ប្រ​ជា​ជន​មួយ​ចំ​នួន​នៅរាជធានី​​ភ្នំពេញ​នៅ​តែ​មិន​ទាន់​មាន​ចំណេះ​ដឹង​ទូលំ​ទូ​លាយ​ក្នុង​ការ​ទុក​ដាក់​សំរាម​ប្លា​ស្ទិកឲ្យ​មាន​សណ្តាប់​ធ្នាប់​នៅឡើយ​​។ ការ​​បោះ​ចោល​សំរាម​ប្លា​ស្ទិក​ពាស​វាល​ពាស​កាល ​ធ្វើ​ឲ្យ​ទី​ក្រុង​ក្លាយ​ជា​កខ្វក់​ និង​​ប៉ះ​ពាល់​ដល់​បរិស្ថាន​ សុខ​ភាព ​និង​សោ​ភ័ណ្ឌ​ភាព​​។ ការ​លុប​បំ​បាត់​សំរាម​ប្លា​ស្ទិក​ជា​គោល​ដៅ​សំ​ខាន់​របស់​ក្រុម​និស្សិត​ប្លា​ស្ទិក​​ តែ​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវការ​ចូល​រួម​ពី​គ្រប់​ភា​គី​ពាក់​ព័ន្ធ​។

ហែម ​សុភេម​ ស្ថាប​និក​និស្សិត​ប្លា​ស្ទិក​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជា​មួយ​សិក្ខា​កាម​ Newsroom​ Cambodia​ គឺ​កញ្ញា ​អ៊ុយ​ នាល​ម៉ា​ល័យ​ អំ​ពី​បញ្ហា​សំរាម​ប្លា​ស្ទិក​ដែល​នៅតែ​ត្រូវ​បាន​បោះ​ចោល​គ្មាន​សណ្តាប់​ធ្នាប់​ក្នុង​រាជធានី​​ភ្នំពេញ​។​

Q. ជម្រាប​សួរ​លោក​សុភេម​!

A. បាទ​ជម្រាប​សួរ!

Q. ហេតុ​អ្វី​បាន​ជា​សុ​ភេម​បង្កើត​​ក្រុម​និស្សិត​ប្លា​ស្ទិក​​នេះ​ឡើង​?

A. និ​យាយ​ទៅ ​ហេតុ​ផល​ទី​មួយ​ពេល​ដែល​ចាប់​ផ្តើម​និស្សិត​ប្លា​ស្ទិក​គឺ​ដោយ​សារ​ឃើញ​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​មាន​ទម្លាប់​នៃ​ការ​ចោល​សំរាមនេះ​កាន់​តែ​ច្រើន​ អញ្ចឹង​ហើយ​ក៏​យើង​ចាប់​ផ្តើម​យុទ្ធនា​ការ​ដើម្បី​បញ្ឈប់​ការ​ចោល​សំរាមរបស់​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន។​​ យើង​ធ្វើ​វា​ផ្ទាល់​ផង ​ហើយ​យើង​ធ្វើ​ ​social media [បណ្តាញសង្គម] ​ផង​ ហើយ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​ដំ​ណោះ​ស្រាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ឥ​រិ​យា​បថ​របស់​គាត់​មួយ​ចំ​នួន​ដូច​ជា​ការ​ចោល​សំរាម​ហ្នឹង​ ហើយ​យើង​មាន​ទាំង​វី​ដេ​អូ​ content​ [មាតិកា] យើង​បាន​អំ​ពាវ​នាវ​រក​volunteer [អ្នកស្ម័គ្រចិត្ត] ជា​ច្រើន ​ជា​ពិ​សេស​សិស្ស​ និស្សិត​ជា​ច្រើន​ឲ្យ​គាត់​ចូល​រួម ​និង​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ប្រ​ជា​ពល​រដ្ឋ​ដែល​​គាត់​មាន​ទម្លាប់​មិន​ល្អ​ក្នុង​ការ​ចោល​សំរាម។

A: តេីក្រុមនិស្សិតប្លាស្ទិកត្រូវបានបង្កេីតឡេីងនៅពេលណា ហេីយធ្វេីសកម្មភាពអ្វី និងនៅឯណាខ្លះ?

