សង្គមស៊ីវិល​ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិការងារ ជំរុញទៅរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ការការពារសិទ្ធិ និងកិច្ចគាំណារសសង្គមដល់ពលករចំណាកស្រុក​​​ តាមរយៈការដោះស្រាយនូវបញ្ហាប្រឈម​មួយចំនួន ដែលពលករខ្មែរចំណាកស្រុកកំពុង​ជួប​ប្រទះ។

ការជំរុញនេះ បានធ្វើឡើងនៅក្នុងទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៤ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បានប្រារព្ធទិវានៅ​​ទីតាំងចំនួន ១៦ផ្សេងគ្នា ក្នុងខេត្តចំនួន៦ រួមមាន ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដែលមានអ្នកចូលរួមប្រមាណ ២ ០០០អង្គ/នាក់។

មន្ត្រីកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៏នៃអង្គការសង់ត្រាល់ (CENTRAL) កញ្ញា ទ្រី សុភា មានប្រសាសន៍ថា តាមរយៈការសម្ភាសន៍ជាមួយអតីតពលករ​ចំណាកស្រុក ក្នុងឆ្នាំ២០២១ និង២០២៣ នៅខេត្តមួយចំនួន បានរកឃើញនូវបញ្ហាប្រឈមធំៗចំនួន ៣ ដែលពលករចំណាកស្រុកកម្ពុជា បាននិងកំពុង​ជួបប្រទះ។

កញ្ញាបន្តថា បញ្ហាទាំងនោះ រួមមាន ពលករខ្មែរភាគច្រើនជួបបញ្ហាប្រឈមនឹង​ថ្លៃធ្វើដំណើរ ឬក៏ដំណើរការធ្វើឯកសារ ដែល​ត្រូវការចំណាយពេល និងតម្រូវការថវិការខ្ពស់ ហើយ​ពលករ​ចំណាកស្រុក​ភាគច្រើន មិនអាចធ្វើតាមរយៈប្រពន្ធ័កិច្ចព្រមព្រៀងយោគយល់ (MOU) ដែលជាហេតុនាំឱ្យ​​ពួកគាត់​ជ្រើសរើសប្រព័ន្ធមិនប្រក្រតីដែលនាំ​ឱ្យ​ទទួលនូវភាពរងគ្រោះ​ កាន់តែធ្ងន់ធ្ងរ។

ក្រៅពីនោះ កញ្ញាថា នៅពេលមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម និង​ការរំលោភបំពានសិទ្ធិការ​ងារជាដើម ពលករចំណាកស្រុកភាគច្រើន​ មិនបានយល់ដឹង​ពីការរាយការណ៍ និង​​ការ​ស្វែងរក​ជំនួយអន្តរាគមន៍ ឬការដាក់ពាក្យ​បណ្តឹងតវ៉ានោះទេ ខណៈពលករ​ខ្លះទៀតបានជួបនូវផលលំបាក​ក្នុងការស្វែងរកជំនួយ និងកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។​

ចំណែក វិសាលភាពនៃកិច្ចគាំពារសង្គមវិញ កញ្ញា ទ្រី សុភា ថា​នៅមិនទាន់គ្របដណ្តប់ដល់អតីត​ពលករចំណាកស្រុកនៅឡើយ ដែលករណីនេះ អង្គការសង់ត្រាល់ ចង់ឃើញរដ្ឋាភិបាលមានគោលនយោរបាយពង្រឹង និងលើកកម្ពស់​កិច្ចគាំពារសង្គម​ដល់ពលករចំណាកស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

កញ្ញា​​ថ្លែងថា៖ «គាត់[ពលករ]ចង់ឱ្យ​​​មានការស្វែងរកដំណោះស្រាយ និង​ជួយ​ដល់គាត់​​ដែល​ជួប​ប្រទះបញ្ហាប្រឈម ហើយ​​យើង​ធ្វើ​នូវ​សកម្មភាព​ហ្នឹង​ឡើង គឺដើម្បីឱ្យ​មានសំឡេងហ្នឹង​ឡើង ភាគីពាក់ព័ន្ធ​នឹង​ការ​កែនយោ​បាយ កែ​ប្រែនូវក្របខណ្ឌគតិយុត្តិមួយចំនួន ចឹងជារួមគឺដើម្បីផ្តល់ការ​ការពារ និងលើកកម្ពស់សិទ្ធិ ក៏ដូចជាកិច្ចគាំពារសង្គម​សម្រាប់​ធ្វើការ​ចំណាកស្រុក»។

សេចក្តីថ្លែងការណ៍របស់អង្គការសង់ត្រាល់ ចុះថ្ងៃទី១៨ ខែធ្នូ បានលើកឡើងដែរថា បញ្ហាប្រឈមធំៗទាំង៣នេះ បានជះឥទ្ធិពលទៅលើសិទ្ធិ ការងារ និងអត្ថប្រយោជន៍របស់ពលករ​ចំណាកស្រុក សមាជិកគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។

