រដ្ឋបាលខេត្តសៀមរាប បានអះអាងថានឹងដោះស្រាយបញ្ហាដែលកំពុងតែប្រឈមមុខដាក់គ្នាទាក់ទងនឹងការចោទប្រកាន់ពីការយកតម្លៃលើសេវាដឹកជញ្ជូនពីក្រុមអ្នកប្រកបមុខមុខរបរទេសចរណ៍ ក្រោយផ្ទុះការតវ៉ាកាលពីថ្ងៃទី៣ ខែ មករាថ្មីៗនេះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថា រដ្ឋបាលខេត្តកំពុងសិក្សា និងរិះរកមធ្យោបាយដើម្បីចរចាជាមួយក្រុមហ៊ុនចិន ដែលសាងសង់ព្រលានយន្តហោះថ្មី នៅស្រុកសូទ្រនិគម ដ្បិតថាផ្លូវនេះស្ថិតក្នុងផែនការវិនិយោគច្បាស់លាស់របស់ក្រុមហ៊ុនចិនមួយនេះ។
លោកបន្តថា៖ «គោលការណ៍យកសេវានេះ គឺតម្រូវសម្រាប់តែរថយន្តចេញចូលក្នុងព្រលានប៉ុណ្ណោះ សម្រាប់រថយន្តបើកបរកាត់ធម្មតា មិនតម្រូវឱ្យបង់សេវាឡើយ។ លោកស្នើឱ្យពលរដ្ឋ ឬប្រតិបត្តិករទេសចរណ៍កុំមានការភាន់ច្រឡំត្រង់ចំណុចនេះ និងទុកពេលឱ្យរដ្ឋបាលខេត្តចរចាជាមួយក្រុមហ៊ុនព្រលានសិន»។
ក្រុមអ្នករត់តាក់ស៊ី ឬអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរខេត្តសៀមរាបប្រមាណ៧០នាក់ បានប្រមូលផ្ដុំគ្នា កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅខាងមុខរដ្ឋបាលខេត្ត ដើម្បីស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហា ដោយចោទប្រកាន់ថាក្រុមហ៊ុនចិន គ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ យកថ្លៃផ្លូវ ដែលក្រុមហ៊ុនបានសាងសង់ ដើម្បីភ្ជាប់ពីព្រលានយន្តហោះ មកផ្លូវជាតិលេខ៥។ក្រុមអ្នកតវ៉ាទាមទារឱ្យភាគីក្រុមហ៊ុនលុបចោលយកថ្លៃសេវាដែលជាបន្ទុកបន្ថែមសម្រាប់អ្នកប្រកបរបរដឹកភ្ញៀវទេសចរណ៍ ព្រោះថាក្រុមហ៊ុនបានយកថ្លៃចំណតឡាន នៅក្នុងព្រលានរួចទៅហើយ។
ក្រោយជួបពិភាក្សាជាមួយអភិបាលរងខេត្តសៀមរាប អស់រយៈពេលប្រមាណ២ម៉ោង ក្រុមអ្នករត់តាក់ស៊ី អះអាងថា ពួកគេមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយទេ។ប្រភពបន្តថាអាជ្ញាធរបានសន្យាថានឹងយកសំណើររបស់ពួកគេ ដាក់ជូនទៅអភិបាលខេត្ត និងរដ្ឋាភិបាលថ្នាក់ជាតិ ហើយនឹងទៅជួបពិភាក្សាជាមួយភាគីក្រុមហ៊ុនចិន ដែលជាអ្នកគ្រប់គ្រងអាកាសយានដ្ឋានដែរ ដើម្បីរកច្រកចេញ។
អ្នករត់កង់បីឥណ្ឌា លោក តារ៉ា អះអាងថា អាជ្ញាធរនឹងយកសំណើររបស់ពួកគេ ទៅជួបពិភាក្សាជាមួយភាគីក្រុមហ៊ុនចិន ហើយដាក់ទៅអភិបាលខេត្តដើម្បីដោះស្រាយ ប៉ុន្តែពួកគេមិនដឹងថាត្រូវរង់ចាំរហូតដល់ពេលណាទេ។តែយ៉ាងណា ពួកគេនឹងបន្តរង់ចាំការសម្រេចបន្ទាប់ទៀត ក្រោយអាជ្ញាធរបានជួបនឹងភាគីចិន។
