តំណាងក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទ ស្នើយ៉ាងទទូចឱ្យមានប្រព័ន្ធការពារស្របច្បាប់ ដោយបញ្ឈប់ការដាក់ទោសទណ្ឌលើពួកគេបញ្ឈប់ការរើសអើង និងទទួលស្គាល់ការងារពួកគាត់ជាការងារសុច្ចរិតដូចការងារដទៃទៀតដែរ។
ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាអ្នកប្រកបរបរផ្លូវភេទ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តឡើងក្រោមប្រធានបទ “មិនមានអ្វីធ្វើសម្រាប់ពួកយើង ដោយមិនមានការចូលរួមពីពួកយើងទេ”។
វេទិការនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទ និងគាំទ្រដោយ អង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នា ក្នុងការទាមទារសិទ្ធិសេរីភាពពេញលេញទៅដល់អ្នកប្រកបររកស៊ីផ្លូវភេទខណៈគេមើលឃើញថា នៅក្នុងប្រទេសកម្ពុជា អ្នកប្រកបរបរផ្លូវភេទ ត្រូវបានមនុស្សមួយចំនួនក្នុងសង្គម ចាត់ទុកថាជាស្ត្រីដែលបន្ថោកបន្ទាបតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីដទៃទៀត និងសង្គម ឬធ្ងន់ធ្ងររហូតដល់ហៅថាទាសករផ្លូវភេទ។ ក្នុងវេទិកានេះដែរ អ្នកប្រកបរបបផ្លូវភេទ បានបង្ហាញអំពីគោលជំហររបស់ពួកគេ ទាមទារឱ្យមានដំណោះស្រាយ អំពីអ្នកពាក់ព័ន្ធដែលជាផ្នែកមួយនៃការដោះស្រាយ និងបញ្ចប់អំពើហិង្សាទៅលើអ្នកប្រកបរបបផ្លូវភេទ។
កញ្ញា ចែត បញ្ញា អាយុ ២៤ឆ្នាំ ជាអ្នកប្រកបរបរផ្លូវភេទ បានលើកឡើងថា ការប្រកបរបរផ្លូវភេទ ជាការងារមួយដែលសុច្ចរិត ត្រឹមត្រូវ និងមិនបានធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈនោះទេ។ ប៉ុន្តែ កញ្ញាថា កត្តាដែលធ្វើឱ្យពួកគាត់មានការលំបាកនោះ គឺសាធារណជនមិនទទួលស្គាល់ការងារនេះ ហើយនិងត្រូវប្រឈមមុខនឹងការចាប់ឃាត់ខ្លួនថែមទៀត។
កញ្ញានិយាយថា៖ «ខ្ញុំប្រកបមុខរបរនេះ ជាការស្ម័គ្រចិត្តរបស់ខ្ញុំទេ ប៉ុន្តែម៉េចក៏គាត់តែងតែចង់ចាប់ខ្ញុំ[…]ខ្ញុំចង់ឱ្យគេទទួលស្គាល់ការងារហ្នឹងជាការងារមួយ ព្រោះដោយសារតែយើងមិនមែនទៅឆក់ ប្លន់ ឬក៏យើងមិនមែនទៅសម្លាប់គេអីទេ គ្រាន់តែថាការងារហ្នឹងពួកខ្ញុំជាអ្នកសម្រេចចិត្តរើសយកដោយខ្លួនឯង ដើម្បីជួយចិញ្ចឹមគ្រួសារ»។
ករណីនេះ កញ្ញា ចែត បញ្ញា ស្នើឱ្យមានប្រព័ន្ធការពារស្របច្បាប់ចំពោះពួកគាត់ និងចង់ឱ្យការងាររបស់ពួកគាត់ត្រូវបានចាត់ទុកជាការងារមួយត្រឹមត្រូវ ដែលធានាឱ្យមានការទទួលបាននូវជំនួយផ្លូវច្បាប់ នៅពេលដែលពួកគាត់រងការធ្វើទុក្ខបុកម្នេញក្នុងរូបភាពណាមួយដែលពួកគាត់មិនអាចទទួលយកបាន។
អ្នកស្រី អ៊ឹង ធី ជាម្តាយនៃកូនៗក្នុងបន្ទុក៨នាក់ និងមានឪពុកម្តាយចាស់ជរាផងនោះ បានថ្លែងប្រាប់ Newsroom Cambodia នៅក្នុងវេទិកានោះថា អ្នកស្រីសម្រេចចិត្តប្រកបមុខរបរនេះដោយខ្លួនឯងដោយសារតែមិនមានលទ្ធភាពធ្វើការងារផ្សេង និងអាចរកប្រាក់សម្រាប់ទប់ទល់នឹងការចំណាយប្រចាំថ្ងៃបាន។ អ្នកស្រីបន្តថា ការប្រកបមុខរបរនេះ បានធ្វើឱ្យអ្នកស្រីជួបការលំបាក និងរងនូវការភ័យខ្លាច ដោយសារតែមានការតាមចាប់ខ្លួនជាញឹកញាប់ពីសំណាក់អាជ្ញាធរមូលដ្ឋាន។
