នារសៀលម៉ោង៤ ​​ម​នុស្សម្នាបានមកប្រជុំគ្នាមើល និងទិញសៀវភៅ​​តាមស្តង់ជាច្រើន​នៅក្នុ​ង​ពិព័រណ៍​សៀវភៅប្រចាំឆ្នាំ​ដែល​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ រាជធានីភ្នំពេញ ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៧ ខែធ្នូ​។

កំពុង​​អាន​សៀវភៅ​ក្នុង​ស្តង់​មួយ​នៃ​ពិព័រណ៍នោះ ព្រះតេជគុណព្រះនាម ទ្រី ប៉ូ ដែល​ ​មាន​សង្ឃដីកា​ថា ព្រះអង្គបាន​ចូលរួម​ពិព័រណ៍​សៀវភៅ​មិន​ដែលខា​ននោះ​ទេ​ដើម្បី​ទិញ​សៀវភៅ​អាន​បង្កើន​ចំណេះដឹង។

ព្រះអង្គមានសង្ឃដីកាថា៖ «ចំពោះអាត្មា អាត្មា​បាន​ចូលរួម​កម្មវិធី​នេះតាំ​ង​ពី​បួន​ឆ្នាំ​មុន​ជាប់​មក​ដល់​ឥឡូវ តាំងពី​អាត្មា​ឡើង​មក​នៅ​ភ្នំពេញ គឺ​អាត្មាចា​ប់​ផ្តើម​សិក្សា​ស្វែង​យល់​ពី​ការតាំង​ពិព័រណ៍​សៀវភៅ […] ក្នុង​គោល​បំណង​អី​គឺ​ក្នុង​គោល​បំណង​ទិញ​សៀវភៅ​ដើម្បី​សិក្សា​រៀន​សូត្រស្វែងយល់ពីចំណេះដឹងដើម្បីបើក​ចិត្តបើគំនិតឲ្យទូលំទូលាយដើម្បីការអភិវឌ្ឍន៍ប្រចាំថ្ងៃ និងដើម្បីបន្តជីវិតរបស់គាត់ឲ្យប្រសើរទៅថ្ងៃមុខ»។

ប្រជាពលរដ្ឋជាពិសេសយុវជនយុវតីនា​ពេល​បច្ចុប្បន្ននិយម​ប្រើគ្រឿ​ង​អេឡិច​ត្រូនិច​ច្រើន ​ដូចជាទូរស័ព្ទ ឬអាយផេត (iPad) ជាដើម ជាហេតុធ្វើឱ្យ​នៅ​តាម​ទីកន្លែង​នានា ​ទាំង​តាម​ហាង​កាហ្វេ និង​សួនសាធារណៈ គេ​កម្រ​ឃើញ​មានអ្នកអាន​សៀវភៅ​។​ ប៉ុន្តែពិព័រណ៍សៀវភៅ​បាន​នាំ​មនុស្ស​ជាច្រើន​​ឱ្យ​ចូល​ទិញ និង​ចាប់​អារម្មណ៍​ការអាន​បាន​មួយ​កម្រិត។​

កំពុងអង្គុយ​អាន​សៀវភៅ​ដែលទើប​​បានទិញ​ជាមួយ​មិត្តភក្តិ កញ្ញា ហ៊ី ស៊ីវហ័ង​ ​និស្សិត​ផ្នែក​ឱសថសាស្ត្រថ្លែង​ថា ការតាំងពិព័រណ៍​សៀវភៅអាចជួយជំរុញការអាន ដោយ​សារ​អ្នកចូល​រួម​​មានជម្រើសសៀវភៅច្រើន។

កញ្ញាថា៖​ «ពេលខ្លះគាត់ [អ្នកទិញសៀវភៅ] អត់ដឹងថាទៅទិញនៅណាទេ គាត់​អត់​ដឹង​ថា​កន្លែង​ណាដែ​លមានលក់សៀវភៅដែលគាត់ចង់បាន ដាក់តាំងពិព័រណ៍អញ្ចឹងល្អដែរ ដោយសារ​គាត់​អាច​មើលសៀវភៅជម្រើសច្រើនខុសគ្នា»។

