សមាសភាពក្បាលម៉ាស៊ីននៃ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបចូលកាន់តំណែង​ថ្មី ប្តេជ្ញាអនុវត្តតាមច្បាប់ជាធរមាន ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ឱ្យប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ក្នុងអាណត្តិថ្មី​ចំនួន ០៩រូប មកពី ៣ភាគី ក្នុងនោះមាន ៤រូប​ មក​ពីគណបក្សប្រជាជនកម្ពុជា, ៤រូបមក​ពីគណបក្សហ៊្វុនស៊ិនប៉ិច និង​មួយ​​រូប​ទៀត ​តំណាងឱ្យតួអង្គឯករាជ្យ បានស្បថ និង​ចូលកាន់តំណែងជាផ្លូវការ។ ការ​ជ្រើស​រើស​សមាស​ភាព​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រៀប​ចំ ​គ.ជ.ប សាជា​ថ្មី ក្រោយពី​​គណបក្ស​ហ៊្វុន​​ស៊ិន​ប៉ិច​ឈ្នះ​បាន ​៥​អាសនៈ ​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​ ១២៥ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែកក្កដា ឆ្នាំ​២០២៣។

យោងតាមព្រះរាជក្រឹត្យ ចេញផ្សាយនៅ​ថ្ងៃ​ទី១៣ ខែធ្នូនេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង ​លោក​ ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក ជឺ ចំណាន ជា​អនុ​ប្រធាន លោក មាស សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជា​សមាជិក ក្នុងថ្នាក់​នាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតអាណត្តិទី៩​ថ្មី។

ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្លែងថា យោងតាមស្មារតីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យមួយត្រូវបានបង្កើតឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨ ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនានានៅកម្ពុជា ហើយបើគិតមកដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិនេះ បានរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងសកល ទាំងអសកល បានចំនួន ១៧លើករួចមកហើយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន។

លោកថ្លែងថា៖«ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី ខ្ញុំសូមធ្វើការប្តេជ្ញាយ៉ាងមោះមុតប្រកបដោយការទទួលខុសត្រូវខ្ពស់ថា រូបខ្ញុំ រួមជាមួយនឹងឯកឧត្តមអនុប្រធាន និងឯកឧត្តមសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់តាមការកំណត់នៃច្បាប់ ឱ្យបានកាន់តែប្រសើរឡើងស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តធម៌ និងបង្កើន​ការ​ជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា»។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើងថា គ.ជ.ប ជាស្ថាប័នចាត់តាំងមួយដោយឯករាជ្យ និងអព្យាក្រឹត ក្នុងការរៀបចំដំណើការបោះឆ្នោត តាមតួនាទី កាតព្វកិច្ច ភារកិច្ច ផ្អែកទៅលើច្បាប់ជាធរមាន។ លោកបន្តថា ទោះបីមានគណបក្សប្រឆាំងមួយចំនួន ចោទថា គ.ជ.ប មិនឯករាជ្យយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេល គ.ជ.ប អនុវត្តតាមភារកិច្ច និងកាតព្វកិច្ច ដែលច្បាប់បានចែង នោះហើយជាអព្យាក្រឹតរបស់ គ.ជ.ប។

លោកបន្ថែមថា៖«ខ្ញុំយល់ថា បើគេ[គ.ជ.ប]អនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់គេ ហើយអនុវត្តត្រឹមត្រូវតាម​នីតិវិធីដែលមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោត ចឹងអាហ្នឹងវាបញ្ជាក់ពីឯករាជ្យភាព និងអព្យាក្រឹតភាពរបស់គ.ជ.បហើយ»។

អ្នកនាំពាក្យ​គណបក្សហ៊្វុន​ស៊ិន​ប៉ិច លោក ញឿន រ៉ាដែន ប្រាប់​Newsroom Cambodia​ថា គណបក្សនឹងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះសមាសភាពទាំង៤រូប នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកពីកូតាខាងគណបក្សហ៊្វុន​ស៊ិន​ប៉ិច ដោយ​ធ្វើយ៉ាងណាធានាឱ្យស្ថាប័នមួយនេះ អាចបម្រើឱ្យគ្រប់គណបក្សនយោ​បាយ និងប្រជាពលរដ្ឋគ្រប់រូបអាចជឿទុកចិត្តបាន។

លោកអះអាងថា៖«ខិតខំយ៉ាងណា ឱ្យស្ថាប័ន[គ.ជ.ប]មួយនេះ កាន់តែទទួលបាននូវការទុកចិត្តពីប្រជារាស្ត្រខ្មែរ ក៏ដូចជាគ្រប់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ»។

តាមមាត្រា​៣ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចែងថា គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ សមាជិកទាំងឡាយនៃ គ.ជ.ប គ្រប់លំដាប់ថ្នាក់ ត្រូវមានជំហរអព្យាក្រឹតឥតលម្អៀងក្នុងការអនុវត្តការងារបោះឆ្នោត។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា និចហ្វិក លោក សំ គន្ធាមី រំពឹង​ថា សមាសភាពថ្នាក់ដឹកនាំ​​ គ.ជ.ប ​ថ្មី នឹងដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតនេះបាន​​ល្អ​ប្រសើរ​ក្នុង​អាណត្តិ​នេះ ព្រោះ​ថា សមាជិក​ទាំង​​នោះមកពីគណបក្សចម្រុះក្នុងរដ្ឋសភា​ និងមាន​តំណាងតួអង្គឯករាជ្យ។ លោក​បន្ត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ត្រូវ​តែ​អនុវត្ត​ច្បាប់ និង​ធានា​ថា ស្ថាប័ន​នេះ​មាន​ភាព​ឯករាជ្យ។

លោកបញ្ជាក់ថា៖ «ខ្ញុំ​សង្ឃឹម​ថា សមាជិក គ.ជ.ប ដែល​ចេញ​គណបក្ស​ទាំង​ពីរ​នៃ​រដ្ឋសភា​ហ្នឹង អនុវត្ត​ទៅ​តាម​គោលការណ៍​ច្បាប់ ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត គោរព និង​ឆន្ទៈ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​សមាជិក គ.ជ.ប ដែល​ជា​គណៈកម្មាធិការ​ឯករាជ្យ​រៀបចំ​ការ​បោះ​ឆ្នោត»។

សូមរំលឹកថា សមាស​ភាព​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ស្ថាប័ន​ គ.ជ.ប ​ទាំង ​៩រូប ​មាន​អាណត្តិ​បំពេញ​ការងារ​រយៈ​ពេល​ ៥​ឆ្នាំ ប៉ុន្តែ​ក្នុង​ករណី​ដែល​ខក​ខាន​មិន​បាន​រៀប​ចំ​សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​គឺ​សមាស​ភាព​មាន​ស្រាប់​ ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ត​ទៀត ​និង​មាន​សមត្ថ​កិច្ច ដើម្បី​ចាត់​ចែង​រៀបចំ​ការ​បោះ​ឆ្នោត​ស្រប​តាម​ច្បាប់​ជា​ធរមាន។ នេះ​បើ​យោង​តាម​ច្បាប់​ស្តី​ពី ​«ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត» ឆ្នាំ២០១៥៕