបានថ្លែងថា៖«បើរដ្ឋភិបាលឱ្យ​ក្រុមហ៊ុនតាក់ស៊ី​វៀតណាម វិនិយោគនៅស្រុកខ្មែរ ខ្ញុំយល់​ឃើញ​ថា វា​មិន​ទាន់ពេលវេលាដល់កម្រិត​ហ្នឹង​ទេ ព្រោះប្រជាពលរដ្ឋខ្មែរ អ្នកប្រកបមុខរបរដឹក​ជញ្ជូន អ្នករត់រម៉ក[កង់បី]ក្តី ប្រាក់ចំណូលកំពុងធ្លាក់ចុះ និងអតិថិជន។​ ប្រសិនជាយើង[ឱ្យ​]វិនិយោគលើ​​មុខរបរ​ពួកគាត់ដែរ អានឹងមានន័យថា គឺកំពុងតែដណ្តើមច្បាំងច្បោះប្រជាពលរដ្ឋប្រកប​មុខរបរដឹកជញ្ជូនហ្នឹង​ហើយ អីចឹងខ្ញុំគិតថា រដ្ឋាភិបាល​គិតពិចារណាឱ្យ​បាន​ខ្ពស់ទាក់​ទង​ការ​វិនិយោគមួយៗ ថា​ប៉ះពាល់យ៉ាងណាចំពោះពលរដ្ឋខ្មែរ។ ចំណេញ ឬក៏ខាត លោកគិតច្បាស់លើចំណុចហ្នឹង​ផងដែរ»៕