គណបក្សកម្លាំងជាតិស្នើ​រដ្ឋាភិបាលជួយពិនិត្យ និង​ដោះស្រាយវិបត្តិ​បំណុល​របស់ពលរដ្ឋ​ដែល​បាន​ខ្ចី​ពី​គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនក្នុងស្រុក​​ដែលគ្មានលទ្ធភាពសងបំណុលត្រលប់ទៅវិញ ។

យោងតាមលិខិតរបស់គណបក្សកម្លាំងជាតិ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា​ ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាបច្ចុប្បន្ន បាន​ជះ​ផល​អវិជ្ជមានយ៉ាងខ្លាំង​ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងប្រឈមមុខវិបត្តិបំណុលវ័ណ្ឌក​ ដោយ​សារ​គ្មាន​លទ្ធភាព​សង​បំណុលត្រលប់ទៅគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគាឯកជន។

លិខិតបន្តថា៖ «ការណ៍នេះ គ្រួសារដែលកំពុងជំពាក់បំណុលវ័ណ្ឌក ប្រឈមនឹងការបង្ខំរឹបអូសទ្រព្យ​សកម្ម​របស់ពួកគាត់ ដើម្បីទូរទាត់បំណុល ពីព្រោះគ្រប់ប្រភេទនៃគ្រមោង​ប្រាក់​កម្ចី គឺសុទ្ធតែដាក់តម្កល់នូវប្លង់រឹងបញ្ជាក់ពីកម្មសិទ្ធិទ្រព្យសម្បត្តិសកម្ម​នៅគ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន ដូចជា ប្លង់ផ្ទះ និងប្លង់ដីស្រែចំការជាដើម»។​

ក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកនេះ គណបក្សកម្លាំងជាតិ យល់ថា រាជរដ្ឋាភិបាល គួរប្រើប្រាស់បំណុលសាធារណៈរបស់រដ្ឋ (Public Debts) ដើម្បីយកទៅដោះស្រាយវិបត្តិបំណុល​​វ័ណ្ឌករបស់​ប្រជាពលរដ្ឋ ជាពិសេសគ្រួសារកសិករ។ 

ជាមួយគ្នានេះដែរ គណបក្សនេះថា រាជរដ្ឋាភិបាល គួរបង្កើតគោលនយោបាយស្តីពីការអនុគ្រោះបញ្ចុះអត្រាការប្រាក់ រួមទាំង​ពន្យារពេលសងបំណុលត្រលប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនវិញ យ៉ាងតិចណាស់ចំនួន២(ពីរ)ឆ្នាំ ចំពោះប្រជាពលរដ្ឋដែលជំពាក់បំណុលវ័ណ្ឌក និង​​គួរជំរុញឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាសហគ្រាសសាធារណៈរបស់រដ្ឋ រៀបចំគម្រោងផ្តល់ហិរញ្ញប្បទានបៃតងផ្នែកកសិកម្មសម្រាប់ផ្តល់ជូនគ្រួសារកសិករដែលកំពុងជំពាក់បំណុលវ័ណ្ឌក ដើម្បីបានខ្ចីប្រាក់​កម្ចីដែលមានអត្រាការប្រាក់ទាបបំផុត បើធៀបនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ​ឯកជន ដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីធានា​ឱ្យកសិកររាប់លានគ្រួសារ មានជីវភាពរស់នៅធូរធារ និងថ្លៃថ្នូរ។

ករណីនេះ គណបក្សកម្លាំងជាតិបានស្នើប្រមុខរដ្ឋាភិបាលថា៖ «សូមសម្តេចមហាបវរធិបតី [ហ៊ុន ម៉ាណែត]នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា មេត្តាពិនិត្យលទ្ធភាព ដោះស្រាយវិបត្តិបំណុលវ័ណ្ឌក ក្នុងចំណោមប្រជាពលរដ្ឋដែលបានខ្ចីប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនក្នុងស្រុក»។

បើតាមលិខិតរបស់គណបក្សកម្លាំងជាតិ គិតមកដល់ឆ្នាំ២០២៣នេះ មានពលរដ្ឋខ្មែរប្រមាណ៣​លានគ្រួសារ ឬស្មើនឹង៧៣ភាគរយនៃគ្រួសារសរុបជាង ៤លានគ្រួសារ ​​ជំពាក់បំណុល​គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន ដែលមានទំហំបំណុលសរុបលើសពាក់​កណ្ដាល​នៃផលិតផលសរុបក្នុងស្រុក(GDP)។

