អាជ្ញាធរថៃ ចាប់ជនសង្ស័យថៃ ២នាក់ ក្នុងចំណោម៣នាក់ ដែលបានយកដំបងដែកវាយសកម្មជនជនជាតិខ្មែរមួយរូប លោក ស៊្រុន ស៊្រន បណ្តាលឱ្យបែកក្បាលផ្នែកខាងក្រោយ ខណៈជនរងគ្រោះអះអាងថា នឹងបន្តដាក់ពាក្យបណ្តឹងទៅតុលាការ។
លោក ស្រ៊ុន ស្រ៊ន និងកញ្ញាភឹង សោភា ជាជនជាតិខ្មែរ និងជាសកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានជនមិនស្គាល់មុខមានគ្នា៣នាក់ បានព្រួតគ្នាវាយ កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ នៅពេលដែលពួកគេទៅបង្រៀន និងផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ ដល់ពលករខ្មែរនៅខេត្តសមុទ្រប្រាកាន (Samut Prakan) ជាប់ទីក្រុងបាងកក ប្រទេសថៃ។ បើតាមប្រភពពីជនរងគ្រោះ ក្រុមជនមិនស្គាល់មុខ ថែមទាំងបានដកកាំភ្លើងខ្លីគំរាមបាញ់ លោក ស្រ៊ុន ស្រ៊ន ទៀតផង ក៏ប៉ុន្តែដោយសារមានក្រុមពលករខ្មែរដែលបានចូលរួមនៅទីនោះស្រែកឆោឡោ ទើបជនបង្កបានរត់គេចខ្លួន។
លោក ស្រ៊ុន ស្រ៊ន ដែលជាជនរងគ្រោះក្នុងហេតុការណ៍ហិង្សានោះ មានប្រសាសន៍ថា ជនសង្ស័យដែលបានវាយក្បាលលោកឱ្យរងរបួសនោះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនបាន ២នាក់ ក្នុងចំណោម៣នាក់ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
លោកបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាជាតិថៃទាំង ២នាក់នោះ បានសារភាពថា ពួកគេពិតជាបានវាយរូបលោកពិតមែន ប៉ុន្តែជាការវាយនោះ គឺច្រឡំមនុស្ស ដោយសារតែពួកគេមានជម្លោះរឿងចូលបន្ទប់ទឹកសាធារណៈជាមួយពលរដ្ឋខ្មែរនៅទីនោះដែរ។
តែយ៉ាងណា លោក ស្រ៊ុន ស្រ៊ន បង្ហាញការមិនសុខចិត្តចំពោះការឆ្លើយសារភាពរបស់ជនសង្ស័យបែបនេះ ខណៈលោកយល់ថា ការប្រើប្រាស់អំពើហិង្សានេះ អាចជាចេតនារបស់ពួកគេក្នុងគំរាមកំហែងឱ្យឈប់ផ្សព្វផ្សាយ ឬបង្រៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកអះអាងថា៖ «ពួកយើងមិនសុខចិត្តទេ ព្រោះការសារភាពរបស់គេ[ជនសង្ស័យ] គឺវាមិនមែនជារឿងដែលពួកយើងជឿថាវាជារឿងបែបហ្នឹង។ មិនមែនជារឿងវៃច្រឡំ ក៏មិនមែនជារឿងគាត់ខឹងអ្នកដទៃ មកវៃយើង[…]ដោយសារគេថាវៃខ្មែរ វៃទាំងអស់ គេថាចឹង មកពីគេខឹងរឿងនៅបន្ទប់ទឹក ថាពួកគេមកចូលបន្ទប់ទឹក ហើយឃើញខ្មែរនៅទីហ្នឹង ឈ្លោះជាមួយគេ ក៏គេវៃអីជាដើម»។
លោក ស្រ៊ុន ស្រ៊ន បញ្ជាក់ថា រូបលោកនឹងរៀបចំដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ និងដាក់ពាក្យស្នើសុំឱ្យអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសថៃ ចូលរួមជួយតាមដាន និងសម្រួលសម្របក្នុងករណីនេះ ខណៈដែលលោកក៏កំពុងរៀបចំនីតិវិធីដាក់បណ្តឹងទៅតុលាការនៅក្នុងប្រទេសថៃផងដែរ។
លោកថា៖ «ខ្ញុំសុំបញ្ជាក់ថាពួកយើងនឹងតទល់រឿងនេះទៅតុលាការ ជានីតិវិធីច្បាប់របស់ថៃ បើមានហិង្សាបែបនេះ គឺគេ[អាជ្ញាធរថៃ]មិនទុកនៅត្រឹមបូលិសទេ ប៉ុន្តែក៏ជារឿងដែលពួកយើងត្រូវតែធ្វើដែរ។ បើគេ[អាជ្ញាធរ]អត់បញ្ជូន ក៏ពួកយើងត្រូវតែប្តឹងទៅតុលាការដែរ»។