Q: និស្សិតប្លាស្ទិកបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០២២ សកម្មភាពដែលយើងធ្វើមានពីរ សកម្មភាពប្រមូលសំរាមតាមទីសាធារណៈនិងប្រឡាយនានា ហើយនិងផ្សព្វផ្សាយសកម្មភាពដែលយើងធ្វើនៅលើប្រព័ន្ធ social media ហើយប្រសិននៅណាខ្លះគឺនៅតាមមាត់ទន្លេ តាមលូទឹកស្អុយហើយតាមទីសាធារណៈមួយចំនួន។

A: តេីចាប់តាំងពីក្រុមនិស្សិតប្លាស្ទិកប្រមូលសំរាមនៅតាមតំបន់នោះ រហូតមកដល់ពេលនេះសុភេមឃេីញមានភាពប្រសេីរបែបណាខ្លះដែរ?

Q: យើងមើលឃើញថាវាមានភាពប្រសើរខ្លះដែរមិនទាំងអស់ទេ កន្លែងមួយចំនួនដែលយើងបានប្រមូលដែលយើងបានធ្វើសកម្មភាពហ្នឹងឧទាហរណ៍ដូចជានៅតាមប្រឡាយលូទឹកស្អុយមួយចំនួនគឺស្អាតដដែល។ មកដល់ពេលនេះ ជាក់ស្តែងនៅតែមានកន្លែងមួយចំនួនទៀតឧទាហរណ៍ដូចជាកន្លែងមាត់ទន្លេ នៅតែមានសំរាមចោលដដែលតែវាគ្រាន់បើជាងពីមុន ពីមុនវាច្រើនជាងហ្នឹង តែឥឡូវវារាងគ្រាន់ ប្រសើរជាងមុនហើយ មានន័យថាប្រជាពលរដ្ឋចាប់ផ្តើមទទួលបានការផ្សព្វផ្សាយរបស់យើងច្រើនគាត់ឃើញសកម្មភាពយើងហើយចូលរួមសហការមិនចោលសំរាមតទៅទៀត។

Q. ហេតុ​អ្វី​បាន​ជា​សំរាម​ប្លា​ស្ទិក​នៅ​តែ​ត្រូវ​បាន​បោះ​ចោល​ពាស​វាល​ពាស​កាល?

A. ចម្លើយ​ដ៏​សា​មញ្ញ​​​គឺ​ដោយ​សារ​​អ្នក​ដែល​បោះ​ចោល​ហ្នឹង​គាត់​មិន​ទាន់​យល់​ពី​ផល​ប៉ះ​ពាល់​នៃ​សំរាមហ្នឹង​ គាត់​មាន​ទម្លាប់​នៃ​ការ​ចោល​ហ្នឹង​តាម​គ្នា ​គាត់​មាន​ផ្នត់​គំ​និត​បែប​ហ្នឹង​បើ​សិន​ជា​គាត់​ដឹង​ថា​ការ​ចោល​សំរាម​ហ្នឹង​វា​ប៉ះ​ពាល់​បែប​ណា​ទៅ​កាន់​សង្គម​យើង​ ទៅ​កាន់​បរិស្ថាន​ ប្រ​ហែល​ជា​គាត់​មិន​ចោល​ទេ។​​ អញ្ចឹង​អា​ហ្នឹង​ជា​ហេតុ​ផល​ចម្បង​ដែល​គាត់​នៅ​តែ​ចោល​ហើយ​អាច​និយាយ​បាន​ថា​គាត់​អាត្មា​និយម​ យក​ស្រួល​តែ​ខ្លួន​ឯង​​ សំរាម​ទៅ​ណា​ទៅ​ៗ​ ឲ្យ​តែ​អស់​ពី​ខ្លួន​គាត់​ អា​ហ្នឹង​ជា​កត្តា​ដែល​មាន​សំរាម​។

