ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចេញនៅថ្ងៃទី១៨ ខែធ្នួ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិនឹងចុះត្រួតពិនិត្យការ ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៅរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
តាមសេចក្ដីជូនដំណឹងដដែលបន្ថែមថា៖ «ក្នុងករណីម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការប្រកាសបង់ពន្ធតាមច្បាប់ជាធរមាន»។
អគ្គនាយកដ្ឋានពន្ធដារបន្ថែមថា ការបង់ពន្ធអាចធ្វើឡើងនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដែលជាដៃគូសហការជាមួយអគ្គនាយកដ្ឋាន ឬអាចបង់តាមរយៈកម្មវិធី GDT Taxpayer App ដើម្បីចៀសវាងអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ ៕