សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិការងារ ជំរុញទៅរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ការការពារសិទ្ធិ និងកិច្ចគាំណារសសង្គមដល់ពលករចំណាកស្រុក តាមរយៈការដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលពលករខ្មែរចំណាកស្រុកកំពុងជួបប្រទះ។
ការជំរុញនេះ បានធ្វើឡើងនៅក្នុងទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៤ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បានប្រារព្ធទិវានៅទីតាំងចំនួន ១៦ផ្សេងគ្នា ក្នុងខេត្តចំនួន៦ រួមមាន ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដែលមានអ្នកចូលរួមប្រមាណ ២ ០០០អង្គ/នាក់។
មន្ត្រីកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៏នៃអង្គការសង់ត្រាល់ (CENTRAL) កញ្ញា ទ្រី សុភា មានប្រសាសន៍ថា តាមរយៈការសម្ភាសន៍ជាមួយអតីតពលករចំណាកស្រុក ក្នុងឆ្នាំ២០២១ និង២០២៣ នៅខេត្តមួយចំនួន បានរកឃើញនូវបញ្ហាប្រឈមធំៗចំនួន ៣ ដែលពលករចំណាកស្រុកកម្ពុជា បាននិងកំពុងជួបប្រទះ។
កញ្ញាបន្តថា បញ្ហាទាំងនោះ រួមមាន ពលករខ្មែរភាគច្រើនជួបបញ្ហាប្រឈមនឹងថ្លៃធ្វើដំណើរ ឬក៏ដំណើរការធ្វើឯកសារ ដែលត្រូវការចំណាយពេល និងតម្រូវការថវិការខ្ពស់ ហើយពលករចំណាកស្រុកភាគច្រើន មិនអាចធ្វើតាមរយៈប្រពន្ធ័កិច្ចព្រមព្រៀងយោគយល់ (MOU) ដែលជាហេតុនាំឱ្យពួកគាត់ជ្រើសរើសប្រព័ន្ធមិនប្រក្រតីដែលនាំឱ្យទទួលនូវភាពរងគ្រោះ កាន់តែធ្ងន់ធ្ងរ។
ក្រៅពីនោះ កញ្ញាថា នៅពេលមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានសិទ្ធិការងារជាដើម ពលករចំណាកស្រុកភាគច្រើន មិនបានយល់ដឹងពីការរាយការណ៍ និងការស្វែងរកជំនួយអន្តរាគមន៍ ឬការដាក់ពាក្យបណ្តឹងតវ៉ានោះទេ ខណៈពលករខ្លះទៀតបានជួបនូវផលលំបាកក្នុងការស្វែងរកជំនួយ និងកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។
ចំណែក វិសាលភាពនៃកិច្ចគាំពារសង្គមវិញ កញ្ញា ទ្រី សុភា ថានៅមិនទាន់គ្របដណ្តប់ដល់អតីតពលករចំណាកស្រុកនៅឡើយ ដែលករណីនេះ អង្គការសង់ត្រាល់ ចង់ឃើញរដ្ឋាភិបាលមានគោលនយោរបាយពង្រឹង និងលើកកម្ពស់កិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
កញ្ញាថ្លែងថា៖ «គាត់[ពលករ]ចង់ឱ្យមានការស្វែងរកដំណោះស្រាយ និងជួយដល់គាត់ដែលជួបប្រទះបញ្ហាប្រឈម ហើយយើងធ្វើនូវសកម្មភាពហ្នឹងឡើង គឺដើម្បីឱ្យមានសំឡេងហ្នឹងឡើង ភាគីពាក់ព័ន្ធនឹងការកែនយោបាយ កែប្រែនូវក្របខណ្ឌគតិយុត្តិមួយចំនួន ចឹងជារួមគឺដើម្បីផ្តល់ការការពារ និងលើកកម្ពស់សិទ្ធិ ក៏ដូចជាកិច្ចគាំពារសង្គមសម្រាប់ធ្វើការចំណាកស្រុក»។
សេចក្តីថ្លែងការណ៍របស់អង្គការសង់ត្រាល់ ចុះថ្ងៃទី១៨ ខែធ្នូ បានលើកឡើងដែរថា បញ្ហាប្រឈមធំៗទាំង៣នេះ បានជះឥទ្ធិពលទៅលើសិទ្ធិ ការងារ និងអត្ថប្រយោជន៍របស់ពលករចំណាកស្រុក សមាជិកគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។