អ្នកស្រីថា៖ «ខ្ញុំអត់ដែលទៅលួចប្លន់បងប្អូនណាទាំងអស់ ខ្ញុំរកស៊ីទៀងត្រង់ ហើយខ្ញុំឈរនៅទីកន្លែងដែលខ្ញុំប្រកបរបរហ្នឹង គេ[អាជ្ញាធរមូលដ្ឋាន]ដេញចាប់ ពេលខ្លះខ្ញុំរត់ចូលក្រោមឡានគេក៏មានដែរ»។
ករណីនេះ អ្នកស្រី អ៊ឹង ធី បានស្នើយ៉ាងទទូចដល់អាជ្ញាធរ កុំឱ្យមានការតាមចាប់ខ្លួនអ្នកប្រកបរបរផ្លូវភេទ និងគួរមានប្រព័ន្ធច្បាប់ការពារដល់ពួកគាត់។
ក្នុងវេទិកានោះដែរ ក្រុមប្រឹក្សាភិបាលអង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នា អ្នកនាង សួន សុខសោភា មានប្រសាសន៍ថា ទិវាបញ្ចប់អំពើហិង្សាលើអ្នកប្រកបរបរផ្លូវភេទ ថ្ងៃទី១៧ ខែធ្នូ ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៣មក។
អ្នកនាងបន្តថា ការប្រារព្ធទិវានេះ គឺដើម្បីរំលឹកទៅដល់វីរៈភាពរបស់ស្ត្រីគ្រប់រូប ជាពិសេសស្ត្រីដែលបានក្រោកឈរឡើងទាមទារឱ្យមានការទទួលស្គាល់នូវសិទ្ធិរបស់ពួកគាត់ ក្នុងនាមជាមនុស្សជាតិ មិនថាពួកគាត់ប្រកបមុខរបរអ្វីក៏ដោយ។ អ្នកនាងបន្ថែមថា ការប្រារព្ធទិវានេះ ក៏ជាការអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលប្រព្រឹត្តលើអ្នកប្រកបរបបផ្លូវភេទនៅទូទាំងពិភពលោកផងដែរ។
តំណាងសហគមន៍អ្នកប្រកបរបរផ្លូវភេទ អ្នកនាង សុខ ស្រីលាភ អាយុ ៣០ឆ្នាំ បានលើកឡើងដែរថា សារនៅពីក្រោយប្រធានបទនាឆ្នាំនេះមានគោលបំណងស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវមានការផ្តល់សំឡេង និងអនុញ្ញាតឱ្យអ្នកប្រកបរបរផ្លូវភេទ ចូលរួមក្នុងការពិគ្រោះយោបល់ដោយផ្ទាល់ នៅពេលមានការតាក់តែងច្បាប់ និងគោលនយោបាយនានាដែលអនុវត្តទៅលើអ្នកប្រកបរបរផ្លូវភេទ។
អ្នកនាងថា៖ «មិនចាំបាច់ទាមទារច្បាប់ពិសេសណាមកគាំពារពួកយើងទេ ពីព្រោះពួកយើងមានសិទ្ធិក្នុងការជ្រើសរើសមុខរបរសម្រាប់ខ្លួនឯងរួចទៅហើយ។ ការងារប្រកបរផ្លូវភេទមិនខុសច្បាប់ទេ ក្នុងមាត្រាណាក៏មិនមានខុសច្បាប់ដែរ»។
អ្នកនាង ស្រីលាភ ក៏បានស្នើយ៉ាងទទូចឱ្យបញ្ឈប់អំពើហិង្សា ការរើសអើង និងការរំលោភបំពានទៅលើអ្នកប្រកបមុខរបរផ្លូវភេទ ព្រមទាំងមិនត្រូវដាក់មុខរបរសេវាផ្លូវភេទ ទៅជាបទល្មើសព្រហ្មទណ្ឌ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ការប្រកបមុខផ្លូវភេទគឺជាសិទ្ធិសេរីភាពរបស់អ្នកដែលស្ម័គ្រចិត្តប្រកបរមុខរបរនេះ ប៉ុន្តែច្បាប់បានដាក់ទោសទណ្ឌចំពោះអ្នកដែលធ្វើពេស្យាកម្មលើអ្នកដទៃ ឬការបង្ខិតបង្ខំឱ្យគេធ្វើពេស្យាចារដោយមិនមានការព្រមព្រៀង។
លោកស្រីថា៖ «សួរថារបរផ្លូវភេទ អាចក្លាយជាមុខរបរសុច្ចរិតបានទេ? បាន! ពីព្រោះគឺជាការលក់សេវាដោយស្ម័គ្រចិត្តរបស់ខ្លួនគាត់។ តែអ្វីដែលមានទោសទណ្ឌនៅក្នុងច្បាប់ គឺមានន័យថា អ្នកដែលធ្វើពេស្យកម្មលើអ្នកដទៃ ឬមួយក៏បង្ខំឱ្យគេធ្វើពេស្យាចារដោយគេអត់ចង់»។
បើតាមរបាយការណ៍របស់អង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នា ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ អ្នកប្រកបរបរផ្លូវភេទដែលត្រូវបានចាប់ខ្លួន មានចំនួន ៦៨៣នាក់ ដែលការចាប់ខ្លួននោះ ក៏មានការរួមបញ្ចូលទាំងការប្រើអំពើហិង្សា ការជេរប្រមាថ ម៉ាក់ងាយ និងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិទៀតផង៕