កូដករណាហ្គាវើលដ៍ សហជីព និងអង្គការសង្គមស៊ីវិល ស្នើយ៉ាងទទូចដល់ប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ទៅតុលាការឱ្យមានការទម្លាក់បទចោទ និងដោះលែងកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យមានសេរីភាពវិញ។
ការស្នើនេះបានធ្វើឡើងកំឡុងពេលដែលក្រុមកូដករណាហ្គាវើលដ៍ មន្រ្តីសហជីព សមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំណាងអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្សប្រមាណ ៥០នាក់ បានជួបជុំគ្នាសម្តែងមតិ ថ្លែងសារ និងបង្ហោះប៉េងប៉ោងជាដើម នៅមុខពន្ធនាគារព្រៃស (ម២) កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃខួបនៃការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)។
ម្យ៉ាងវិញទៀតអតីតបុគ្គលិកណាហ្គាវើលដ៍ និងក្រុមសហជីព ចាត់ទុកការដោះលែងកញ្ញា ឈឹម ស៊ីថរ គឺជាចំណែកដ៏ធំមួយក្នុងការស្ដារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ ព្រោះថាកន្លងមក មជ្ឈដ្ឋានជាតិ និងអន្តរជាតិ តែងតែរិះគន់កម្ពុជាជុំវិញការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋជាបន្តបន្ទាប់ ជាពិសេសក្រោយពីកញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនក្រោមបទចោទមិនសមហេតុផលនោះ។
កូដករណាហ្គាវើលដ៍ លោក ណាំ ជីវន្ត បានលើកឡើងថា ការជុំជួបគ្នាសម្ដែងមតិនៅមុខពន្ធនាគារនេះ ធ្វើឡើងក្នុងគោលបំណងផ្ញើក្ដីនឹករឭក និងការលើកទឹកចិត្តដល់កញ្ញា ឈឹម ស៊ីថរ ដែលបានស៊ូទ្រាំជាប់ពន្ធនាគាររយៈពេលជាង ១ឆ្នាំ ដោយគ្មានកំហុស ហើយក្រុមកូដករនៅតែរក្សាជំហរមាំដដែល ដោយមិនដែលបោះបង់កញ្ញាចោលនោះទេ។ ទន្ទឹមនឹងនេះ លោក ជីវន្ត បានរំឭកថា កញ្ញា ឈឹម ស៊ីថរ ជាមេដឹកនាំសហជីពគំរូ ដែលក្លាហានប្រឆាំងអំពើអយុត្តិធម៌ពីសំណាក់អ្នកមានលុយមានអំណាច។
លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ សុំឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ព្រោះការជាប់ពន្ធនាគាររយៈពេលជាង ១ឆ្នាំ របស់កញ្ញាដោយគ្មានកំហុសទេ»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ បានលើកឡើងថា ការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ជាការបំបិទសិទ្ធិសេរីភាពលើសហជីពឯករាជ្យ ដែលការពារសិទ្ធិស្របច្បាប់របស់កម្មករ។ លោកអំពាវនាវឱ្យបញ្ឈប់និន្នាការរើសអើង និងការធ្វើទុក្ខបុកម្នេញទាំងនោះ និងជំរុញដល់រដ្ឋាភិបាលធ្វើអន្តរាគមន៍ទៅតុលាការទម្លាក់ចោលការចោទប្រកាន់លើកញ្ញាឈឹម ស៊ីថរ និងជួយអន្តរាគមន៍ទៅក្រុមហ៊ុនឱ្យទទួលយកកូដករណាហ្គាវើលដ៍ចូលធ្វើការវិញ ដើម្បីកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិក និងស្ដារមុខមាត់រដ្ឋាភិបាលសម្រាប់ឆ្នាំថ្មី។
