តំណាង​​​ក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទ ស្នើយ៉ាងទទូចឱ្យ​​មានប្រព័ន្ធការពារ​ស្របច្បាប់ ដោយ​បញ្ឈប់ការដាក់ទោសទណ្ឌលើពួកគេ​បញ្ឈប់ការរើសអើង និង​ទទួលស្គាល់ការងារពួកគាត់ជាការងារសុច្ចរិតដូចការងារដទៃទៀតដែរ។

ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាអ្នកប្រកបរបរផ្លូវភេទ នៅ​ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តឡើងក្រោមប្រធានបទ មិនមានអ្វីធ្វើសម្រាប់ពួកយើង ដោយមិនមានការចូលរួមពីពួកយើងទេ

វេទិការនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទ និងគាំទ្រដោយ អង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នា ក្នុងការទាមទារសិទ្ធិសេរីភាពពេញលេញទៅដល់អ្នកប្រកបររកស៊ីផ្លូវភេទខណៈគេ​​មើលឃើញថា នៅក្នុងប្រទេសកម្ពុជា អ្នកប្រកបរបរផ្លូវភេទ ត្រូវបានមនុស្សមួយចំនួនក្នុងសង្គម ចាត់ទុកថាជាស្ត្រីដែលបន្ថោកបន្ទាបតម្លៃ និងសេចក្តីថ្លៃ​ថ្នូររបស់ស្ត្រីដទៃទៀត និងសង្គម ឬធ្ងន់ធ្ងររហូតដល់ហៅថាទាសករផ្លូវភេទ។ ក្នុងវេទិកានេះដែរ ​អ្នកប្រកបរបបផ្លូវភេទ បាន​បង្ហាញអំពីគោលជំហររបស់ពួកគេ ទាមទារឱ្យ​មានដំណោះ​ស្រាយ អំពីអ្នកពាក់ព័ន្ធដែលជាផ្នែកមួយនៃការដោះស្រាយ និងបញ្ចប់អំពើហិង្សាទៅលើអ្នកប្រកបរបបផ្លូវភេទ។

កញ្ញា ចែត បញ្ញា អាយុ​ ២៤ឆ្នាំ ជាអ្នកប្រកបរបរផ្លូវភេទ បានលើកឡើង​​ថា ការប្រកបរបរ​ផ្លូវ​ភេទ ជាការងារ​មួយដែលសុច្ចរិត ត្រឹម​ត្រូវ និងមិនបានធ្វើឱ្យ​ប៉ះពាល់​ផលប្រយោជន៍​សាធារណៈនោះទេ។ ប៉ុន្តែ កញ្ញាថា កត្តាដែលធ្វើឱ្យ​​​ពួកគាត់​មានការលំបាកនោះ គឺ​សាធារណជន​មិនទទួលស្គាល់ការងារនេះ ហើយនិងត្រូវ​​ប្រឈមមុខនឹងការចាប់ឃាត់ខ្លួនថែមទៀត​។ 

កញ្ញានិយាយ​ថា៖ «ខ្ញុំប្រកបមុខរបរនេះ ជាការស្ម័គ្រចិត្តរបស់ខ្ញុំទេ​ ប៉ុន្តែម៉េចក៏គាត់តែងតែចង់ចាប់ខ្ញុំ[…]ខ្ញុំចង់ឱ្យ​​គេទទួល​ស្គាល់​​ការងារហ្នឹងជាការងារមួយ ព្រោះដោយសារតែយើងមិនមែនទៅឆក់ ប្លន់ ឬក៏យើងមិនមែនទៅសម្លាប់គេអីទេ គ្រាន់តែថាការងារហ្នឹងពួកខ្ញុំជាអ្នកសម្រេចចិត្តរើសយកដោយខ្លួនឯង ដើម្បីជួយចិញ្ចឹមគ្រួសារ»។