កញ្ញា ស៊ីវហ័ង បន្តទៀតថា ប្រសិនបើ​មានកម្មវិធីពិព័រណ៍សៀវភៅនេះនៅឆ្នាំក្រោយ នា​ងនឹ​ង​ចូលរួម​ទៀត ហើយក៏ចង់ឲ្យមានកម្មវិធីនេះជាបន្តបន្ទាប់ផង​ដែរ​។

នេះ​ជា​ការ​តាំង​ពិព័រណ៍​សៀវ​ភៅ​​លើកទី​១០ ដែល​ត្រូវបានរៀបចំ​ឡើង​ក្រោមប្រធានបទ «សរសេរ​ចំណាន អានចំណាប់ ចាប់យកចំណេះ» ដែល​មាន​ស្តង់ជិត​៣០០​ចូលរួម​ដាក់តាំង​លក់​។

ស្តង់សៀវភៅរបស់មជ្ឈមណ្ឌលខេមរសិក្សា (Center of Khmer Study) ជាស្តង់​មួយ​ក្នុង​ចំណោម​ស្តង់​សៀវភៅ​ជិត៣០០ផ្សេងទៀត បាននាំយកនូវសៀវភៅសម្រាប់ការសិក្សា ស្រាវជ្រាវ​ ប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌​សម្រាប់ដាក់តាំងលក់​។

អ្នកនាង ឈ ស៊ីវឡេង ប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សាខេត្តសៀមរាប បានធ្វើ ដំណើរ​មកភ្នំពេញដើម្បីយកសៀវភៅមកដាក់ពិព័រណ៍​និយាយថា ក្នុងរយៈពេល៤ថ្ងៃកន្លងមក មាន​ការ​ចូលរួមច្រើនពី​សិស្សនិស្សិត កុមារតូចៗ​ និងប្រជាជនទូទៅជាច្រើន ហើយនៅ​គ្រប់​ស្តង់​គឺ​សុទ្ធ​តែ​មាន​ការចាប់​អារម្មណ៍​តាម​ចំណូល​ចិត្ត និងជំនាញរបស់អ្នកចូលរួម។

អ្នកស្រីបន្តថា៖​ «យើងចង់ចូលរួមចំណែកក្នុងការជំរុញឲ្យមានការអានក្នុងប្រទេសខ្មែរ​ ក៏​ដូចជា​ជួយ​ support [គាំទ្រ] ក្នុង​ការស្រាវជ្រាវ​ផ្សេងៗ​ទាក់ទង​នឹង​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ដូចគ្នា […] បងក៏ចង់សំណូមពរឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យ​កាន់តែ​ជួយ​ផ្សព្វផ្សាយ​កាន់តែ​ទូលំ​ទូលាយ​ទៅ​លើ​វិស័យ​អាន»។

ខុសពីឆ្នាំមុនៗ ពិព័រណ៍សៀវភៅកម្ពុជានាឆ្នាំនេះធ្វើឡើងនៅទីទាំងថ្មី ទីតាំង​ដែល​ប្រជាពលរដ្ឋ​និយមទៅដើរលេងកំសាន្ត នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រវិញ ដែល​រាល់ឆ្នាំ​ពិព័រណ៍នេះ​តែងតែធ្វើឡើងនៅបរិវេនបណ្ណាល័យជាតិ។

ត្រឡប់មកព្រះតេជគុណ ទ្រី ប៉ូ វិញ ព្រះអង្គ​មាន​សង្ឃដីកាថា ព្រះអង្គ​ចង់​ឱ្យ​ពលរដ្ឋ​បង្កើន​ការអាន​សៀវភៅ និងកាត់បន្ថយការមើលទូរស័ព្ទ។

«មិន​ថា​កន្លែង​ណា​ក៏​ដោយ ក្រោមដើមឈើក៏ដោយ នៅកុដិក៏ដោយ នៅ​កន្លែង​ធ្វើការ​ក៏​ដោយ​យើង​ឆ្លៀត​បាន​យើង​ឆ្លៀត​ទៅ​តែ​បើ​អស់​កម្លាំង​ហត់​នឿយ​យើង​សម្រាក​ទៅ​តែ​បើ​រួច​ពី​ការសម្រាក​​​ងើប​ឡើង​មុន​ដំបូង​​កុំទា​ន់​អាល​ចុច [ទូរស័ព្ទ] យើង​អាន​សៀវភៅ​មុន​ល្អ​ជាង​​ទូរស័​ព្ទ»​​​​៕