លោកថ្លែងថា៖ «ប្រសិនបើគ្មានការដោះលែងកញ្ញា ឈឹម ស៊ីថរ ទេ សហជីពទាំងអស់គ្មានការជឿជាក់លើរដ្ឋាភិបាលថ្មីនេះថានឹងអាចបើកលំហសិទ្ធិសេរីភាពរបស់កម្មករ និងសហជីពឡើយ»។
ជាមួយគ្នានេះដែរ ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បានផ្ញើសារជូនពរ និងស្រែកជាមួយកូដករទាមទារយុត្តិធម៌ជូនកញ្ញា ឈឹម ស៊ីថរ នៅពីក្រៅពន្ធនាគារ។
អ្នកស្រីក៏បានស្នើដល់រដ្ឋាភិបាលដោះស្រាយបញ្ចប់រឿងនេះឱ្យបានឆាប់ ពីព្រោះការបញ្ឈប់កម្មករ ដោយសារតែការរើសអើងកន្លងមក ជាទង្វើរំលោភច្បាប់ ខណៈការដាក់ទោសទណ្ឌលើកញ្ញា ឈឹម ស៊ីថរ មកដល់ពេលនេះ គឺជាការព្រមានដល់អ្នកផ្សេងទៀត ដើម្បីកុំឱ្យងើបតវ៉ាប្រឆាំងការរំលោភបំពានសិទ្ធិកម្មករ។
អ្នកស្រីថ្លែងថា៖ «លោក ហ៊ុន ម៉ាណែត [នាយករដ្ឋមន្ត្រី]គួរតែមកជួយកម្មករដែលរងនូវការរំលោភបំពានសិទ្ធិការងារពីក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីឱ្យដឹងច្បាស់ដោយខ្លួនឯងថា កម្មករទាំងនេះពិតជាស៊ីឈ្នួលធ្វើកូដកម្មដូចគេបានចោទប្រកាន់ ឬពួកគេធ្វើកូដកម្មដើម្បីតែយុត្តិធម៌»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ។
កញ្ញា ឈឹម ស៊ីថរ វ័យ ៣៧ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួនលើកទីមួយ នៅកន្លែងធ្វើកូដកម្មក្បែររដ្ឋសភា កាលពីដើមខែមករា ឆ្នាំ២០២២។ ក្រោយមានសេរីភាពឡើងវិញ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ កញ្ញា ឈឹម ស៊ីថរ បានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ចូលរួមមហាសន្និបាតពិភពលោកនៃសហភាពសហជីពអន្តរជាតិ (ITUC) នៅទីក្រុង Melbourne ហើយនៅពេលកញ្ញាត្រឡប់មកវិញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរក៏បានចាប់ខ្លួនជាលើកទី២ និងបញ្ជូនខ្លួនទៅតុលាការ។
ការចាប់ខ្លួនលើកទីពីនេះ តុលាការ បានសម្រេចចោទប្រកាន់ទៅលើកញ្ញា ពាក់ព័ន្ធនឹងបទល្មើសបម្រាមតុលាការ។ ប៉ុន្តែតំណាងសហជីពណាហ្គាវើលដ៍ច្រានចោលការចោទប្រកាន់នោះ ខណៈក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិរិះគន់ថា ការឃាត់ខ្លួននេះ ជាការគំរាមកំហែង និងបំភិតបំភ័យថ្មីមួយទៀតលើមេដឹកនាំសហជីព។
អង្គការសង្គមស៊ីវិលជាច្រើនលើកឡើងថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ចំពោះការខកខានក្នុងការអនុវត្តនូវលក្ខខណ្ឌដែលតុលាការមិនបានប្រាប់សាមីខ្លួន និងមេធាវីឱ្យដឹងមុន គឺជាភាពអយុត្តិធម៌មួយសម្រាប់តំណាងកម្មកររូបនេះ។
ទាក់ទិននឹងសកម្មភាពការពារសិទ្ធិកម្មករ កាលពីដើមឆ្នាំ២០២៣ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជាម្ចាស់ពានរង្វាន់ម្នាក់ក្នុងចំណោមម្ចាស់ពាន ១០នាក់ផ្សេងទៀតនៅជុំវិញសកលលោក ដែលទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២៕