ករណីនេះ កញ្ញា ចែត បញ្ញា ស្នើឱ្យ​​មានប្រព័ន្ធការពារស្របច្បាប់ចំពោះពួកគាត់ និងចង់ឱ្យការងាររបស់ពួកគាត់​ត្រូវបានចាត់ទុកជាការងារមួយ​ត្រឹម​ត្រូវ​ ដែលធានាឱ្យ​មានការទទួលបាននូវ​​ជំនួយផ្លូវច្បាប់​ នៅពេលដែលពួកគាត់​រងការធ្វើទុក្ខបុកម្នេញ​ក្នុងរូបភាពណាមួយដែលពួកគាត់មិនអាចទទួលយកបាន។

អ្នកស្រី ៊ឹង ធី ជាម្តាយនៃកូនៗក្នុងបន្ទុក​៨នាក់ និងមាន​ឪពុកម្តាយចា​ស់​ជរាផងនោះ បានថ្លែង​ប្រាប់ Newsroom Cambodia នៅក្នុងវេទិកា​នោះថា អ្នកស្រីសម្រេចចិត្តប្រកបមុខរបរនេះ​ដោយខ្លួនឯង​​ដោយសារតែមិនមានលទ្ធភាពធ្វើការងារផ្សេង និងអាចរកប្រាក់សម្រាប់​ទប់​ទល់នឹងការចំណាយ​​ប្រចាំថ្ងៃ​បាន។ អ្នកស្រីបន្តថា ការប្រកបមុខរបរនេះ បានធ្វើឱ្យអ្នកស្រីជួបការលំបាក​ និងរងនូវការភ័យខ្លាច ដោយសារតែមានការតាមចាប់ខ្លួនជាញឹកញាប់​ពីសំណាក់អាជ្ញាធរមូលដ្ឋាន។

អ្នកស្រីថា៖ «ខ្ញុំអត់ដែលទៅលួចប្លន់បងប្អូនណាទាំងអស់ ខ្ញុំរកស៊ីទៀងត្រង់ ហើយខ្ញុំឈរនៅទីកន្លែងដែលខ្ញុំប្រកបរបរហ្នឹង គេ[អាជ្ញាធរ​មូលដ្ឋាន​]ដេញចាប់ ពេលខ្លះខ្ញុំរត់ចូលក្រោមឡានគេក៏មានដែរ»។​

ករណីនេះ អ្នកស្រី អ៊ឹង ធី បានស្នើយ៉ាងទទូចដល់អាជ្ញាធរ​ កុំឱ្យមានការ​តាមចាប់ខ្លួនអ្នកប្រកបរបរផ្លូវភេទ និងគួរមានប្រព័ន្ធច្បាប់ការពារដល់ពួកគាត់។

ក្នុងវេទិកានោះដែរ​ ក្រុមប្រឹក្សាភិបាលអង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នា អ្នកនាង សួន​ សុខសោភា មានប្រសាសន៍ថា ទិវា​​បញ្ចប់អំពើហិង្សាលើអ្នកប្រកបរបរផ្លូវភេទ ថ្ងៃទី១៧ ខែធ្នូ ត្រូវ​បានគេ​ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់​តាំងពីឆ្នាំ​២០០៣​មក។ 

អ្នកនាងបន្តថា ការប្រារព្ធទិវានេះ គឺ​ដើម្បីរំលឹកទៅដល់​វីរៈភាពរបស់ស្ត្រីគ្រប់រូប ជាពិសេសស្ត្រីដែលបានក្រោក​ឈរឡើងទាមទារឱ្យ​​មានការទទួលស្គាល់នូវសិទ្ធិរបស់ពួកគាត់ ក្នុងនាមជាមនុស្សជាតិ មិនថាពួកគាត់ប្រកបមុខរបរអ្វីក៏ដោយ។ អ្នកនាង​បន្ថែមថា ការប្រារព្ធទិវានេះ ក៏ជាការ​​​អំពាវនាវឱ្យ​មានការយកចិត្តទុកដាក់ចំពោះឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលប្រព្រឹត្ត​លើអ្នកប្រកបរបបផ្លូវភេទនៅទូទាំងពិភពលោកផងដែរ​។

