អាជ្ញាធរ​ថៃ ​ចាប់​​​ជន​​សង្ស័យថៃ​​ ២​នាក់ ក្នុងចំណោម៣នាក់ ដែល​បាន​​យក​​ដំបង​ដែក​វាយសកម្មជនជនជាតិខ្មែរមួយរូប លោក ស៊្រុន ស៊្រន​ បណ្តាល​ឱ្យ​បែក​​ក្បាល​​ផ្នែក​ខាង​​​ក្រោយ​ ខណៈជនរងគ្រោះអះអាងថា នឹង​​​​បន្តដាក់ពាក្យបណ្តឹងទៅតុលាការ។

លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា​ភឹង សោភា​ ជាជនជាតិខ្មែរ និង​ជា​សកម្មជនផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​​ត្រូវបានជន​មិន​ស្គាល់​មុខ​មាន​គ្នា​៣​នាក់ ​បាន​ព្រួតគ្នា​​​វាយ ​កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​​ធ្នូ នៅពេលដែល​​​​ពួក​គេ​ទៅ​​បង្រៀន​ និងផ្សព្វផ្សាយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​​២៣​តុលា​ឆ្នាំ១៩៩១​ ​ដល់​ពលករ​ខ្មែរ​នៅ​ខេត្ត​​សមុទ្រ​ប្រាកាន (Samut Prakan) ជាប់​ទីក្រុង​បាងកក ប្រទេស​ថៃ​​។ បើតាមប្រភពពីជនរងគ្រោះ ​ក្រុម​​ជន​​មិន​ស្គាល់​មុខ​ ​ថែម​​ទាំង​បាន​ដក​កាំភ្លើង​ខ្លី​គំរាម​បាញ់​ ​លោក​ ​ស្រ៊ុន ស្រ៊ន​ ​ទៀត​ផង​ ​ក៏ប៉ុន្តែ​ដោយ​សារ​​មាន​​ក្រុម​​ពលករ​ខ្មែរ​​ដែល​​បាន​ចូលរួម​នៅ​ទី​នោះ​ស្រែក​ឆោឡោ​ ​ទើប​ជន​បង្ក​បាន​រត់គេច​ខ្លួន។

​លោក​ ​ស្រ៊ុន ស្រ៊ន ដែលជា​​​ជនរង​គ្រោះក្នុងហេតុការណ៍ហិង្សានោះ មានប្រសាសន៍​ថា ជន​សង្ស័យដែ​ល​បានវាយ​ក្បាល​លោកឱ្យ​រងរបួសនោះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន​បាន ២នាក់ ក្នុងចំណោម​៣នាក់ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

លោកបន្តថា នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យជាជាតិថៃទាំង ២នាក់នោះ បាន​សារភាពថា ពួកគេ​ពិតជាបានវាយរូបលោក​​ពិត​មែន ប៉ុន្តែជាការ​​​វាយ​នោះ គឺ​ច្រឡំមនុស្ស​ ដោយសារតែពួកគេមានជម្លោះរឿងចូលបន្ទប់ទឹកសាធារណៈជាមួយពលរដ្ឋខ្មែរ​នៅទីនោះ​ដែរ។ ​

តែយ៉ាងណា លោក​ ​ស្រ៊ុន ស្រ៊ន បង្ហាញការ​​មិនសុខចិត្តចំពោះការឆ្លើយសារភាពរបស់ជនសង្ស័យ​បែបនេះ ខណៈលោ​ក​យល់ថា ការប្រើប្រាស់អំពើហិង្សានេះ អាចជាចេតនារបស់ពួកគេក្នុងគំរាមកំហែងឱ្យឈប់ផ្សព្វ​ផ្សាយ ឬ​បង្រៀនកិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស។

លោកអះអាងថា៖ «ពួកយើងមិនសុខចិត្តទេ ព្រោះការសារភាពរបស់គេ[ជនសង្ស័យ] គឺវាមិនមែនជារឿងដែល​ពួកយើងជឿថាវាជារឿងបែបហ្នឹង។ មិនមែនជារឿងវៃច្រឡំ ក៏មិនមែនជារឿងគាត់ខឹងអ្នកដទៃ មកវៃយើង[…]​ដោយសារគេថាវៃខ្មែរ វៃទាំងអស់ គេថាចឹង មកពីគេខឹងរឿងនៅបន្ទប់ទឹក ថាពួកគេមកចូលបន្ទប់ទឹក ហើយឃើញខ្មែរនៅទីហ្នឹង ឈ្លោះជាមួយគេ ក៏គេវៃអីជាដើម»