Q. ការ​បោះ​ចោល​សំរាម​ប្លា​ស្ទិក​គ្មាន​សណ្តាប់​នេះ​ប៉ះ​ពាល់​អ្វី​ខ្លះ?​

A. បើ​និយាយ​ពី​ការ​ប៉ះ​ពាល់​វា​ប៉ះ​ពាល់​ច្រើន​ណាស់។​​ ខ្ញុំ​សុំ​លើក​មួយ​ចំនួន​ ទី​មួយ​វាប៉ះ​ពាល់​ដល់​សោ​ភ័ណ្ឌ​ភាព​ទី​ក្រុង​យើង។ ​យើង​ដឹង​ហើយ​ថា​ពេល​យើង​ចោល​សំរាម​តាម​ប្រឡាយ​លូ​ តាម​ទី​សា​ធារណៈ​ វា​មិន​មើល​ទៅ​ល្អ​មើល​ទេ ​វាគគ្រិច​មែន​ទែន​ វាធ្វើ​ឲ្យ​បាត់​សោ​ភ័ណ្ឌ​ភាព​ធម្មជាតិ​ក៏​ដូច​ជា​ទី​ក្រុង​។ ហើយ​ទី​ពីរ​សំខាន់​នោះ​គឺ​វា​ប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រទេស​ជាតិ​យើង​ដែរ​នៅ​ពេល​ដែល​សាសន៍​គេ​មក​ឃើញ​កន្លែង​មួយ​ចំនួន​សុទ្ធ​តែ​សំរាម​ ហើយ​ទី​បី​ប្រ​សិន​បើ​សំរាម​ត្រូវ​បាន​បោះ​ចោល​តាម​ប្រឡាយ ​ឬ​ក៏​នៅ​ក្នុង​ទន្លេ ​វា​ប៉ះ​ពាល់​ដល់​ត្រី​ ឬក៏​ដល់​ជីវ​ចម្រុះ​នៅ​ក្នុង​ទឹក​ ព្រោះ​សំរាម​ប្លាស្ទិក​វា​អត់​រលាយ​លឿន​ទេ​ ទោះ​បី​ជា​វា​រលាយ​ក៏​វាមិន​ទៅ​ណា​ដែរ ​វា​ក្លាយ​ជា​ប្លាស្ទិក​តូចៗ។​ ​ហើយ​ខ្ញុំ​ឧទា​ហរណ៍​មួយ​ចុះ ​ត្រី​វា​អាច​ច្រ​លំ​ថា​ចំណី​វា​ហើយ​វា​អាច​ស៊ី​ប្លាស្ទិក​ហ្នឹង​ ហើយ​កាល​ណា​យើង​បរិភោគ​ត្រី​ហ្នឹង​គឺ​វា​ប៉ះ​ពាល់​។ បើ​និ​យាយ​រឿង​សុខ​ភាព​វា​ប៉ះ​ពាល់​ដល់​អ្នក​នៅ​តំ​បន់​មាន​សំរាម​ហ្នឹង​ដែរ​ ឧទាហរណ៍​​ដូច​ជា​នៅ​តាម​តំ​បន់​ អញ្ចឹង​សំរាម​ហ្នឹង​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទឹក​មាន​ក្លិន​មិន​ល្អ ​វា​មាន​មេ​រោគ​មាន​អី​ច្រើន ​ហើយ​សួរ​ថា​អ្នក​ណា​រស់​នៅ​ទី​ហ្នឹង​គឺ​ប្រជា​ពលរដ្ឋ អ៊ីចឹង​ប្រ​ជា​ពលរដ្ឋ​ដែល​រស់​នៅ​ទី​ហ្នឹង​គឺ​នឹង​ទទួល​ផល​ប៉ះ​ពាល់​ពី​សំរាម​ហ្នឹង​ វា​ត្រូវ​ប៉ះ​ពាល់​ដល់​សុខ​ភាព​គាត់​ហើយ​ត្រូវ​ចំណាយ​លុយ​ចំ​ណាយ​អី​ទៅ​ពេទ្យ​ហើយ​ដោយ​សារ​ផល​ប៉ះ​ពាល់​ចេញ​ពី​សំរាម​ហើយ​ក៏​មាន​ការ​ប៉ះពាល់ច្រើន​ទៀត​តែ​ខ្ញុំ​សុំ​លើក​តែ​មួយ​ចំណុច​ហ្នឹង​។

