កូដករ​​ណាហ្គា​វើលដ៍ សហជីព និងអង្គការសង្គមស៊ីវិល ស្នើយ៉ាងទទូចដល់ប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ទៅតុលាការឱ្យមានការទម្លាក់បទចោទ​ និង​​ដោះលែ​ង​​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យ​មានសេរីភាពវិញ។

ការស្នើនេះបានធ្វើឡើងកំឡុងពេលដែល​ក្រុម​កូដករ​ណាហ្គាវើលដ៍ មន្រ្តី​សហជីព សមាគម​ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំណាងអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្ស​​ប្រមាណ ៥០នាក់ បាន​ជួបជុំ​គ្នាសម្តែង​មតិ​ ថ្លែងសារ និង​បង្ហោះ​ប៉េងប៉ោងជាដើម នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស (ម២) កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃខួបនៃការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ដឹកនាំសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU)។

ម្យ៉ាងវិញទៀតអតីត​បុគ្គលិក​ណាហ្គា​វើលដ៍ និង​ក្រុមសហជីព​ ចាត់ទុកការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ គឺជា​ចំណែក​ដ៏​ធំ​មួយ​ក្នុង​ការ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ ព្រោះ​ថា​កន្លង​មក មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ តែងតែ​រិះគន់​កម្ពុជា​ជុំវិញ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់ ជាពិសេស​ក្រោយពី​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​មិន​សម​ហេតុផល​នោះ។

កូដករ​ណាហ្គាវើលដ៍ លោក ណាំ ជីវន្ត បានលើកឡើងថា ការជុំជួបគ្នា​សម្ដែង​មតិនៅមុខពន្ធនាគារ​​នេះ ធ្វើឡើង​​ក្នុង​គោលបំណង​​ផ្ញើ​ក្ដី​នឹក​រឭក និង​​ការ​លើក​ទឹកចិត្ត​ដល់​កញ្ញា ឈឹម ស៊ីថរ ដែល​បាន​ស៊ូទ្រាំ​ជាប់​ពន្ធនា​គារ​​រយៈ​​ពេល​​ជាង ១ឆ្នាំ ដោយ​គ្មាន​កំហុស ហើយក្រុម​កូដករ​នៅ​តែ​រក្សា​ជំហរ​មាំ​ដដែល ដោយ​មិន​ដែល​បោះ​បង់​​កញ្ញា​ចោល​នោះ​ទេ។ ទន្ទឹម​នឹង​នេះ លោក ជីវន្ត បាន​រំឭក​ថា កញ្ញា ឈឹម ស៊ីថរ ជា​មេ​ដឹកនាំ​សហជីព​គំរូ ដែល​ក្លាហាន​ប្រឆាំង​អំពើ​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​លុយ​មាន​អំណាច។

លោកបន្ថែម​ថា៖ «ខ្ញុំសូម​អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ សុំឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ព្រោះការជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង ១ឆ្នាំ របស់កញ្ញាដោយ​គ្មាន​កំហុសទេ»។

​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ(IDEA) លោក វន់ ពៅ បានលើកឡើងថា ​ការឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​លើ​សហជីព​ឯករាជ្យ ដែល​ការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​កម្មករ។ លោក​អំពាវនាវ​ឱ្យ​បញ្ឈប់​និន្នាការ​រើសអើង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​នោះ និង​​ជំរុញ​ដល់​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ទៅ​តុលាការ​​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​លើ​កញ្ញា​ឈឹម ស៊ីថរ និង​ជួយអន្តរាគមន៍ទៅក្រុមហ៊ុនឱ្យទទួល​យក​កូដករ​ណាហ្គាវើលដ៍ចូល​​ធ្វើ​ការ​វិញ ដើម្បី​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប និង​GSP របស់​សហរដ្ឋ​អាមេរិក និង​ស្ដារ​មុខមាត់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​ថ្មី។

លោកថ្លែង​​ថា៖ «ប្រសិនបើ​គ្មាន​ការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ទេ សហជីព​ទាំងអស់​គ្មាន​ការ​ជឿជាក់​លើ​រដ្ឋាភិបាល​ថ្មី​នេះ​ថា​នឹង​អាច​បើក​លំហ​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព​ឡើយ»

