អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំឮកឱ្យម្ចាស់យានយន្តដែលខកខានមិនបានប្រកាស​បង់​ពន្ធ​លើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣កន្លងទៅ ត្រូវរួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវ​តាមច្បាប់ជាធរមាន

ក្នុង​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចេញ​នៅ​ថ្ងៃទី​១៨ ខែធ្នួ បាន​បញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិនឹងចុះត្រួតពិនិត្យការ ប្រកាស​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រចាំ​ឆ្នាំ២០២៣​នៅ​តាម​គោលដៅ​មួយ​ចំនួន​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​នៅ​រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

តាមសេចក្ដីជូនដំណឹងដដែល​បន្ថែម​ថា៖ «ក្នុង​ករណី​ម្ចាស់​យានយន្ត​ខកខាន​មិនបាន​ប្រកាសបង់ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន​ប្រចាំឆ្នាំ​២០២៣​កន្លងទៅ សូមមេត្តារួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ពន្ធបន្ថែម​ចំពោះការ​យឺតយ៉ាវ​ក្នុងការ​​ប្រកាស​បង់​ពន្ធ​តាម​ច្បាប់​ជាធរមាន​​»។

អគ្គនាយកដ្ឋាន​ពន្ធដារ​បន្ថែម​ថា ការបង់ពន្ធ​អាច​ធ្វើ​ឡើង​​នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬ​នៅ​ធនាគារ​ដែល​ជា​ដៃគូ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន ឬអាចបង់តាមរយៈកម្មវិធី GDT Taxpayer App ដើម្បីចៀសវាង​​​អាជ្ញាធរ​មាន​សមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែល​នាំឱ្យខកខាន​ពេលវេលា និងកកស្ទះចរាចរណ៍ ៕