ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះ ឬស្លាប់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅ​​ប្រទេសជប៉ុននៅឡើយទេ គិតត្រឹមរសៀលថ្ងៃ​ទី០២ ខែមករា ឆ្នាំ២០២៤នេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់​ក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​​ ចេញផ្សាយនៅរសៀល​ថ្ងៃទី០២ ខែមករានេះ លើក​ឡើង​​ថា ក្រសួង និង​ស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​និង​កំពុងតាម​ដាន​​ដោយ​​យកចិត្ត​ទុកដាក់​នូវការវិវត្តនៃគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសជប៉ុន ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរ​មួយ​ចំនួន​នៅទីនោះផងដែរ។

ក្រសួងបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់ដែលបានបង់បាត់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដី កម្រិត ៧.៦រ៉ិចទ័រនោះទេ ស្របពេលមានពលរដ្ឋខ្មែរជាង ១ ៦០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦) ក្នុងប្រទេសជប៉ុន។ ចំពោះ​និស្សិតខ្មែរចំនួន៣រូប ដែលស្ថិតនៅក្នុងខេត្ត Ishikawa និងចំនួន ៥រូប​ផ្សេង​ទៀត នៅក្នុង​ខេត្ត Niigata ក្រសួងការបរទេសថា ពួកគេ​​ត្រូវបានជម្លៀសទៅទីតាំង​មានសុវត្ថិភាពរួចហើយ​ដែរ។

ក្រសួងថា៖«សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល»។

ក្រោមស្ថានភាពបែបនេះ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន ជាពិសេស​ក្នុងតំបន់គ្រោះថ្នាក់ ត្រូវ​មានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាព។

ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូត​​កម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានចេញសេចក្តីជូនដំណឹងផងដែរថា គិតត្រឹម​ម៉ោង​១រសៀលថ្ងៃទី០២ ខែមករា មានអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីចំនួន ២៤នាក់ និងរបួស​ជាង ៦០នាក់ នៅតំបន់រងគ្រោះទាំង៦។ ប្រភពដដែលបន្តថា បើទោះជា​ទីភ្នាក់ងារឧតុនិយមជប៉ុន​បានដក​ការ​ព្រមាន​អំពីរលកយក្សស៊ូណាមិ នៅតាមបណ្តា​ខេត្ត​ដែលរងគ្រោះដោយគ្រោះមហន្ត​រាយ​នៃការជញ្ជួយដីក៏ដោយ ក៏នៅបន្តឱ្យប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នូវហានិភ័យនៃគ្រោះរញ្ជួយដីនៅអំឡុងពេល២ទៅ៣ថ្ងៃខាងមុខ​ទៀត។

ស្ថានទូតកម្ពុជា ​ក៏បាន​ផ្សព្វផ្សាយលេខទូរស័ព្ទទំនាក់ទំនងដល់ពលរដ្ឋខ្មែរនៅប្រទេស​ជប៉ុន​ ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ គឺលេខ ០៨០ ៤៦៨៩ ៩៣៧៤ និង​ទំព័រហ្វេសប៊ុកស្ថានទូត (Royal Embassy of Cambodia in Japan)។

ពលរដ្ឋខ្មែរម្នាក់ដែលកំពុងរស់នៅប្រទេសជប៉ុន លោកស្រី ខម សម្ផស្ស បានបង្ហោះវីឌីអូតាមបណ្តាញសង្គមហេ្វសប៊ុករបស់លោកស្រី ដែលបង្ហាញអំពីសកម្មភាពកំពុងបីកូនតូច រត់ចូលក្រោមតុ ដើម្បីការពារសុវត្ថិភាព ក្នុងពេលផ្ទះរបស់លោកស្រី កំពុងរំញ័រខ្លាំង និងរបស់របរផ្សេងៗទៀតធ្លាក់ចុះពេញផ្ទះ ដោយសារគ្រោះរញ្ជួយដី កម្រិត ៧.៦រ៉ិចទ័រ។ ខណៈពេលលោកស្រីកំពុងកាន់ទូរស័ព្ទក្នុងដៃ ដើម្បីតាមដានស្ថានភាពនៃការផ្តល់សញ្ញាហានិភ័យ របស់រដ្ឋាភិបាលជប៉ុន ជាមួយអារម្មណ៍តានតឹង និងទឹកភ្នែកផងនោះ លោកស្រីក៏បង្ហាញទីតាំងផ្ទះតាមរយៈទូរស័ព្ទដៃ ដែលផ្ទះរបស់លោកស្រីក្បែរកន្លែងគ្រោះរញ្ជួយដី វាយប្រហារខ្លាំងនោះដែរ។