ចំណែកនេះ កញ្ញា ភឹង សោភា ជាសហការី និងជនរងគ្រោះក្នុងករណីនេះដែរ បានបន្ថែមថា ប៉ូលីសថៃអះអាងថានឹងតាមដានបន្តទៀត ហើយនៅពេលចប់នីតិវិធីដំបូង នឹងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសជនសង្ស័យទៅតាមផ្លូវច្បាប់ក្នុងប្រទេសថៃ។
កញ្ញាអះអាងថា៖ «ប៉ូលីសសៀម[ថៃ]បានបញ្ជាក់មកថា ពួកគេបានរកឃើញនៅជនដៃដល់ហើយ ចំនួន២នាក់ នៅម៉ោង៩ព្រឹកមិញ[ថ្ងៃទី៣ ខែមករា] បន្ទាប់មកទៀតជនដៃដល់នោះ ក៏បានទៅចូលសារភាព ទៅតាមភស្តុតាងដែលបានរកឃើញ។ ប៉ូលីសក៏បញ្ជាក់ទៀតថា ចម្លើយសារភាពហ្នឹង ដោយសារតែគេ[ជនសង្ស័យ] ខឹងនឹងខ្មែរផ្សេងទៀត នៅពេលពួកគេទៅចូលបន្ទប់ទឹកនៅក្នុងវត្តហ្នឹង»។
Newsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីស្ថានទូតថៃប្រចាំនៅកម្ពុជាបាននៅឡើយ។
ចំណែកតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសថៃ (UNHCR) លោក Morgane Roussel-Hemery នៅមិនទាន់អាចឆ្លើយនឹងសំណួរ Newsroom Cambodia បានទេ ដោយសារកំពុងរវល់កិច្ចការនៅខាងក្រៅ។
លោកបញ្ជាក់តាមរយៈអ៊ីមែល(Gmail)ថា៖ «បច្ចុប្បន្នខ្ញុំនៅឆ្ងាយ ហើយនឹងត្រឡប់មកការិយាល័យវិញ នៅថ្ងៃចន្ទ ទី៨ ខែមករា។ ខ្ញុំនឹងឆ្លើយតបនៅពេលខ្ញុំត្រឡប់ទៅការិយាល័យវិញ»។
មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ លោក ឡឹង សុផុន ថ្លែងថា រហូតមកដល់ពេលនេះ លោកមិនទាន់ដឹងច្បាស់ដែរថាហេតុផលអ្វីនៅពីក្រោយនៃការប្រើហិង្សាទៅលើលោកស្រ៊ុន ស៊្រន ពីសំណាក់ជនសង្ស័យជាជនជាតិថៃនេះ ហើយក៏មិនទាន់ដឹងថាសមត្ថកិច្ចថៃនឹងចោទប្រកាន់ទៅលើជនសង្ស័យក្នុងបទល្មើសអ្វីដែរ។
លោកបន្ថែមថា៖«ខ្ញុំមិនទាន់ទទួលព័ត៌មានច្បាស់ទេ គ្រាន់ថាបូលិសទៅពិនិត្យចាប់បាន ទៅថានាំពួកគាត់[ជនសង្ស័យ]ទៅឃុំ ហើយឥឡូវហ្នឹង ឮថាថ្ងៃហ្នឹងកំពុងសាកសួរ»។
លោកយល់ឃើញថា ការរៀបចំសិក្ខាសាលាបង្រៀនអំពីសិទ្ធិ ច្បាប់ ឬសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ពីសំណាក់លោកស្រ៊ុន ស្រ៊ន និងសហការី សម្រាប់ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ គឺមិនមានអ្វីខុសឆ្គង ឬប៉ះពាល់ដល់នរណាទេ ព្រោះវាសិទ្ធិ និងសេរីភាពរបស់បុគ្គលគ្រប់រូប ក្នុងការទទួលបានការអប់រំ និងចំណេះដឹង។ តែយ៉ាងណា លោកដាក់ការសង្ស័យទៅលើសកម្មភាព និងពាក្យសម្តីរបស់លោក ស្រ៊ុន ស្រ៊ន កន្លងមក ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍នរណាមួយជាដើម។