ករណីនេះ សង់ត្រាល់ បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដោយជំរុញទៅរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានគិតិយុត្តដែលមានស្រាប់ ឬបង្កើតគោលនយោបាយ និងត្រួតពិនិត្យការអនុវត្តឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ពលករចំណាកស្រុក ជុំវិញតម្លៃសេវា និងដំណើរការឯកសារទាំងអស់នៃការជ្រើសរើសពលករចំណាយស្រុក យន្តការបណ្តឹងនិងការអន្តរាគមន៍ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងត្រូវលើកកម្ពស់វិសាលភាពកិច្ចគាំពារសង្គមនិងផ្តល់សុពលភាពអតីភាពការងារដល់ពលករទាំងនៅប្រទេសបញ្ជូន និងប្រទេសទទួលពលករ។
អតីតពលករចំណាកស្រុកមួយរូប រស់នៅខេត្តបន្ទាយមានជ័យ អ្នកស្រី កាយ សុខលី មានប្រសាសន៍ថា ក្នុងកំឡុងពេលចំណាកស្រុកទៅប្រទេសថៃ អ្នកស្រីជួបការលំបាកជាច្រើន ជាពិសេសនៅមានជំងឺក្នុងកំឡុងពេលធ្វើការ គឺមិនមានកិច្ចគាំពារណាមួយនោះទេ ខណៈការរកចំណូលក៏បានតិច។
អ្នកស្រីថ្លែងថា៖ «ជួបបញ្ហាដែលគ្រួសារខ្ញុំក្រីក្រ ពេលដែលឈឺចឹង ធ្វើការងារមិនសូវបាន មានជួនកាលឈឺនៅប្រទេសថៃ កាលនោះឈឺនៅពេល៩យប់ហើយខ្ញុំនៅតែម្នាក់ឯង ហើយខ្ញុំត្រលប់មកដល់ស្រុកខ្មែរវិញនៅម៉ោង៤ភ្លឺ អត់មានអ្នកជំនួយអីខ្ញុំផង»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ក្រសួងស្វាគមន៍នូវរាល់សំណើរនានារបស់សហជីព និងអង្គការសង្គមស៊ីវិល ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ និងអត្ថប្រយោជន៍នានារបស់កម្មករនិយោជិត ក៏ដូចជាពលករចំណាកស្រុក។
លោកបានថ្លែងថា៖ «ក្រសួងការងារស្វាគមន៍ការលើកយកករណីជាក់ស្តែង មានអង្គហេតុច្បាស់លាស់ មានជនរងគ្រោះពិតប្រាកដ របស់សហជីព ឬអង្គការសង្គមស៊ីវិល មកដាក់លើតុ ជជែករកការពិត និងដំណោះស្រាយ ជាជាងការដើរដាក់ញត្តិ ឬធ្វើសកម្មភាពសម្រាប់តែការសរសេររបាយការណ៍ តែមិនស្វែងរកដំណោះស្រាយដល់កម្មករនិយោជិត។ខ្ញុំសូមអំពាវនាវដល់សហជីព អង្គការសង្គមស៊ីវិល សមាគម ដែលធ្វើការងារពាក់ព័ន្ធសិទ្ធិកម្មករនិយោជិត សូមដូររបៀបធ្វើការមិនមានប្រសិទ្ធភាព មករបៀបធ្វើការចំគោលដៅ និងសហការជាមួយក្រសួងការងារសម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត»។
យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីឆ្នាំ២០២២ ឱ្យដឹងថា មានពលករកម្ពុជាចំនួនជាង ១.៣លាននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសគោលដៅចំនួន៧ ដែលក្នុងនោះមាន ប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ចំណែករបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងពលករអន្តោប្រវេសន៍ថៃ គិតត្រឹមខែមេសា ឆ្នាំ២០២៣ ថៃជាប្រទេសដែលមានពលករកម្ពុជាចំណាកស្រុកច្រើនជាងគេ ដែលតាមការប៉ាន់ប្រមាណ មានខ្ទង់ ២លាននាក់ ដោយភាគច្រើនពួកគេចំណាកស្រុកតាមប្រព័ន្ធមិនផ្លូវការ និងមិនមានឯកសារគ្រប់គ្រាន់ ឬឯកសាររបស់ពួកគេផុតសុពលភាព បាត់បង់ភាពស្របច្បាប់។
ប្រភេពដដែល បន្តថា ពលករចំណាកស្រុកកម្ពុជាដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ តាមរយៈប្រព័ន្ធអនុស្សារណៈយោគយល់គ្នា (MOU) មានចំនួន ១២៧,០០២ នាក់។ ពួកគេបម្រើការងារក្នុងវិស័យផ្លូវការ នៅតាមរោងចក្រសាច់មាន់ រោងចក្រកែច្នៃម្ហូបអាហារ រោងចក្រអេឡិចត្រូនិចជាដើម។ ចំណែកពលករភាគច្រើនទៀតកំពុងបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចមិនរៀបរយដូចជា វិស័យសំណង់ កសិកម្ម សេវាកម្ម ការងារតាមផ្ទះ និងចុះទូកនេសាទជាដើម៕