ករណីនេះ សង់ត្រាល់ បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដោយជំរុញទៅរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពិនិត្យ និងកែសម្រួល​លិខិតបទដ្ឋានគិតិយុត្តដែលមានស្រាប់ ឬបង្កើតគោលនយោបាយ និងត្រួតពិនិត្យការអនុវត្តឆ្លើយតបទៅនឹងបញ្ហាប្រឈម​របស់ពលករចំណាកស្រុក ជុំវិញតម្លៃសេវា និងដំណើរការឯកសារទាំងអស់នៃការជ្រើស​រើសពលករចំណាយស្រុក យន្តការបណ្តឹងនិងការអន្តរាគមន៍ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងត្រូវលើកកម្ពស់វិសាលភាពកិច្ចគាំពារសង្គមនិងផ្តល់សុពលភាពអតីភាពការងារដល់ពលករទាំងនៅប្រទេសបញ្ជូន និងប្រទេសទទួលពលករ។

អតីតពលករចំណាកស្រុកមួយរូប រស់នៅខេត្តបន្ទាយមានជ័យ អ្នកស្រី កាយ សុខលី មាន​ប្រសាសន៍​ថា ក្នុងកំឡុងពេលចំណាកស្រុកទៅប្រទេសថៃ អ្នកស្រី​ជួបការលំបាក​ជាច្រើន ​ជាពិសេសនៅមានជំងឺក្នុងកំឡុងពេលធ្វើការ គឺមិនមាន​កិច្ចគាំពារណាមួយនោះទេ ខណៈការរកចំណូលក៏បានតិច។

អ្នកស្រីថ្លែងថា៖ «ជួបបញ្ហាដែលគ្រួសារខ្ញុំក្រីក្រ ពេលដែលឈឺចឹង ធ្វើការងារមិនសូវបាន មានជួនកាលឈឺនៅប្រទេសថៃ កាលនោះឈឺនៅពេល៩យប់ហើយខ្ញុំនៅតែម្នាក់ឯង ហើយខ្ញុំត្រលប់មកដល់ស្រុកខ្មែរវិញនៅ​ម៉ោង៤ភ្លឺ អត់មានអ្នកជំនួយ​អីខ្ញុំផង»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ក្រសួងស្វាគមន៍នូវ​រាល់​​សំណើរ​នានារបស់សហជីព និងអង្គការសង្គមស៊ីវិល ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ និងអត្ថប្រយោជន៍នានារបស់កម្មករនិយោជិត ក៏ដូចជាពលករចំណាកស្រុក។

លោកបានថ្លែងថា៖ «ក្រសួងការងារស្វាគមន៍ការលើកយកករណីជាក់ស្តែង មានអង្គហេតុច្បាស់លាស់ មានជនរងគ្រោះពិតប្រាកដ របស់សហជីព ឬអង្គការសង្គមស៊ីវិល មកដាក់លើតុ ជជែករកការពិត និងដំណោះស្រាយ ជាជាងការដើរដាក់ញត្តិ ឬធ្វើសកម្មភាពសម្រាប់តែការសរសេររបាយការណ៍ តែមិនស្វែងរកដំណោះស្រាយដល់កម្មករនិយោជិត។ខ្ញុំសូមអំពាវនាវដល់សហជីព អង្គការសង្គមស៊ីវិល សមាគម ដែលធ្វើការងារពាក់ព័ន្ធសិទ្ធិកម្មករនិយោជិត សូមដូររបៀបធ្វើការមិនមានប្រសិទ្ធភាព មករបៀបធ្វើការចំគោលដៅ និងសហការជាមួយក្រសួងការងារ​សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត»។

យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីឆ្នាំ២០២២ ឱ្យដឹងថា​ មានពលករកម្ពុជាចំនួនជាង ១.៣លាននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសគោលដៅចំនួន៧ ដែលក្នុងនោះមាន ប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី តំបន់រដ្ឋបាល​ពិសេស​​ហុង​កុង និង​ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ចំណែក​របាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងពលករអន្តោប្រវេសន៍ថៃ គិតត្រឹមខែ​មេសា ឆ្នាំ២០២៣ ថៃជាប្រទេសដែលមានពលករកម្ពុជាចំណាកស្រុកច្រើនជាងគេ ដែលតាមការប៉ាន់​ប្រមាណ មានខ្ទង់ ២លាន​នាក់ ដោយភាគច្រើនពួកគេចំណាកស្រុកតាមប្រព័ន្ធមិនផ្លូវការ និងមិនមានឯកសារគ្រប់គ្រាន់ ឬឯកសាររបស់ពួកគេផុតសុពលភាព បាត់បង់ភាពស្របច្បាប់។

ប្រភេពដដែល បន្តថា ពលករចំណាកស្រុកកម្ពុជា​ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ តាមរយៈប្រព័ន្ធអនុស្សារណៈយោគយល់គ្នា (MOU) មានចំនួន ១២៧,០០២ នាក់។ ពួកគេបម្រើការងារក្នុងវិស័យផ្លូវការ នៅតាមរោងចក្រសាច់មាន់ រោងចក្រកែច្នៃម្ហូបអាហារ រោងចក្រអេឡិចត្រូនិចជាដើម។ ចំណែកពលករភាគច្រើនទៀតកំពុងបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចមិនរៀបរយដូចជា វិស័យសំណង់ កសិកម្ម សេវាកម្ម ការងារតាមផ្ទះ និងចុះទូកនេសាទជាដើម៕