ប្រជាជនមួយចំនួននៅរាជធានីភ្នំពេញនៅតែមិនទាន់មានចំណេះដឹងទូលំទូលាយក្នុងការទុកដាក់សំរាមប្លាស្ទិកឲ្យមានសណ្តាប់ធ្នាប់នៅឡើយ។ ការបោះចោលសំរាមប្លាស្ទិកពាសវាលពាសកាល ធ្វើឲ្យទីក្រុងក្លាយជាកខ្វក់ និងប៉ះពាល់ដល់បរិស្ថាន សុខភាព និងសោភ័ណ្ឌភាព។ ការលុបបំបាត់សំរាមប្លាស្ទិកជាគោលដៅសំខាន់របស់ក្រុមនិស្សិតប្លាស្ទិក តែពួកគេត្រូវការជាចាំបាច់នូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ហែម សុភេម ស្ថាបនិកនិស្សិតប្លាស្ទិកបានផ្តល់កិច្ចសម្ភាសន៍ជាមួយសិក្ខាកាម Newsroom Cambodia គឺកញ្ញា អ៊ុយ នាលម៉ាល័យ អំពីបញ្ហាសំរាមប្លាស្ទិកដែលនៅតែត្រូវបានបោះចោលគ្មានសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ។
Q. ជម្រាបសួរលោកសុភេម!
A. បាទជម្រាបសួរ!
Q. ហេតុអ្វីបានជាសុភេមបង្កើតក្រុមនិស្សិតប្លាស្ទិកនេះឡើង?
A. និយាយទៅ ហេតុផលទីមួយពេលដែលចាប់ផ្តើមនិស្សិតប្លាស្ទិកគឺដោយសារឃើញមានប្រជាពលរដ្ឋមួយចំនួនមានទម្លាប់នៃការចោលសំរាមនេះកាន់តែច្រើន អញ្ចឹងហើយក៏យើងចាប់ផ្តើមយុទ្ធនាការដើម្បីបញ្ឈប់ការចោលសំរាមរបស់ប្រជាពលរដ្ឋមួយចំនួន។ យើងធ្វើវាផ្ទាល់ផង ហើយយើងធ្វើ social media [បណ្តាញសង្គម] ផង ហើយផ្សព្វផ្សាយឲ្យបានច្រើនដើម្បីជាដំណោះស្រាយក្នុងការដោះស្រាយបញ្ហាឥរិយាបថរបស់គាត់មួយចំនួនដូចជាការចោលសំរាមហ្នឹង ហើយយើងមានទាំងវីដេអូ content [មាតិកា] យើងបានអំពាវនាវរកvolunteer [អ្នកស្ម័គ្រចិត្ត] ជាច្រើន ជាពិសេសសិស្ស និស្សិតជាច្រើនឲ្យគាត់ចូលរួម និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋដែលគាត់មានទម្លាប់មិនល្អក្នុងការចោលសំរាម។
A: តេីក្រុមនិស្សិតប្លាស្ទិកត្រូវបានបង្កេីតឡេីងនៅពេលណា ហេីយធ្វេីសកម្មភាពអ្វី និងនៅឯណាខ្លះ?
Q: និស្សិតប្លាស្ទិកបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០២២ សកម្មភាពដែលយើងធ្វើមានពីរ សកម្មភាពប្រមូលសំរាមតាមទីសាធារណៈនិងប្រឡាយនានា ហើយនិងផ្សព្វផ្សាយសកម្មភាពដែលយើងធ្វើនៅលើប្រព័ន្ធ social media ហើយប្រសិននៅណាខ្លះគឺនៅតាមមាត់ទន្លេ តាមលូទឹកស្អុយហើយតាមទីសាធារណៈមួយចំនួន។
A: តេីចាប់តាំងពីក្រុមនិស្សិតប្លាស្ទិកប្រមូលសំរាមនៅតាមតំបន់នោះ រហូតមកដល់ពេលនេះសុភេមឃេីញមានភាពប្រសេីរបែបណាខ្លះដែរ?
