ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការផ្លូវច្បាប់លើការប្រព្រឹត្តល្មើសដោយក្រុមហ៊ុនមួយចំនួននៅសហរដ្ឋអាមេរិក ដែលកំពុងប្រើប្រាស់ស្លាកសញ្ញាដែលជានិមិត្តសញ្ញាជាតិកម្ពុជាលើសម្បកវេចខ្ចប់ផលិតផលដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចេញកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញមានការប្រើប្រាស់រូបភាពប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តនៅលើសម្បកវេចខ្ចប់ផលិតផលសរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀតដែលបានដាក់លើលើទីផ្សារនានា តាមហាងលក់ទំនិញ និងតាមទីផ្សារអនឡាញនៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀតក្នុងសហរដ្ឋអាមេរិក ដោយពុំមានការអនុញ្ញាតពីអាជ្ញធរមានសមត្ថកិច្ចកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «ក្រសួងពាណិជ្ជកម្មបាននិងកំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ចដើម្បីមានវិធានការផ្លូវច្បាប់លើការប្រព្រឹត្តល្មើសដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ស្លាកសញ្ញាប្រាសាទបាយ័នលើសម្បកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់លើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដាសហរដ្ឋអាមេរិក និងក្រុមហ៊ុនដទៃទៀតផងដែរ»។
ញូសន៍រូមខេមបូឌា (Newsroom Cambodia) មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានទេ ដោយខលចូលតែលោកប្រាប់ថារវល់។ លោកក៏មិនព្រមឆ្លើយតបសារលើបណ្តាញសង្គមតេឡេក្រាមដែរ រហូតដល់ល្ងាចថ្ងៃសុក្រនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ជួយសហការផ្តល់ព័ត៌មានតាមរយ:លេខ ០១២ ៨១៦ ៦៦៣ ០១២ ៣៨៧ ៨៧៨ និង០១២ ៦៦៦ ៩៧៥ ក្នុងករណីប្រហាក់ប្រហែលនឹងអំពើល្មើសខាងលើ ដើម្បីការពារវប្បធម៌ ប្រពៃណី និងសម្បត្តិជាតិ និងលើកស្ទួយដល់កិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា៕