ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុស​កូវីដ​១៩​ប្រភេទថ្មី​ឈ្មោះ​​ថា អូមីក្រុង​​​ JN.1 និង​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់ការ​ឆ្លង​។​

ក្នុងសេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាលចេញ​នៅ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣​បាន​ឱ្យ​ដឹង​ថា ក្រសួង​បានរកឃើញវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង JN.1 (Omicron JN.1) ចំនួន ៤ករណីលើ​អ្នក​ជំងឺ​​​បួន​នាក់​ដែលបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ដំបូង​ថា​មាន​ប្រភេទ​នេះ។ បច្ចុប្បន្ន​ពួកគេ​​​បាន​ជា​សះស្បើយ​ពេញ​លេញ និង​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​គេហដ្ឋាន​របស់​ពួកគេ។

ក្រសួង​បញ្ជាក់​ថា អង្គការសុខភាពពិភពលោក (WHO) បានចាត់ថ្នាក់​វ៉ារ្យ៉ង់​ថ្មីនេះថា​ជា​វ៉ារ្យង់​នៃ​ចំណាប់​​អារម្មណ៍ (VOI) ដោយបង្ហាញថាវាមិនធ្ងន់ធ្ងរពេកទេ​ហើយបច្ចុប្បន្ន​មិន​បង្កើត​ជាវ៉ារ្យង់នៃ​ការព្រួយ​បារម្ភ (VOC) ទេ។ ហើយប្រព័ន្ធតាមដានជំងឺឆ្លងរបស់ក្រសួងសុខាភិបាលក៏​បានបញ្ជាក់​ពីការ​សង្កេត​ឃើញ​ការកើនឡើងនៃករណីជំងឺកូវីដ-១៩ កើតឡើងជាពិសេស​ក្នុង​ចំណោម​បុគ្គល​ដែល​ចូល​ប្រើប្រាស់​សេវា​ថែទាំសុខភាព។

ក្រសួងក៏​កំពុង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​រក្សា​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោលការណ៍​ណែនាំ​បង្ការ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ប្រភេទ​ថ្មី​នេះ។ វិធានការទាំងនេះរួមមាន ការលាងដៃ​ជា​ប្រចាំ​ជាមួយ​សាប៊ូ ឬការប្រើទឹកអាកុលលាងដៃ ពាក់ម៉ាស់ និងអនុវត្តសុជីវធម៌ផ្លូវដង្ហើម ដូចជាខ្ទប់មាត់ និងច្រមុះពេលក្អក ឬកណ្តាស់។

ក្រសួងក៏ផ្តោតជាពិសេសទៅលើក្រុមដែលមានហានិភ័យខ្ពស់ រួមមានកុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពពីមុនមក ដោយណែនាំពួកគេឱ្យជៀសវាងការជួបជុំគ្នាច្រើន និង​រក្សា​គម្លាតសង្គម។

តាមសេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ចំពោះបុគ្គលដែលចេញរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើមត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ឬប្រជាពលរដ្ឋអាចទទួលបានព័ត៌មានបន្ថែម និងស្វែងរកជំនួយតាមរយៈលេខទូរសព្ទបន្ទាន់លេខ ១១៥ របស់ក្រសួងសុខាភិបាល ៕​