លោកស្រីថា៖«បងប្អូនទាំងអស់គ្នា ខ្ញុំ និងអាយូមី[កូនរបស់គាត់] ឥឡូវនៅក្រោមតុ ដោយសាររញ្ជួយដីខ្លាំង រញ្ជួយដីខ្លាំងណាស់បងប្អូន រង្គើផ្ទះអស់ហើយ»។

ចំណែកឯលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បញ្ជាក់ថា បច្ចុប្បន្នមានពលករ និងសិក្ខាកាមខ្មែរ កំពុងធ្វើការងារនៅប្រទេសជប៉ុនប្រមាណជាង ៤ម៉ឺននាក់ ដោយឡែកនៅកន្លែងកំពុងមានគ្រោះរញ្ជួយដីនោះ​ ក៏មានពលករខ្មែរដែរ ប៉ុន្តែលោកមិនដឹងច្បាស់ថាមានប៉ុន្មាននោះឡើយ។ ជាមួយគ្នានេះ លោកថា ជាទូទៅពាក់ព័ន្ធតួលេខ ឬស្ថិតិចំពោះពលករខ្មែរនៅក្រៅប្រទេស នៅមិន​ទាន់មានប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ឱ្យច្បាស់លាស់នៅឡើយទេ ដែលនេះជាផលលំបាកក្នុងការទាក់ទង ឬក៏ស្វែងរកព័ត៌មាននៅពេលមាន​ហានិភ័យណាមួយកើតឡើង។

លោកបន្តថា៖«ចំណុចមួយនេះហើយដែលនៅពេលមានហានិភ័យកើតឡើង យើងពិបាកនៅក្នុងការកំណត់អត្ត​​សញ្ញាណ ឬក៏ព័ត៌មាននៅក្នុងការស្វែងរកឱ្យដឹងអំពីស្ថានភាព ឬក៏ស្ថិតិពលករខ្មែរដែលស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យ ឬក៏គ្រោះរញ្ជួយដី»។

ទន្ទឹមនឹងនេះ លោក ថារ៉ូ យល់ឃើញថា ការគ្រប់គ្រងស្ថិតិពលករខ្មែរនៅក្រៅប្រទេស ជារឿងដ៏សំខាន់ ដូច្នេះលោកស្នើឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការជាមួយរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំប្រទេសជប៉ុន ធ្វើយ៉ាងណាដើម្បីអាចជំរឿនសិ្ថតិនិស្សិត ឬពលករខ្មែរដែលកំពុងរស់នៅ​ និងធ្វើការងារនៅប្រទេសជប៉ុនឱ្យបានច្បាស់លាស់ ដើម្បីអាចបង្កើតទិន្នន័យគ្រប់គ្រងមួយដែលច្បាស់លាស់ ដែលវាងាយនឹងផ្តល់ភាពងាយស្រួលក្នុងការជូនដំណឹង ឬព័ត៌មានក្នុងករណីហានិភ័យណាមួយកើតឡើង។

លោកបន្ថែមថា៖«នៅពេលមានហានិភ័យគ្រោះមហន្តរាយ ឬក៏គ្រោះរញ្ជួយធម្មជាតិណាកើតឡើង វាងាយស្រួលនៅក្នុងការជូនដំណឹងទៅដល់ពលរដ្ឋខ្មែរ ដើម្បីងាយស្រួលក្នុងបង្ការ ហើយបញ្ហានេះយើងអាចបង្ការបាន ទោះបីយើងមិនអាចគ្រប់គ្រងស្ថានភាពទាំងអស់នោះបាន ក៏ប៉ុន្តែយើងបង្ការ»។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បញ្ជាក់ថា តាមទិន្នន័យគិតត្រឹមឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ជប៉ុន ពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់រងគ្រោះខាងលើ មានចំនួន ៨២នាក់ (ខេត្ត Ishikawa) ២៧៩នាក់ (ខេត្ត Fukui) ២០៨នាក់ (ខេត្ត Nagano) ៧៩១នាក់ (ខេត្ត Gifu) ១៥២នាក់ (ខេត្ត Toyama) និង ១១៧នាក់ (ខេត្ត Niigata)។

អាជ្ញាធរជប៉ុន បានឱ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៤៨នាក់ បន្ទាប់ពីគ្រោះ​រញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារ​ចំតំបន់ភាគកណ្តាលប្រទេសជប៉ុន ខេត្ត Ishikawa និងខេត្តចំនួន ៥ទៀត​ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយ​របស់​សារព័ត៌មាន AFP នាថ្ងៃ​ទី២ ខែមករា ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា គិតចាប់តាំងពីពេលនោះមក ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោចណាស់ ១៥៥​លើក៕