រដ្ឋបាលខេត្តសៀមរាប បានអះអាងថានឹងដោះស្រាយបញ្ហាដែលកំពុងតែប្រឈមមុខដាក់គ្នាទាក់​​ទងនឹង​ការចោទប្រកាន់ពី​​កា​​រ​​យក​​​​ត​​​ម្លៃ​​​លើ​​សេវាដឹកជញ្ជូនពីក្រុមអ្នកប្រកបមុខមុខរបរទេសចរណ៍ ក្រោយផ្ទុះការតវ៉ាកាលពីថ្ងៃទី៣ ខែ មករាថ្មីៗនេះ។

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថា រដ្ឋបាលខេត្តកំពុងសិក្សា និងរិះរកមធ្យោបាយដើម្បីចរ​​ចា​ជាមួយក្រុមហ៊ុនចិន ដែលសាងសង់ព្រលានយន្តហោះថ្មី នៅស្រុកសូទ្រ​​និ​​គ​ម ដ្បិតថាផ្លូវនេះស្ថិតក្នុងផែន​​ការវិនិយោគច្បាស់លាស់​របស់ក្រុមហ៊ុនចិនមួយនេះ។

លោកបន្តថា៖ «គោលការណ៍យកសេវានេះ គឺតម្រូវសម្រាប់តែរថយន្តចេញចូលក្នុងព្រលានប៉ុណ្ណោះ សម្រាប់រថយន្តបើកបរកាត់ធម្មតា មិនតម្រូវឱ្យបង់សេវាឡើយ។ លោកស្នើឱ្យពលរដ្ឋ ឬប្រតិបត្តិករទេសចរណ៍​កុំមានការភាន់ច្រឡំ​ត្រង់ចំណុចនេះ និងទុកពេលឱ្យរដ្ឋបាលខេត្តចរចាជាមួយក្រុមហ៊ុនព្រលានសិន»

ក្រុមអ្នករត់តាក់ស៊ី ឬអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរខេត្តសៀមរាបប្រមាណ៧០នាក់ បានប្រមូលផ្ដុំគ្នា កាលពីព្រឹក​​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ​​២​​០​​២៤ នៅខាងមុខរដ្ឋបាលខេត្ត ដើម្បីស្នើឱ្យអា​​ជ្ញាធរដោះស្រាយបញ្ហា ដោយចោទប្រកាន់ថាក្រុមហ៊ុនចិន គ្រប់គ្រងព្រ​​លានយន្តហោះសៀមរាបអង្គរ យកថ្លៃផ្លូវ ដែលក្រុមហ៊ុនបា​​ន​​សាងសង់ ដើម្បីភ្ជាប់ពីព្រលានយន្តហោះ មកផ្លូវជាតិលេខ៥។ក្រុមអ្នកតវ៉ាទាមទារឱ្យភាគីក្រុមហ៊ុនលុបចោលយកថ្លៃសេវាដែលជាបន្ទុកបន្ថែមសម្រាប់អ្នកប្រកបរបរដឹកភ្ញៀ​​វទេសចរណ៍ ព្រោះថាក្រុមហ៊ុនបានយកថ្លៃចំណតឡាន នៅក្នុងព្រលានរួចទៅហើយ។  

ក្រោយជួបពិភាក្សាជាមួយអភិបាលរងខេត្តសៀមរាប អស់រយៈពេលប្រមាណ២ម៉ោង ក្រុមអ្នករត់តាក់ស៊ី អះអាងថា ពួ​ក​​គេមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយទេ។ប្រភពបន្តថាអាជ្ញាធរបានស​ន្យាថានឹងយកសំណើររបស់ពួកគេ ដា​​ក់​​​​ជូនទៅអភិបាលខេត្ត និងរដ្ឋាភិបាលថ្នាក់ជាតិ ហើយនឹងទៅជួបពិភាក្សាជាមួយភាគីក្រុមហ៊ុនចិន ដែលជាអ្នកគ្រប់គ្រងអា​កាសយានដ្ឋានដែរ ដើម្បីរកច្រកចេញ។

អ្នករត់កង់បីឥណ្ឌា លោក តារ៉ា អះអាងថា អាជ្ញាធរនឹងយកសំណើររបស់ពួកគេ ទៅជួបពិភាក្សាជាមួយភាគីក្រុមហ៊ុនចិន ហើយដាក់ទៅអភិបាលខេត្តដើម្បីដោះស្រាយ ប៉ុន្តែពួកគេមិនដឹងថាត្រូវរង់ចាំរហូតដល់ពេលណាទេ។តែយ៉ាងណា ពួកគេនឹងបន្តរង់ចាំការសម្រេចបន្ទាប់ទៀត ក្រោយអាជ្ញាធរបានជួបនឹងភាគីចិន។