Q: យើងមើលឃើញថាវាមានភាពប្រសើរខ្លះដែរមិនទាំងអស់ទេ កន្លែងមួយចំនួនដែលយើងបានប្រមូលដែលយើងបានធ្វើសកម្មភាពហ្នឹងឧទាហរណ៍ដូចជានៅតាមប្រឡាយលូទឹកស្អុយមួយចំនួនគឺស្អាតដដែល។ មកដល់ពេលនេះ ជាក់ស្តែងនៅតែមានកន្លែងមួយចំនួនទៀតឧទាហរណ៍ដូចជាកន្លែងមាត់ទន្លេ នៅតែមានសំរាមចោលដដែលតែវាគ្រាន់បើជាងពីមុន ពីមុនវាច្រើនជាងហ្នឹង តែឥឡូវវារាងគ្រាន់ ប្រសើរជាងមុនហើយ មានន័យថាប្រជាពលរដ្ឋចាប់ផ្តើមទទួលបានការផ្សព្វផ្សាយរបស់យើងច្រើនគាត់ឃើញសកម្មភាពយើងហើយចូលរួមសហការមិនចោលសំរាមតទៅទៀត។
Q. ហេតុអ្វីបានជាសំរាមប្លាស្ទិកនៅតែត្រូវបានបោះចោលពាសវាលពាសកាល?
A. ចម្លើយដ៏សាមញ្ញគឺដោយសារអ្នកដែលបោះចោលហ្នឹងគាត់មិនទាន់យល់ពីផលប៉ះពាល់នៃសំរាមហ្នឹង គាត់មានទម្លាប់នៃការចោលហ្នឹងតាមគ្នា គាត់មានផ្នត់គំនិតបែបហ្នឹងបើសិនជាគាត់ដឹងថាការចោលសំរាមហ្នឹងវាប៉ះពាល់បែបណាទៅកាន់សង្គមយើង ទៅកាន់បរិស្ថាន ប្រហែលជាគាត់មិនចោលទេ។ អញ្ចឹងអាហ្នឹងជាហេតុផលចម្បងដែលគាត់នៅតែចោលហើយអាចនិយាយបានថាគាត់អាត្មានិយម យកស្រួលតែខ្លួនឯង សំរាមទៅណាទៅៗ ឲ្យតែអស់ពីខ្លួនគាត់ អាហ្នឹងជាកត្តាដែលមានសំរាម។
Q. ការបោះចោលសំរាមប្លាស្ទិកគ្មានសណ្តាប់នេះប៉ះពាល់អ្វីខ្លះ?
A. បើនិយាយពីការប៉ះពាល់វាប៉ះពាល់ច្រើនណាស់។ ខ្ញុំសុំលើកមួយចំនួន ទីមួយវាប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងយើង។ យើងដឹងហើយថាពេលយើងចោលសំរាមតាមប្រឡាយលូ តាមទីសាធារណៈ វាមិនមើលទៅល្អមើលទេ វាគគ្រិចមែនទែន វាធ្វើឲ្យបាត់សោភ័ណ្ឌភាពធម្មជាតិក៏ដូចជាទីក្រុង។ ហើយទីពីរសំខាន់នោះគឺវាប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយើងដែរនៅពេលដែលសាសន៍គេមកឃើញកន្លែងមួយចំនួនសុទ្ធតែសំរាម ហើយទីបីប្រសិនបើសំរាមត្រូវបានបោះចោលតាមប្រឡាយ ឬក៏នៅក្នុងទន្លេ វាប៉ះពាល់ដល់ត្រី ឬក៏ដល់ជីវចម្រុះនៅក្នុងទឹក ព្រោះសំរាមប្លាស្ទិកវាអត់រលាយលឿនទេ ទោះបីជាវារលាយក៏វាមិនទៅណាដែរ វាក្លាយជាប្លាស្ទិកតូចៗ។ ហើយខ្ញុំឧទាហរណ៍មួយចុះ ត្រីវាអាចច្រលំថាចំណីវាហើយវាអាចស៊ីប្លាស្ទិកហ្នឹង ហើយកាលណាយើងបរិភោគត្រីហ្នឹងគឺវាប៉ះពាល់។ បើនិយាយរឿងសុខភាពវាប៉ះពាល់ដល់អ្នកនៅតំបន់មានសំរាមហ្នឹងដែរ ឧទាហរណ៍ដូចជានៅតាមតំបន់ អញ្ចឹងសំរាមហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់ទឹកមានក្លិនមិនល្អ វាមានមេរោគមានអីច្រើន ហើយសួរថាអ្នកណារស់នៅទីហ្នឹងគឺប្រជាពលរដ្ឋ អ៊ីចឹងប្រជាពលរដ្ឋដែលរស់នៅទីហ្នឹងគឺនឹងទទួលផលប៉ះពាល់ពីសំរាមហ្នឹង វាត្រូវប៉ះពាល់ដល់សុខភាពគាត់ហើយត្រូវចំណាយលុយចំណាយអីទៅពេទ្យហើយដោយសារផលប៉ះពាល់ចេញពីសំរាមហើយក៏មានការប៉ះពាល់ច្រើនទៀតតែខ្ញុំសុំលើកតែមួយចំណុចហ្នឹង។