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បាន​ផ្ញើ​សារ​ជូនពរ និង​ស្រែក​ជាមួយ​កូដករ​ទាមទារ​យុត្តិធម៌​ជូន​កញ្ញា ឈឹម ស៊ីថរ នៅ​ពី​ក្រៅ​ពន្ធនាគារ។

អ្នកស្រីក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​រឿង​នេះ​ឱ្យ​បាន​ឆាប់ ពីព្រោះ​ការ​បញ្ឈប់​កម្មករ ដោយសារ​តែ​ការ​រើសអើង​កន្លង​មក ជា​ទង្វើ​រំលោភ​ច្បាប់ ខណៈ​ការ​ដាក់​ទោស​ទណ្ឌ​លើ​កញ្ញា ឈឹម ស៊ីថរ មក​ដល់​ពេល​នេះ គឺ​ជា​ការ​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត ដើម្បី​កុំ​ឱ្យ​ងើប​តវ៉ា​ប្រឆាំង​ការ​រំលោភ​បំពាន​សិទ្ធិ​កម្មករ។

អ្នកស្រីថ្លែងថា៖ «លោក ហ៊ុន ម៉ាណែត [នាយករដ្ឋមន្ត្រី]គួរតែ​មក​ជួយ​កម្មករ​ដែល​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ដោយ​ខ្លួនឯង​ថា កម្មករ​ទាំងនេះ​ពិត​ជា​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​ដូច​គេ​បាន​ចោទប្រកាន់ ឬ​ពួកគេ​ធ្វើ​កូដកម្ម​ដើម្បី​តែ​យុត្តិធម៌»

​​ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ។

កញ្ញា ឈឹម ស៊ីថរ វ័យ ៣៧ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​លើក​ទី​មួយ នៅ​កន្លែង​ធ្វើ​កូដកម្ម​ក្បែរ​រដ្ឋសភា កាល​ពី​ដើម​ខែមករា ឆ្នាំ២០២២។ ​ក្រោយ​មាន​សេរីភាព​ឡើងវិញ នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ កញ្ញា ឈឹម ស៊ីថរ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ចូលរួម​មហាសន្និបាត​ពិភពលោក​នៃ​សហភាព​សហជីព​អន្តរជាតិ (ITUC) នៅ​ទីក្រុង Melbourne ហើយនៅពេលកញ្ញាត្រឡប់មកវិញ​កាល​ពី​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរក៏បានចាប់ខ្លួនជាលើកទី២ និងបញ្ជូនខ្លួនទៅតុលាការ។ 

ការ​ចាប់​ខ្លួន​លើក​ទី​ពី​នេះ តុលាការ បាន​សម្រេច​​ចោទប្រកាន់ទៅលើ​​កញ្ញា ពាក់ព័ន្ធនឹង​​បទ​ល្មើស​បម្រាម​តុលាការ។ ប៉ុន្តែ​តំណាង​សហជីព​ណាហ្គាវើលដ៍​ច្រាន​​ចោល​​ការ​ចោទ​ប្រកាន់​នោះ ខណៈ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​រិះគន់​ថា ការ​ឃាត់​ខ្លួន​នេះ ជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​ថ្មី​មួយ​ទៀត​លើ​មេ​ដឹកនាំ​សហជីព។

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​លើកឡើង​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ចំពោះ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​តុលាការ​មិន​បាន​ប្រាប់​សាមីខ្លួន និង​មេធាវី​ឱ្យ​​​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌​មួយ​​សម្រាប់​តំណាង​​កម្មករ​​រូ​ប​​នេះ។

ទាក់ទិន​នឹង​សកម្មភាព​ការពារ​សិទ្ធិ​កម្មករ កាលពី​ដើម​ឆ្នាំ​២០២៣ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នក​ដឹកនាំ​សហជីព​នៅ​កម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជា​ម្ចាស់​ពានរង្វាន់​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ពាន ១០​នាក់​ផ្សេង​ទៀត​នៅ​ជុំវិញ​សកលលោក ដែល​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០២២៕