លោកបន្តថា៖ «ពេលយើងចូលក្នុងហ្នឹង (ព្រលាន)យើងអស់លុយច្រើន យើងដឹកភ្ញៀវមិនសូវបានច្រើនទេ ហើយគិតចំណាយលើប្រេងផង ចម្ងាយឆ្ងាយផង អ៊ីចឹងយើងសល់លុយចំណេញតិចបំផុត»។ លោកបន្ត៖«យើងមិនទាន់ដឹង(លទ្ធផល)បែបណាទេ! ហើយបើសង្ឃឹមគឺហាសិប ហាសិប ទេ»

ចំណែកលោក រុន នីរ័ត្ន ឱ្យដឹងថា កន្លងមកដោយសារតែនៅព្រលានយន្តហោះថ្មីខេត្តសៀមរាប បង់សេវាលើការប្រើប្រា​​ស់​​ផ្លូវ​ ទើបធ្វើឱ្យអ្នកបើកបរមួយចំនួនត្រូវបង្ខំចិត្តឱ្យភ្ញៀវចុះដើរ ពីច្រកគិតលុយចូលមកក្នុងព្រលានដោយខ្លួនឯង ដែលមានច​ម្ងា​​យឆ្ងាយគួរសម។

លោកបញ្ជាក់ថា៖«ក្នុងនាមជា Driver (អ្នកបើកបរ)ម្នាក់ បើមិនមានដំណោះស្រាយ គឺគ្មានជំរើសក្រៅពីសុំតម្លៃបន្ថែមសម្រា​​ប់ចំណាយទៅលើការបង់ថ្លៃផ្លូវ ជិះឆ្ងាយហើយ មកដើរហាយក្តៅទៀត សុំទោសផង គ្មានចេតនាទេ»។

ដោយឡែកអ្នកបើកបរម្នាក់ទៀត លោក សំណាង ថ្លែងថាការយកថ្លៃផ្លូវបែបនេះ វាបណ្តាលឱ្យប៉ះពាល់ដល់អ្នករត់តាក់ស៊ីផង និងភ្ញៀវទេ​ស​​ចរផង។មិនតែប៉ុណ្ណោះ វាបង្កឱ្យមានរូបភាពមិនល្អក្នុងតំបន់ទេសចរ ជាពិសេសព្រលានយន្តហោះថ្មីនេះតែ​​ម្តង។

លោកបន្តថា៖ «ម្សិលមិញខ្ញុំបានទៅដល់​ ច្រកចូលព្រលាន​ គឺតម្រូវអោយបងលុយថ្លៃប្រើប្រាស់ផ្លូវ​ ឡានតូច4$ ទើបអាចចូលដល់ក្នុង​ ហើយតម្លៃចតគិតតាមម៉ោងទៀត​»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចិនដែលវិនិយោគផ្លូវព្រលានយន្តហោះថ្មីនេះ បានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​​២០២៤ នេះគ្រប់រថយន្តដែលធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូ តភ្ជាប់ជាតិលេខ៦ចូលទៅក្នុងព្រ​​លា​នយន្តហោះសៀមរាបអង្គរ (SIA) ត្រូវបង់ថ្លៃសេវាគ្រប់គ្នា។

ប្រភពបន្តថា សេវាទាំងនោះត្រូវបែងចែកជា៤ផ្នែកតាមប្រភេទរថយន្ត។តម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹ​​ក​​ទំនិញធុនតូច តម្លៃ៣ដុល្លារ រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី។រថយន្តដឹកទំនិញក្រោម ៩តោន តម្លៃ៦ដុល្លារ  រថយន្តដឹកអ្នកដំ​ណើរចាប់ពី២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ ទៅ២០តោន តម្លៃ១២ដុល្លារ។

ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ (SIA) បានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ តុលា និងសម្ពោធជាផ្លូ​​វ​​កា​​រនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។ ព្រលាននេះវិនិយោគដោយក្រុមហ៊ុន Angkor International Airport inve​stment (​​Ca​​mb​od​​ia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគប្រភេទ ប៊ីអូធី (BOT) ដែលមានន័យថា​សា​​ង​​សង់ ដំណើ​​រការ និងផ្ទេរមកវិញ ក្នុងរយៈពេល ៥៥ឆ្នាំ។ព្រលាននេះចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រ​​លា​​​នលំ​ដា​ប់​ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗឱ្យចុះចតបាន៕