នារសៀលម៉ោង៤ មនុស្សម្នាបានមកប្រជុំគ្នាមើល និងទិញសៀវភៅតាមស្តង់ជាច្រើននៅក្នុងពិព័រណ៍សៀវភៅប្រចាំឆ្នាំដែលរៀបចំឡើងនៅកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ។
កំពុងអានសៀវភៅក្នុងស្តង់មួយនៃពិព័រណ៍នោះ ព្រះតេជគុណព្រះនាម ទ្រី ប៉ូ ដែល មានសង្ឃដីកាថា ព្រះអង្គបានចូលរួមពិព័រណ៍សៀវភៅមិនដែលខាននោះទេដើម្បីទិញសៀវភៅអានបង្កើនចំណេះដឹង។
ព្រះអង្គមានសង្ឃដីកាថា៖ «ចំពោះអាត្មា អាត្មាបានចូលរួមកម្មវិធីនេះតាំងពីបួនឆ្នាំមុនជាប់មកដល់ឥឡូវ តាំងពីអាត្មាឡើងមកនៅភ្នំពេញ គឺអាត្មាចាប់ផ្តើមសិក្សាស្វែងយល់ពីការតាំងពិព័រណ៍សៀវភៅ […] ក្នុងគោលបំណងអីគឺក្នុងគោលបំណងទិញសៀវភៅដើម្បីសិក្សារៀនសូត្រស្វែងយល់ពីចំណេះដឹងដើម្បីបើកចិត្តបើគំនិតឲ្យទូលំទូលាយដើម្បីការអភិវឌ្ឍន៍ប្រចាំថ្ងៃ និងដើម្បីបន្តជីវិតរបស់គាត់ឲ្យប្រសើរទៅថ្ងៃមុខ»។
ប្រជាពលរដ្ឋជាពិសេសយុវជនយុវតីនាពេលបច្ចុប្បន្ននិយមប្រើគ្រឿងអេឡិចត្រូនិចច្រើន ដូចជាទូរស័ព្ទ ឬអាយផេត (iPad) ជាដើម ជាហេតុធ្វើឱ្យនៅតាមទីកន្លែងនានា ទាំងតាមហាងកាហ្វេ និងសួនសាធារណៈ គេកម្រឃើញមានអ្នកអានសៀវភៅ។ ប៉ុន្តែពិព័រណ៍សៀវភៅបាននាំមនុស្សជាច្រើនឱ្យចូលទិញ និងចាប់អារម្មណ៍ការអានបានមួយកម្រិត។
កំពុងអង្គុយអានសៀវភៅដែលទើបបានទិញជាមួយមិត្តភក្តិ កញ្ញា ហ៊ី ស៊ីវហ័ង និស្សិតផ្នែកឱសថសាស្ត្រថ្លែងថា ការតាំងពិព័រណ៍សៀវភៅអាចជួយជំរុញការអាន ដោយសារអ្នកចូលរួមមានជម្រើសសៀវភៅច្រើន។
កញ្ញាថា៖ «ពេលខ្លះគាត់ [អ្នកទិញសៀវភៅ] អត់ដឹងថាទៅទិញនៅណាទេ គាត់អត់ដឹងថាកន្លែងណាដែលមានលក់សៀវភៅដែលគាត់ចង់បាន ដាក់តាំងពិព័រណ៍អញ្ចឹងល្អដែរ ដោយសារគាត់អាចមើលសៀវភៅជម្រើសច្រើនខុសគ្នា»។
កញ្ញា ស៊ីវហ័ង បន្តទៀតថា ប្រសិនបើមានកម្មវិធីពិព័រណ៍សៀវភៅនេះនៅឆ្នាំក្រោយ នាងនឹងចូលរួមទៀត ហើយក៏ចង់ឲ្យមានកម្មវិធីនេះជាបន្តបន្ទាប់ផងដែរ។
នេះជាការតាំងពិព័រណ៍សៀវភៅលើកទី១០ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ដែលមានស្តង់ជិត៣០០ចូលរួមដាក់តាំងលក់។
ស្តង់សៀវភៅរបស់មជ្ឈមណ្ឌលខេមរសិក្សា (Center of Khmer Study) ជាស្តង់មួយក្នុងចំណោមស្តង់សៀវភៅជិត៣០០ផ្សេងទៀត បាននាំយកនូវសៀវភៅសម្រាប់ការសិក្សា ស្រាវជ្រាវ ប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌សម្រាប់ដាក់តាំងលក់។
អ្នកនាង ឈ ស៊ីវឡេង ប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សាខេត្តសៀមរាប បានធ្វើ ដំណើរមកភ្នំពេញដើម្បីយកសៀវភៅមកដាក់ពិព័រណ៍និយាយថា ក្នុងរយៈពេល៤ថ្ងៃកន្លងមក មានការចូលរួមច្រើនពីសិស្សនិស្សិត កុមារតូចៗ និងប្រជាជនទូទៅជាច្រើន ហើយនៅគ្រប់ស្តង់គឺសុទ្ធតែមានការចាប់អារម្មណ៍តាមចំណូលចិត្ត និងជំនាញរបស់អ្នកចូលរួម។
អ្នកស្រីបន្តថា៖ «យើងចង់ចូលរួមចំណែកក្នុងការជំរុញឲ្យមានការអានក្នុងប្រទេសខ្មែរ ក៏ដូចជាជួយ support [គាំទ្រ] ក្នុងការស្រាវជ្រាវផ្សេងៗទាក់ទងនឹងអាស៊ីអាគ្នេយ៍នៅក្នុងស្រុកខ្មែរយើងដូចគ្នា […] បងក៏ចង់សំណូមពរឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យកាន់តែជួយផ្សព្វផ្សាយកាន់តែទូលំទូលាយទៅលើវិស័យអាន»។
ខុសពីឆ្នាំមុនៗ ពិព័រណ៍សៀវភៅកម្ពុជានាឆ្នាំនេះធ្វើឡើងនៅទីទាំងថ្មី ទីតាំងដែលប្រជាពលរដ្ឋនិយមទៅដើរលេងកំសាន្ត នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រវិញ ដែលរាល់ឆ្នាំពិព័រណ៍នេះតែងតែធ្វើឡើងនៅបរិវេនបណ្ណាល័យជាតិ។
ត្រឡប់មកព្រះតេជគុណ ទ្រី ប៉ូ វិញ ព្រះអង្គមានសង្ឃដីកាថា ព្រះអង្គចង់ឱ្យពលរដ្ឋបង្កើនការអានសៀវភៅ និងកាត់បន្ថយការមើលទូរស័ព្ទ។
«មិនថាកន្លែងណាក៏ដោយ ក្រោមដើមឈើក៏ដោយ នៅកុដិក៏ដោយ នៅកន្លែងធ្វើការក៏ដោយយើងឆ្លៀតបានយើងឆ្លៀតទៅតែបើអស់កម្លាំងហត់នឿយយើងសម្រាកទៅតែបើរួចពីការសម្រាកងើបឡើងមុនដំបូងកុំទាន់អាលចុច [ទូរស័ព្ទ] យើងអានសៀវភៅមុនល្អជាងទូរស័ព្ទ»៕