តំណាងសហគមន៍អ្នកប្រកបរបរផ្លូវភេទ អ្នកនាង សុខ ស្រីលាភ អាយុ ៣០ឆ្នាំ បានលើកឡើង​ដែរថា សារនៅពីក្រោយប្រធានបទនាឆ្នាំ​នេះមានគោលបំណងស្នើដល់​​រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវមានការផ្តល់សំឡេង និង​អនុញ្ញាត​ឱ្យ​អ្នកប្រកប​របរ​ផ្លូវភេទ ចូលរួម​ក្នុងការពិគ្រោះយោបល់​ដោយផ្ទាល់ នៅពេលមានការតាក់តែងច្បាប់ និងគោលនយោ​បាយ​​នានា​ដែលអនុវត្តទៅលើអ្នកប្រកបរបរផ្លូវភេទ។

អ្នកនាងថា៖ «មិនចាំបាច់ទាមទារច្បាប់ពិសេសណាមកគាំពារពួកយើងទេ ពីព្រោះពួកយើងមានសិទ្ធិក្នុងការជ្រើសរើសមុខរបរសម្រាប់ខ្លួនឯងរួចទៅហើយ។ ការងារប្រកបរផ្លូវភេទមិនខុសច្បាប់ទេ ក្នុងមាត្រាណាក៏មិនមានខុសច្បាប់ដែរ»។

អ្នកនាង ស្រីលាភ ក៏បានស្នើយ៉ាងទទូច​ឱ្យ​​បញ្ឈប់អំពើហិង្សា ការរើសអើង និង​ការ​រំលោភបំពានទៅលើ​អ្នកប្រកបមុខរបរផ្លូវភេទ ព្រមទាំង​មិនត្រូវដាក់​មុខរបរ​សេវាផ្លូវភេទ ទៅជាបទ​ល្មើស​ព្រហ្ម​ទណ្ឌ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី​ ជូ ប៊ុនអេង មានប្រសាសន៍ថា ការ​ប្រកប​មុខ​​ផ្លូវភេទគឺជាសិទ្ធិសេរីភាពរបស់អ្នកដែលស្ម័គ្រចិត្ត​ប្រកបរមុខរបរនេះ ប៉ុន្តែច្បាប់​បានដាក់ទោសទណ្ឌ​​ចំពោះ​អ្នកដែលធ្វើពេស្យាកម្មលើអ្នកដទៃ ឬ​ការបង្ខិតបង្ខំឱ្យ​គេធ្វើពេស្យាចារដោយមិនមានការព្រមព្រៀង។

លោកស្រីថា៖ «សួរថារបរផ្លូវភេទ អាចក្លាយជាមុខរបរសុច្ចរិតបានទេ? បាន! ពីព្រោះគឺជាការលក់សេវាដោយស្ម័គ្រចិត្តរបស់ខ្លួនគាត់ តែអ្វីដែលមានទោសទណ្ឌនៅក្នុងច្បាប់ គឺមានន័យថា អ្នកដែលធ្វើពេស្យកម្មលើអ្នកដទៃ ឬមួយក៏បង្ខំឱ្យ​គេធ្វើពេស្យាចារដោយគេអត់ចង់»។

បើតាមរបាយការណ៍របស់​អង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នា ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ​ អ្នកប្រកបរបរ​ផ្លូវភេទ​ដែល​ត្រូវ​បាន​ចាប់ខ្លួន មានចំនួន ៦៨៣នាក់ ដែលការចាប់ខ្លួននោះ ក៏មានការ​​រួមបញ្ចូលទាំងការប្រើអំពើហិង្សា ការ​ជេរប្រមាថ ម៉ាក់​ងាយ និង​ការកេងប្រវ័ញ្ចទ្រព្យសម្បត្តិទៀតផង៕