លោក​ ​ស្រ៊ុន ស្រ៊ន បញ្ជាក់​​​​ថា រូបលោក​នឹងរៀបចំដាក់​ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ និង​ដាក់ពាក្យស្នើសុំឱ្យអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសថៃ ចូលរួមជួយតាមដាន និងសម្រួលសម្របក្នុងករណីនេះ ខណៈ​​ដែល​​លោកក៏កំពុងរៀបចំនីតិវិធីដាក់បណ្តឹងទៅតុលាការនៅក្នុងប្រទេសថៃផងដែរ។                                            

លោកថា៖ «ខ្ញុំសុំបញ្ជាក់ថាពួកយើងនឹងតទល់រឿងនេះទៅតុលាការ ជានីតិវិធីច្បាប់របស់ថៃ បើមានហិង្សាបែប​នេះ គឺគេ[អាជ្ញាធរថៃ]មិនទុកនៅត្រឹមបូលិសទេ ប៉ុន្តែក៏ជារឿងដែលពួកយើងត្រូវតែធ្វើដែរ។ បើគេ[អាជ្ញាធរ]អត់បញ្ជូន ក៏ពួកយើងត្រូវតែប្តឹងទៅតុលាការដែរ»

ចំណែក​នេះ កញ្ញា ភឹង សោភា ជាសហការី និងជនរងគ្រោះក្នុងករណីនេះដែរ បានបន្ថែមថា ប៉ូលីស​ថៃអះ​អាង​ថា​នឹង​តាម​ដាន​បន្ត​ទៀត ហើយនៅពេលចប់នីតិវិធីដំបូង នឹងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសជនសង្ស័យ​ទៅតាមផ្លូវច្បាប់ក្នុងប្រទេសថៃ។

កញ្ញាអះអាងថា៖ «ប៉ូលីស​សៀម​[ថៃ]បានបញ្ជាក់មកថា ពួកគេបានរកឃើញនៅជនដៃដល់ហើយ ចំនួន២នាក់ នៅម៉ោង៩ព្រឹកមិញ[ថ្ងៃទី៣ ខែមករា​] បន្ទាប់មកទៀតជនដៃដល់នោះ ក៏បានទៅចូលសារភាព ទៅតាមភស្តុតាងដែលបានរកឃើញ។ ប៉ូលីសក៏បញ្ជាក់ទៀតថា ចម្លើយសារភាពហ្នឹង ដោយសារតែគេ[ជនសង្ស័យ] ខឹងនឹងខ្មែរផ្សេងទៀត នៅពេលពួកគេទៅចូលបន្ទប់ទឹកនៅក្នុងវត្តហ្នឹង»

Newsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ​ ពីស្ថានទូតថៃប្រចាំនៅកម្ពុជាបាននៅ​ឡើយ។

ចំណែកតំណាងឧត្តម​ស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ ​(UNHCR) លោក Morgane Roussel-Hemery នៅមិន​ទាន់​អាច​ឆ្លើយ​​នឹ​ងសំណួរ Newsroom Cambodia ​បាន​​ទេ ដោយសារកំពុងរវល់​កិច្ចការនៅខាងក្រៅ។

លោកបញ្ជាក់តាមរយៈអ៊ីមែល(Gmail)​​ថា៖ «បច្ចុប្បន្ន​ខ្ញុំ​នៅ​ឆ្ងាយ ហើយ​នឹង​ត្រឡប់​មក​ការិយាល័យ​វិញ​ នៅ​ថ្ងៃ​ចន្ទ ទី៨ ខែមករា។ ខ្ញុំនឹងឆ្លើយ​តប​នៅពេលខ្ញុំ​ត្រឡប់ទៅការិយាល័យវិញ»។

មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ លោក ឡឹង សុផុន ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ លោកមិនទាន់ដឹងច្បាស់ដែរ​ថាហេតុផលអ្វីនៅពីក្រោយនៃការប្រើហិង្សា​ទៅលើ​លោក​​ស្រ៊ុន ស៊្រន ពីសំណាក់ជនសង្ស័យជាជនជាតិ​ថៃនេះ ហើយក៏មិនទាន់ដឹងថាសមត្ថកិច្ច​ថៃនឹងចោទប្រកាន់ទៅលើជនសង្ស័យ​​ក្នុងបទល្មើសអ្វីដែរ។

លោកបន្ថែមថា៖«ខ្ញុំមិនទាន់ទទួលព័ត៌មានច្បាស់ទេ គ្រាន់ថាបូលិសទៅពិនិត្យចាប់បាន ទៅថានាំពួកគាត់​[ជន​សង្ស័យ​​]ទៅឃុំ ហើយឥឡូវហ្នឹង ឮថាថ្ងៃហ្នឹង​កំពុងសាកសួរ»។

