ក្រសួងពាណិជ្ជកម្ម​កម្ពុជា​កំពុង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ចដើម្បី​ចាត់វិធានការ​ផ្លូវ​ច្បាប់​លើ​ការប្រព្រឹត្ត​ល្មើស​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក ដែលកំពុង​ប្រើប្រាស់​ស្លាកសញ្ញា​ដែល​ជានិមិត្តសញ្ញា​ជាតិ​កម្ពុជា​​លើ​សម្បក​វេចខ្ចប់​ផលិតផល​​​​ដាក់​លក់​លើទីផ្សារ​​សហរដ្ឋអាមេរិក។

​ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​ចេញ​កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២៣ បញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញមានការ​ប្រើប្រាស់​រូបភាព​ប្រាសាទបាយ័ន និង​ប្រាសាទអង្គរវត្ត​​នៅ​លើ​សម្បកវេចខ្ចប់​​ផលិតផល​សរសៃ​គុយទាវ​បាញ់កាញ់​ក្រៀម និង​មុខទំនិញ​ខ្លះ​ទៀត​ដែល​បាន​ដាក់​លើលើទីផ្សារនានា​ តាម​ហាង​លក់ទំនិញ និង​តាមទីផ្សារ​អនឡាញ​នៅ​រដ្ឋកាលីហ្វ័រញ៉ា និង​នៅ​រដ្ឋ​ដទៃ​ទៀត​ក្នុង​សហរដ្ឋអាមេរិក ដោយ​ពុំមានកា​រ​អនុញ្ញាតពី​អាជ្ញធរមាន​សមត្ថកិច្ច​កម្ពុជា។​

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ដដែល​បន្ថែម​ថា៖ «ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​សហការ​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​មាន​​សមត្ថកិច្ច​ដើម្បី​មាន​វិធានការ​ផ្លូវ​ច្បាប់​លើការ​ប្រព្រឹត្ត​ល្មើស​ដោយ​ក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែល​មាន​ទីតាំង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កំពុង​ប្រើប្រាស់ស្លា​ក​សញ្ញា​ប្រាសាទ​បាយ័ន​លើ​សម្បក​វេច​ខ្ចប់​សរសៃ​បាញ់​កាញ់​ក្រៀម ដាក់​លក់លើទីផ្សារ​ផ្ទាល់ និង​ទីផ្សារ​អនឡាញ​ក្នុង​រដ្ឋកាលី​ហ្វ័រញ៉ា និង​រដ្ឋផ្លរីដា​សហរដ្ឋ​អាមេរិក និងក្រុមហ៊ុនដទៃទៀត​ផងដែរ»។​

ញូសន៍រូម​ខេម​​បូ​ឌា (Newsroom Cambodia) មិនអាចទាក់ទង​​សុំការ​អត្ថាធិប្បាយ​​បន្ថែម​ពី​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានទេ ដោយ​ខល​ចូលតែលោកប្រាប់ថារវល់។ ​លោកក៏​មិនព្រម​ឆ្លើយតបសារ​លើ​បណ្តាញ​​សង្គម​តេឡេក្រាម​​ដែរ រហូត​ដល់​ល្ងាចថ្ងៃសុក្រនេះ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និងក្រៅប្រទេស ជួយសហការផ្តល់ព័ត៌មាន​តាមរយ:លេខ ០១២ ៨១៦ ៦៦៣ ០១២ ៣៨៧ ៨៧៨ និង​០១២ ៦៦៦ ៩៧៥ ក្នុង​ករណី​ប្រហាក់​ប្រហែល​នឹង​អំពើ​ល្មើសខាង​លើ ដើម្បី​​ការពារវប្បធម៌ ប្រពៃណី និងសម្បត្តិជាតិ និងលើកស្ទួយដល់កិត្តិនាម និង​កេរ្តិ៍​ឈ្មោះរបស់កម្ពុជា​៕