ក្រសួងការងារជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​អំពី​ករណី​ឆបោក​នៃ​ការជ្រើសរើស​ពលករ​ខុស​ច្បាប់​ទៅ​ធ្វើ​​​ការងារ​នៅ​ប្រទេស​​អ៊ីស្រាអែល​ ដោយ​បញ្ជាក់​ថា ​កម្ពុជា​មិនទាន់​មាន​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​ជាមួយ​អ៊ីស្រាអែល​ទាក់ទង​នឹង​ការផ្ទេរកម្លាំងពលករនៅឡើយ​។

ក្នុង​សេចក្ដីជូនដំណឹងរបស់​ក្រសួងការងារ​ចេញ​នៅ​ថ្ងៃទី៣ ខែមករា ឆ្នាំ​២០២៤ បញ្ជាក់ថា ក្រសួង​ការងារ​ កំពុងចរចា​ជាមួយ​តំណាង​អ៊ីស្រាអែល​ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការជ្រើស​រើស និង​ការប​ញ្ជូន​ពលករ​ឲ្យបា​ន​ត្រឹមត្រូវ​ផងដែរ។

សេចក្តី​ជូនដំណឹង​ដដែល​បន្ថែម​ថា ការជ្រើសរើស និងការបញ្ជូន​ពលករ​ទៅធ្វើការ​នៅ​បរទេស​ដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស។

ក្រសួងការងារ​បញ្ជាក់​បន្ថែម​តាម​ន័យ​ដើម​ថា៖ «ក្នុងករណីបានឃើញ ឬមានការ​ផ្សព្វផ្សាយ​ជ្រើសរើស​ពលករទៅបម្រើការងារ​ននី​ប្រទេស​អ៊ីស្រាអែល​ក្នុង​រូបភាពណាក៏​ដោយ សូមមេត្តា​ជូនដំណឹង​ ឬ​រាយការណ៍​​មកក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​តាម​រយៈ Hotline: ១២៩៨ ជាបន្ទាន់​ ដើម្បីអាច​ឱ្យក្រសួង​ពិនិត្យ​ និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់»។

សេចក្តី​ជូនដំណឹង​របស់​ក្រសួងការងារ​ចេញ​ បន្ទាប់ពី​រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ បាន​ផ្សព្វផ្សាយ​សារ​​ក្នុងបណ្តាញ​សង្គម​តេឡេក្រាម​របស់​លោកនៅ​ថ្ងៃជាមួយគ្នា​នោះ​ថា លោក​ទទួល​បាន​ព័ត៌មានថាមាន​ បុគ្គល​មួយរូប​ដែល​មាន​ឈ្មោះក្នុ​ង​តេលេក្រាម​ថា MEAN Sodara បានបង្កើត​តេលេក្រាម​ឆានែល​មួយ​ឈ្មោះ ISRAEL WORK 2024 ដើម្បីជ្រើសរើស និងបញ្ជូន​ពលករ​ឱ្យ​ទៅ​ធ្វើការងារ​នៅ​ប្រទេស​អ៊ីស្រាអែល​ដោយ​ខុសច្បាប់។

លោក​បញ្ជាក់ថា៖ «សូមសាធារណជនមេត្តាជ្រាប និងប្រុងប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយនៅតេលេក្រាមឆានែល ISRAEL WORK 2024 ឱ្យសោះ។ ហើយ​ក្រសួង​នឹង​កំពុង​ធ្វើការ​ជាមួយ​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​ដើម្បី​ចាត់​វិធានការ​ដល់​បុគ្គល​ពាក់ព័ន្ធ»។

លោក​បន្ថែម​ថា ក្រសួងការងារនឹង​ជូនដំណឹងជាសាធារណៈនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រាអែលជាផ្លូវការក្នុងពេលអនាគត នៅពេលដែលមានកិច្ចព្រមព្រៀងច្បាស់លាស់ និងវិធីសាស្ត្រគ្រប់គ្រងជាក់លាក់ក្នុងការការពារ និងគាំពារសិទ្ធិពលករកម្ពុជានៅប្រទេសអ៊ីស្រាអែល៕​