Q. តើសុភេមគិតថាភាគីពាក់ព័ន្ធគួរចូលរួមដូចម្តេចខ្លះក្នុងការកាត់បន្ថយការបោះសំរាមគ្មានសណ្តាប់ធ្នាប់?
A. សម្រាប់ការចូលរួមធ្វើម៉េចកុំឲ្យមានការចោលសំរាមអត់មានសណ្តាប់ធ្នាប់ហ្នឹង ខ្ញុំគិតថាត្រូវតែចូលរួមពីគ្រប់ភាគីទាំងអស់ មិនថាភាគីណាទេ ពួកយើងផ្ទាល់ខ្លួន ខ្លួនឯងហ្នឹងដោយសារពួកយើងត្រូវដឹងថា ដើម្បីបានប្រទេសស្អាតមិនមែនត្រូវការអ្នកសម្អាតមកសម្អាតទេ មិនមែនត្រូវការម្នាក់នេះ ម្នាក់នោះមកសម្អាតដើម្បីស្អាតទេ គឺត្រូវការស្អាតចេញពីខ្លួនឯង ខ្លួនឯងស្អាតមិនបោះចោលសំរាមផ្តេសផ្ដាសគឺប្រទេសហ្នឹងស្អាតហើយចឹងគ្រប់ភាគីទាំងអស់ត្រូវចាប់ផ្តើមទាំងអស់គ្នាដើម្បីបញ្ហាហ្នឹងឈប់មាន។
Q. តើក្រុមនិស្សិតប្លាស្ទិកប្តេជ្ញាបែបណាក្នុងការប្រមូលសំរាមពីទីក្រុងភ្នំពេញ?
A. និយាយពីការប្តេជ្ញាចិត្តរបស់យើង គឺយើងចង់ឃើញទីក្រុងភ្នំពេញគ្មានសំរាម ជាពិសេសតាមប្រឡាយលូគឺឈប់មានសំរាមដូចមុន ប៉ុន្តែយើងមិនប្រាកដថាការប្តេជ្ញាចិត្តរបស់យើងហ្នឹងបានសម្រេចទេ តែយើងនឹងធ្វើឲ្យអស់ពីលទ្ធភាពពីព្រោះយើងជាក្រុមនិស្សិតស្ម័គ្រចិត្តហើយយើងគ្មានអីក្រៅពីគំនិតផ្តួចផ្តើមសម្អាតសំរាមប្លាស្ទិកហ្នឹងទេ។ អ្វីទាំងអស់ហ្នឹងជាអីដែលយើងអាចធ្វើបាន ហើយយើងសង្ឃឹមថា សកម្មភាពទាំងអស់ហ្នឹងវាជះឥទ្ធិពលល្អទៅកាន់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលតែងតែបោះប្លាស្ទិកចោលហ្នឹង គាត់អាចគិតឡើងវិញ ហ្នឹងហើយការប្តេជ្ញាចិត្តរបស់យើងគឺចង់ឃើញទីក្រុងភ្នំពេញស្អាត មានសណ្តាប់ធ្នាប់។
Q. អរគុណច្រើនសម្រាប់ការផ្តល់បទសម្ភាស។
A.បាទ!៕