ស្ថាបនិកគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី មានប្រសាសន៍នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះថា ការដែល​គណបក្សស្នើទៅរដ្ឋាភិបាល ជួយដោះស្រាយបញ្ហានេះ ដោយ​សារតែមានការ​សិក្សាស្រាវជ្រាវមួយ រកឃើញថា ពលរដ្ឋដែលជំពាក់បំណុលគ្រិះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធានាគារឯកជនទាំងនោះ មិនមានលិទ្ធភាពសងត្រលប់ទៅវិញ។ តែយ៉ាងណាលោកថានៅមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលនោះទេមកដល់ថ្ងៃនេះ ។

លោកលើកឡើងថា៖ «ដោយសារយើងបានសិក្សាស្រាវជ្រាវ យើងទទួលបានការស្នើសុំពីប្រជាពលរដ្ឋដែលជំពាក់បំណុលគេជាច្រើនទើបយើងស្នើ​រដ្ឋាភិបាលពិនិត្យ​លទ្ធភាព និងដោះស្រាយជនពលរដ្ឋ» 

Newsroom Cambodia មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរាជ​រដ្ឋាភិបាលលោក ប៉ែន បូណា បានទេ។​

នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា នៅពេលមានការស្នើសុំណាមួយពីប្រជាពលរដ្ឋអង្គការ សមាគម ឬ​គ្រប់​​ភាគីទាំងអស់ រដ្ឋាភិបាលត្រូវតែពិនិត្យ និងឆ្លើយតប​ ហើយរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​​ព័ន្ធ​ផ្សេងទៀត គួរតែពិនិត្យស្វែងរកការពិត​ថាតើពលរដ្ឋរាល់ថ្ងៃកំពុងជួបផល​លំបាកអ្វីខ្លះ​ជាមួយបំណុល។

លោកបន្តថា ការជំពាក់បំណុលវ័ន្តកធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់ជីវភាពគ្រួសារ ដែលធ្វើឱ្យគ្រួសារខ្លះត្រូវចំណាកស្រុក ហើយករណីខ្លះបានធ្វើឱ្យប៉ះទៅដល់កុមារ ដែលនាំឱ្យ​ពួក​​គេត្រូវ​ឈប់​រៀន និងទៅជួយ​ធ្វើការឪពុកម្តាយ ដើម្បីរកប្រាក់មកជួយដោះស្រាយបំណុលគ្រួសារ ខណៈ​គ្រួសារខ្លះទៀត​​​ត្រូវ​កាត់បន្ថ​យ​​របប​អាហារ​ ដើម្បីសន្សំលុយទុកសង​ត្រលប់ទៅធនាគារវិញ។

លោក​លើកឡើងថា៖ «យើងឃើញថា ថ្មីៗនេះធនាគារជាតិមានការចេញការណែនាំមួយនៅខេត្ដសៀមរាប សុំឱ្យធនាគារឬមីក្រូហិរញ្ញវត្ថុហ្នឹងរៀបកម្ចីឡើងវិញ សម្រាប់វិស័យទេសចរណ៍ ចឹងយើងក៏ចង់ឃើញប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេសដែលជបការលំបាកជាមួយបញ្ហាបំណុល មានការសម្រួលសម្រាប់ពួកគាត់ ធ្វើម៉េចឱ្យមានលទ្ធភាពក្នុងការសងត្រលប់ ឬក៏សម្រួលណាមួយសម្រាប់ពួកគាត់ដើម្បីលទ្ធភាពក្នុងការសងត្រលប់» ។

របាយការណ៍ស្ទង់មតិជាមួយប្រជាពលរដ្ឋជាង ៧០០គ្រួសារនៅខេត្តកំពង់ស្ពឺ ​របស់អង្គការ​លីកាដូ និងអង្គការសមធម៌កម្ពុជា ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២៣ បាន​​រកឃើញថា ការរីករាលដាលនៃភាព​ជំពាក់បំណុលច្រើនលើសលប់ បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន ដូចជា ភាព​អត់​ឃ្លាន ពលកម្មកុមារ និង​ការលក់ដីដោយបង្ខំដើម្បីយក​ប្រាក់​សង​ត្រលប់ទៅ​គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន៕