យុវជននៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន បានលើកឡើងពីក្តីកង្វល់របស់ពួកគេ និងទទូចស្នើសុំឱ្យមានប្រព័ន្ធគាំពារសង្គមផ្នែកសេវាថែទាំសុខភាពសម្រាប់ពួកគេ កំឡុងពេលដែលពួកគេកំពុងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
ការលើកឡើងនេះ បានធ្វើឡើងក្នុងវេទិកាយុវជន ស្ដីពី «តម្រូវការប្រព័ន្ធការគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់យុវនិស្សិតតាមគ្រឹះស្ថានឧត្តមសិក្សា» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការសហការរវាងបណ្តាញសមាគមយុវជនកម្ពុជា(CYN) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)។
កញ្ញា រៀម ស្រីពេជ្ររតនា ជានិស្សិតសិក្សាជំនាញច្បាប់ ឆ្នាំទី១ នៅពុទ្ធិកសកលវិទ្យាល័យ មានប្រសាសន៍ថា ប្រព័ន្ធគាំពារសង្គម គួរតែផ្ដល់អាទិភាពទៅដល់យុវជន ដោយកញ្ញាមើលឃើញថា និស្សិតដែលមកបន្តការសិក្សានៅរាជធានីភ្នំពេញភាគច្រើនមកពីតាមបណ្ដាខេត្តនានា ហើយបើពួកគាត់ទទួលបានការគាំពារផ្នែកសេវាសុខភាពនោះ វានឹងក្លាយជាការសម្រួលបន្ទុកមួយដ៏ធំសម្រាប់ពួកគាត់។
កញ្ញាថា៖«យើងដឹងហើយថាអ្នកដែលមកពីតាមខេត្តភាគច្រើនយើងមិនសូវមានធនធាននោះទេ។ ភាគច្រើនដែលខ្ញុំឃើញនោះ គឺពួកគាត់ធ្វើការផងនិងសិក្សាផង ពេលពួកគាត់មានការឈឺថ្កាត់ ខ្ញុំជឿថាពួកគាត់មិនហ៊ានចំណាយច្រើនទៅលើការព្យាបាលជំងឺនោះទេ ដូចនេះប្រសិនបើមានប្រព័ន្ធគាំពារមួយផ្នែកសេវាសុខភាពដែលអាចឱ្យពួកគាត់ទៅព្យាបាលជំងឺ ដោយមិនចាំបាច់ព្រួយបារម្ភថាមានថវិកាឬក៏អត់នោះ ខ្ញុំគិតថា វាជាផ្នែកមួយដែលសំខាន់ដែលជំរុញទៅដល់ការសិក្សារបស់ពួកគាត់ផងដែរ»។
ជាក្តីរំពឹងទុក កញ្ញា រតនា គិតថា បន្ទាប់ពីការស្នើសុំជាច្រើនលើកច្រើនសារមកនេះ រាជរដ្ឋាភិបាល នឹងគិតគូរពិចារណា និងរំលេចជារូបរាងឡើងនូវអ្វីដែលសិស្សនិស្សិត ក៏ដូចជាសង្គមស៊ីវិលបានស្នើកន្លងមក។ កញ្ញាសង្ឃឹមថា យុវជននឹងត្រូវបានគេចាត់ទុកជាក្រុមគោលដៅសម្រាប់ទទួលបានកិច្ចគាំពារសង្គមនេះផងដែរ។
ជានិស្សិតរៀនផ្នែកនីតិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច កញ្ញា រឹម សៀវម៉ី បាននិយាយថា វានឹងក្លាយជាការសម្រួលមួយដ៏ធំសម្រាប់សេដ្ឋកិច្ចរបស់យុវជន ប្រសិនបើពួកគេអាចទទួលបានសេវាសុខភាពដោយឥតគិតថ្លៃតាមរយៈប័ណ្ណ បសស។ កញ្ញាបន្តថា នៅពេលដែលប្រទេសជាតិមួយមានយុវជនដែលជាធនធានមានសុខភាពល្អ រឹងមាំ នោះប្រទេសជាតិនោះក៏នឹងមានការរីកចម្រើនដូចគ្នា ដោយសារតែយុវជនគឺជាកម្លាំងចលករដ៏សំខាន់នៅក្នុងការជំរុញការអភិវឌ្ឍនៅក្នុងប្រទេសជាតិនីមួយៗ។
កញ្ញាថា៖«ប្រសិនបើពួកយើងបានទទួលនូវសេវាគាំពារសង្គមមួយនេះ វានឹងផ្ដល់ភាពងាយស្រួលកាន់តែច្រើនដល់ពួកយើង ដោយពួកយើងមិនចាំបាច់បារម្ភនៅក្នុងការត្បិតត្បៀតការចំណាយរបស់ពួកគាត់ ដើម្បីទុកលុយទៅមើលជំងឺនោះទេ។ វាបង្កភាពងាយស្រួលទៅដល់កត្តាសេដ្ឋកិច្ចរបស់យុវជនយ៉ាងមួយចំណែកធំ»។
ជាអតីតអ្នកសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ និងជាបុគ្គលិកអង្គការមួយដែលសុំមិនបញ្ចេញឈ្មោះ លោក នី វាសនា មានប្រសាសន៍ក្នុងវេទិកាយុវជននេះដែរថា ជាគោលការណ៍ យុវជន គឺត្រូវទទួលបាននូវការគាំពារមួយនេះ ប៉ុន្តែស្ថាប័នរដ្ឋមិនទាន់មានជាយន្តការណាមួយសម្រាប់ឱ្យសិស្សនិស្សិតអាចទទួលបានប័ណ្ណ បសស នៅឡើយទេ។