Q. តើ​សុភេម​គិត​ថា​ភាគី​ពាក់​ព័ន្ធ​គួរ​ចូល​រួម​ដូច​ម្តេច​ខ្លះ​ក្នុង​ការ​កាត់​បន្ថយ​ការ​បោះ​សំរាម​គ្មាន​សណ្តាប់​ធ្នាប់?

A. សម្រាប់​ការ​ចូល​រួម​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ការ​ចោល​សំរាម​អត់​មាន​សណ្តាប់​ធ្នាប់​ហ្នឹង​ ខ្ញុំ​គិត​ថាត្រូវ​តែ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំង​អស់​ មិន​ថា​ភា​គី​ណា​ទេ​ ពួក​យើង​ផ្ទាល់​ខ្លួន​ ខ្លួន​ឯង​ហ្នឹង​ដោយ​សារ​ពួក​យើង​ត្រូវ​ដឹង​ថា​ ដើម្បី​បាន​ប្រទេស​ស្អាត​មិន​មែន​ត្រូវ​ការ​អ្នក​សម្អាត​មក​សម្អាត​ទេ​ មិន​មែន​ត្រូវ​ការ​ម្នាក់​នេះ ​ម្នាក់​នោះ​មក​សម្អាត​ដើម្បី​ស្អាត​ទេ​ គឺ​ត្រូវ​ការ​ស្អាត​ចេញ​ពី​ខ្លួន​ឯង​ ខ្លួន​ឯង​ស្អាត​មិន​បោះ​ចោល​សំរាម​ផ្តេស​ផ្ដាស​គឺ​ប្រទេស​ហ្នឹង​ស្អាត​ហើយ​ចឹង​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​ចាប់​ផ្តើម​ទាំង​អស់​គ្នាដើម្បី​បញ្ហា​ហ្នឹង​ឈប់​មាន។

Q. តើ​ក្រុម​និស្សិត​ប្លាស្ទិក​ប្តេជ្ញា​បែប​ណា​ក្នុង​ការ​ប្រ​មូល​សំរាម​ពី​ទី​ក្រុង​ភ្នំពេញ​?

A. និ​យាយ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ​គឺ​យើង​ចង់​ឃើញ​ទី​ក្រុង​ភ្នំពេញ​គ្មាន​សំរាម ​ជា​ពិ​សេស​តាម​ប្រឡាយ​លូ​គឺ​ឈប់​មាន​សំរាម​ដូច​មុន​ ប៉ុន្តែ​យើង​មិន​ប្រាកដ​ថា​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ហ្នឹង​បាន​សម្រេច​ទេ ​តែ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ពី​ព្រោះ​យើង​ជា​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ហើយ​យើង​គ្មាន​អី​ក្រៅ​ពី​គំ​និត​ផ្តួច​ផ្តើម​សម្អាត​សំរាម​ប្លាស្ទិក​ហ្នឹង​ទេ​។ អ្វី​ទាំង​អស់​ហ្នឹង​ជា​អី​ដែល​យើង​អាច​ធ្វើ​បាន​ ហើយ​យើង​សង្ឃឹម​ថា ​សកម្មភាព​ទាំង​អស់​ហ្នឹង​វា​ជះ​ឥទ្ធិ​ពល​ល្អ​ទៅ​កាន់​ប្រ​ជា​ពលរដ្ឋ​ ជា​ពិសេស​អ្នក​ដែល​តែង​តែ​បោះ​ប្លាស្ទិក​ចោល​ហ្នឹង​ គាត់​អាច​គិត​ឡើង​វិញ​ ហ្នឹង​ហើយ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​គឺ​ចង់​ឃើញ​ទីក្រុង​ភ្នំពេញ​ស្អាត​ មាន​សណ្តាប់​ធ្នាប់​។

Q. អរគុណ​ច្រើន​សម្រាប់​ការ​ផ្តល់​បទ​សម្ភាស។

A.បាទ!៕