លោកបន្តថា៖ «ពេលយើងចូលក្នុងហ្នឹង (ព្រលាន)យើងអស់លុយច្រើន យើងដឹកភ្ញៀវមិនសូវបានច្រើនទេ ហើយគិតចំណាយលើប្រេងផង ចម្ងាយឆ្ងាយផង អ៊ីចឹងយើងសល់លុយចំណេញតិចបំផុត»។ លោកបន្ត៖«យើងមិនទាន់ដឹង(លទ្ធផល)បែបណាទេ! ហើយបើសង្ឃឹមគឺហាសិប ហាសិប ទេ»។
ចំណែកលោក រុន នីរ័ត្ន ឱ្យដឹងថា កន្លងមកដោយសារតែនៅព្រលានយន្តហោះថ្មីខេត្តសៀមរាប បង់សេវាលើការប្រើប្រាស់ផ្លូវ ទើបធ្វើឱ្យអ្នកបើកបរមួយចំនួនត្រូវបង្ខំចិត្តឱ្យភ្ញៀវចុះដើរ ពីច្រកគិតលុយចូលមកក្នុងព្រលានដោយខ្លួនឯង ដែលមានចម្ងាយឆ្ងាយគួរសម។
លោកបញ្ជាក់ថា៖«ក្នុងនាមជា Driver (អ្នកបើកបរ)ម្នាក់ បើមិនមានដំណោះស្រាយ គឺគ្មានជំរើសក្រៅពីសុំតម្លៃបន្ថែមសម្រាប់ចំណាយទៅលើការបង់ថ្លៃផ្លូវ ជិះឆ្ងាយហើយ មកដើរហាយក្តៅទៀត សុំទោសផង គ្មានចេតនាទេ»។
ដោយឡែកអ្នកបើកបរម្នាក់ទៀត លោក សំណាង ថ្លែងថាការយកថ្លៃផ្លូវបែបនេះ វាបណ្តាលឱ្យប៉ះពាល់ដល់អ្នករត់តាក់ស៊ីផង និងភ្ញៀវទេសចរផង។មិនតែប៉ុណ្ណោះ វាបង្កឱ្យមានរូបភាពមិនល្អក្នុងតំបន់ទេសចរ ជាពិសេសព្រលានយន្តហោះថ្មីនេះតែម្តង។
លោកបន្តថា៖ «ម្សិលមិញខ្ញុំបានទៅដល់ ច្រកចូលព្រលាន គឺតម្រូវអោយបងលុយថ្លៃប្រើប្រាស់ផ្លូវ ឡានតូច4$ ទើបអាចចូលដល់ក្នុង ហើយតម្លៃចតគិតតាមម៉ោងទៀត»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចិនដែលវិនិយោគផ្លូវព្រលានយន្តហោះថ្មីនេះ បានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នេះគ្រប់រថយន្តដែលធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូ តភ្ជាប់ជាតិលេខ៦ចូលទៅក្នុងព្រលានយន្តហោះសៀមរាបអង្គរ (SIA) ត្រូវបង់ថ្លៃសេវាគ្រប់គ្នា។
ប្រភពបន្តថា សេវាទាំងនោះត្រូវបែងចែកជា៤ផ្នែកតាមប្រភេទរថយន្ត។តម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី។រថយន្តដឹកទំនិញក្រោម ៩តោន តម្លៃ៦ដុល្លារ រថយន្តដឹកអ្នកដំណើរចាប់ពី២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ ទៅ២០តោន តម្លៃ១២ដុល្លារ។
ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ (SIA) បានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ តុលា និងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។ ព្រលាននេះវិនិយោគដោយក្រុមហ៊ុន Angkor International Airport investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគប្រភេទ ប៊ីអូធី (BOT) ដែលមានន័យថាសាងសង់ ដំណើរការ និងផ្ទេរមកវិញ ក្នុងរយៈពេល ៥៥ឆ្នាំ។ព្រលាននេះចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រលានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗឱ្យចុះចតបាន៕