លោកបញ្ជាក់ថា ចំពោះអ្នកមានការងារធ្វើពួកគាត់ចូលតាមយន្តការច្បាប់ការងារ ហើយអ្នកដែលប្រកបអាជីវកម្មផ្ទាល់ខ្លួន ពួកគាត់ចូលតាមយន្តការបុគ្គលស្វ័យនិយោជ ខណៈអ្នកដែលកាន់ប័ណ្ណ បសស ហើយមានកូនក្នុងបន្ទុកពួកគាត់ចូលតាមយន្តការកញ្ចប់គ្រួសារ។ ដោយឡែកនិស្សិតដែលមានអាយុ ១៨ឆ្នាំឡើង មិនទាន់មានជាយន្តការជាក់លាក់ណាមួយសម្រាប់ឱ្យពួកគាត់បានទទួលនូវសេវាគាំពារសង្គមនេះនៅឡើយទេ។ លោក វាសនា ថាពេលដែលនិស្សិតទទួលបានប័ណ្ណ បសស ពួកគាត់នឹងត្រូវបានជួយសម្រួលច្រើនទាក់ទងទៅនឹងផ្នែកទាក់ទងសុខភាព និងហិរញ្ញវត្ថុផងដែរ។
លោកថា៖«ខ្ញុំចង់បញ្ជាក់ថា អ្នកទាំងអស់គ្នាគឺសុទ្ធតែត្រូវបានទទួលនូវប័ណ្ណ បសស ប៉ុន្តែស្ថាប័នរដ្ឋមិនទាន់មានយន្តការណាមួយជាក់លាក់ សម្រាប់ឱ្យអ្នកទាំងអស់គ្នាចូលទៅតាមសម្រួល និងមានភាពងាយស្រួលទាំងអស់គ្នាទេ»។
ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម (បសស) លោក សុក បូរ៉ា បានលើកឡើងថា ប្រព័ន្ធរបបសន្តិសុខសង្គមនៃបេឡាជាតិ បានគ្រប់ដណ្ដប់ស្ទើរគ្រប់អាយុនៃមនុស្សហើយ។ ដោយឡែក លោកថា ក្រុមយុវជនដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ឬយុវជនដែលមានអាយុ១៨ឆ្នាំឡើងដែលមិនស្ថិតក្នុងបន្ទុកគ្រួសារតទៅទៀត នឹងក្លាយជាក្រុមគោលដៅបន្ទាប់។
លោកថា៖«បសស គឺមានសម្រាប់មនុស្សស្ទើរតែគ្រប់គ្នាហើយ ចំពោះគោលដៅបន្ទប់របស់យើងហ្នឹងគឺធ្វើទៅលើសិស្សនិស្សិតហ្នឹងឯង»។
មន្ត្រីគម្រោងនៃកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) កញ្ញា ស៊ូ ម៉ាល័យ មានប្រសានស៍ថា ប្រព័ន្ធគាំពារសង្គម គឺត្រូវគាំពារទៅលើមនុស្សគ្រប់រូប ចាប់តាំងពីពេលដែលពួកគេចាប់កំណើតរហូតដល់អស់ជីវិតទៅវិញ។ កញ្ញាបញ្ជាក់ថា ចំពោះនិស្សិតដែលរៀននៅតាមសាកលវិទ្យាល័យ ប្រព័ន្ធគាំពារសង្គម គឺជាផ្នែកមួយសំខាន់នៅក្នុងការគាំពារ និងធានានូវសុខុមាលភាពទៅដល់ពួកគាត់ ដោយសារតែពួកគាត់ក៏មានការប្រឈមទៅនឹងបញ្ហាសុខភាព និងបញ្ហាសេដ្ឋកិច្ច ដូចពលរដ្ឋទូទៅដែរ។
កញ្ញាថា៖«ប្រព័ន្ធគាំពារសង្គមសំខាន់ណាស់សម្រាប់សិស្សនិស្សិត គឺអាចជួយគាំពារពួកគាត់ ជាពិសេសផ្នែកថែទាំសុខភាពសម្រាប់ពួកគាត់ កំឡុងដែលពួកគាត់បន្តការសិក្សានៅសាកលវិទ្យាល័យហ្នឹង គឺជួយពួកគាត់បានច្រើនណាស់ ដោយគាត់មិនចាំបាច់បារម្ភនៅពេលដែលគាត់ឈឺ គាត់ត្រូវទៅពេទ្យ និងត្រូវចំណាយថវិកា»។
កញ្ញាបានជំរុញទៅរដ្ឋាភិបាល គួរតែមានគោលនយោបាយគាំពារដែលគិតគូរទៅដល់សិស្សនិស្សិត ដោយហេតុថាយុវជនគឺជាសរសរទ្រូងនៃប្រទេសជាតិ ហើយក៏ជាធនធានមួយសំខាន់ជំរុញទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាស្តីអំពី តម្រូវការប្រព័ន្ធការគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់យុវនិស្សិតតាមគ្រឹះស្ថានឧត្តមសិក្សា គឺធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនបានឈ្វេងយល់ពី សារៈប្រយោជន៍នៃប្រព័ន្ធគាំពារសង្គមផ្នែកថែទាំសុខភាព និងស្វែងរកមតិគាំទ្រក្នុងការបញ្ចូលយុវជនទៅក្នុងប្រព័ន្ធគាំពារសង្គមរបស់រដ្ឋ ដើម្បីឱ្យពួកគេមានឱកាសទទួលបានកិច្ចគាំពារដូចក្រុមផ្សេងទៀតដែរ៕