លោកបញ្ជាក់ថា៖«យើងធ្វើអីក៏មានការប្រុងប្រយ័ត្ន ពីព្រោះមិនថាថៃ ឬខ្មែរយើងទេ រឿងការជួបជុំក្តី រឿងស្រទាប់នយោបាយ យើងមើលទៅហាក់ដូចជាវារសើបណាស់»។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ថ្លែងថា វាជាសកម្មភាពដដែលៗ ដែលតែងតែកើតមានឡើងចំពោះជនជាតិខ្មែរណាម្នាក់ ដែលហ៊ាននិយាយនូវអ្វីជាការពិតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ បន្ថែមពីនេះ លោកចាត់ទុកការអំពើហិង្សាទៅលើសកម្មជនទាំងនោះ ថាជារឿងព្រៃផ្សៃ និងអមនុស្សធម៌ ចំពោះពលរដ្ឋខ្មែរ ដោយគ្រាន់តែពួកគេស្រឡាញ់ប្រទេសខ្លួនឯង និងគិតគូរពីអនាគតប្រទេសខ្លួនឯង។
លោកបញ្ជាក់ថា៖«អំពើហិង្សានេះយើងបានឃើញជាញឹកញាប់ចំពោះអ្នកដែលមាននិន្នាការកណ្តាល ដែលគាត់ជាអ្នកហ៊ានជីកឬសនិយាយអំពីការំលោភអំណាច និយាយអំពីអំពើពុករលួយ និយាយអំពីអំពើអយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ដែលគាត់មានប្រជាប្រិយភាព»។
សូមរំលឹកថា លោក ស្រ៊ុន ស្រ៊ន និងសហការី បានចុះទៅបង្រៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់នានាដល់ពលករ និងជនភៀសខ្លួនខ្មែរនៅប្រទេសថៃ ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី២ខែមករា ឆ្នាំ២០២៤។ កញ្ញា ភឹង សោភា ឱ្យដឹងថា ការបង្រៀននេះ ដើម្បីអប់រំការយល់ដឹងពីច្បាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដល់ពលករខ្មែរនៅក្រៅប្រទេស ឱ្យចេះការពារប្រទេសជាតិ និងហ៊ានប្ដឹងតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងច្បាប់ការងារពីសំណាក់ថៅកែ។
ដោយឡែកមុននឹងករណីងហិង្សានេះកើតឡើង ពោលគឺនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នគរបាលមូលដ្ឋាននៅប្រទេសថៃ ក៏បានចុះសួរនាំ និងត្រួតពិនិត្យរកឯកសារផ្សេងៗ ដូចជាលិខិតឆ្លងដែន និងមេរៀនបង្រៀនជាដើម នៅពេលដែលលោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភឹង សោភា បង្រៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣តុលា នៅផ្ទះមួយកន្លែងក្នុងទីក្រុងបាងកក។ ក្នុងពេលចុះសួរនាំនោះ នគរបាលថៃ ក៏បានចាប់នាំខ្លួនមនុស្ស ១០នាក់ ទៅសួរនាំ។
តែលោក ស្រ៊ុន ស្រ៊ន បានលើកឡើងថា វគ្គសិក្សាដែលក្រុមលោកទៅបង្រៀនដល់ពលករខ្មែរ និងជនភៀសខ្លួនកំពុងរស់នៅទីនេះ គឺមិនខុសច្បាប់ប្រទេសថៃនោះទេ ហើយអាជ្ញាធរថៃចាប់ឃាត់មនុស្សទាំង ១០នាក់នោះ ក៏មិនមែនដោយសារពួកគេមកចូលរួមរៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដែរ។ លោកថា អាជ្ញាធរថៃចោទមនុស្សទាំង១០នាក់នោះ ពីបទ «បង្កើតចលនានៅក្រៅស្រុកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា» និង «កាន់លិខិតឆ្លងដែនខុសច្បាប់»។
បើតាមលោក ស៊្រុន ស៊្រន៖«ក្នុងចំណោម៣នាក់ដែលត្រូវដោះលែងនេះ ២នាក់គឺដោយសារតែកូនមានអាយុ១៤ឆ្នាំ ហើយនឹងម្តាយត្រូវគេ[អាជ្ញាធរថៃ]ដោះលែងមកវិញ ឯប្អូនម្នាក់ទៀតគឺដោយសារតែគាត់មានលិខិតឆ្លងដែនជាខ្មែរ [Passport] អ៊ីចឹងគាត់អាចមកវិញបានដែរ។ ហើយ៧នាក់ទៀត គឺគាត់មានតែកាតUN[អង្គការសហប្រជាជាតិ]ទេ គាត់អត់មានឯកសារលិខិតឆ្លងដែនទេ ចឹងគេ[អាជ្ញាធរថៃ]មិនដោះលែងទេ ហើយគេដាក់ទៅគុកធំនៅបាងកក»៕