លោកយល់ឃើញថា ការរៀបចំ​​សិក្ខាសាលាបង្រៀនអំពីសិទ្ធិ ច្បាប់ ឬសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ពីសំណាក់លោកស្រ៊ុន ស្រ៊ន និងសហការី សម្រាប់ពលករខ្មែរ ​ដែលធ្វើការ​​នៅ​ប្រទេសថៃ គឺមិនមានអ្វី​ខុសឆ្គង ឬប៉ះពាល់ដល់នរណាទេ ព្រោះវាសិទ្ធិ និងសេរីភាពរបស់បុគ្គលគ្រប់រូប ក្នុងការទទួលបានការអប់រំ និងចំណេះដឹង។ តែយ៉ាងណា លោកដាក់ការ​​សង្ស័យ​ទៅលើសកម្មភាព និងពាក្យសម្តីរបស់​លោក ស្រ៊ុន ស្រ៊ន កន្លងមក ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍នរណាមួយជាដើម។

លោក​បញ្ជាក់​ថា៖«យើងធ្វើអីក៏មានការប្រុងប្រយ័ត្ន ពីព្រោះមិនថាថៃ ឬខ្មែរយើងទេ រឿងការជួបជុំក្តី រឿងស្រទាប់​នយោបាយ យើងមើលទៅហាក់ដូចជាវារសើបណាស់»។

​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ថ្លែង​ថា វាជាសកម្មភាពដដែលៗ ដែលតែងតែកើតមានឡើងចំពោះជនជាតិខ្មែរណាម្នាក់ ដែល​ហ៊ាននិយាយនូវអ្វីជាការពិតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន​។ បន្ថែមពីនេះ លោកចាត់ទុកការ​អំពើហិង្សាទៅលើសកម្ម​ជន​​ទាំង​នោះ​ ថាជារឿងព្រៃផ្សៃ និងអមនុស្សធម៌ ចំពោះ​ពលរដ្ឋ​ខ្មែរ ដោយ​គ្រាន់តែពួកគេស្រឡាញ់ប្រទេសខ្លួនឯង និង​គិតគូរពីអនាគតប្រទេសខ្លួនឯង។

លោកបញ្ជាក់ថា៖«អំពើហិង្សានេះយើងបានឃើញជាញឹកញាប់​ចំពោះអ្នកដែលមាននិន្នាការកណ្តាល ដែលគាត់ជាអ្នកហ៊ានជីក​ឬស​និយាយអំពីការំលោភអំណាច និយាយអំពីអំពើពុករលួយ និយាយអំពីអំពើអយុត្តិ​ធម៌​នៅក្នុងសង្គមកម្ពុជា ដែលគាត់មានប្រជាប្រិយភាព»។

​​​សូមរំលឹកថា លោក​ ​ស្រ៊ុន ស្រ៊ន​ ​និង​សហការី​ បាន​​ចុះ​ទៅ​បង្រៀន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​និង​ច្បាប់​នានា​ដល់​ពលករ​​ និង​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​​ ចាប់តាំងពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ​ឆ្នាំ​២០២៣​ ដល់​ថ្ងៃ​ទី​២​ខែមករា ​ឆ្នាំ​២០២៤។​ ​កញ្ញា​ ​ភឹង សោភា​ ​ឱ្យ​ដឹង​ថា ​ការ​បង្រៀន​នេះ​ ដើម្បី​​អប់រំ​ការ​យល់​ដឹង​ពី​ច្បាប់ ​និង​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​​ដល់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​ឱ្យ​ចេះ​​ការពារ​ប្រទេស​ជាតិ និង​​ហ៊ាន​​ប្ដឹង​តវ៉ា​ប្រឆាំង​​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​​ច្បាប់​ការងារ​​ពី​សំណាក់​ថៅកែ។​

​ដោយឡែកមុននឹងករណីងហិង្សានេះកើត​ឡើង​ ពោលគឺនៅព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នគរបាលមូលដ្ឋាន​នៅប្រទេសថៃ ក៏បាន​ចុះសួរនាំ និង​ត្រួតពិនិត្យ​រកឯកសារផ្សេងៗ ដូចជាលិខិត​ឆ្លងដែន និងមេរៀនបង្រៀន​ជាដើម នៅពេលដែលលោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភឹង សោភា បង្រៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣តុលា នៅផ្ទះមួយកន្លែងក្នុងទីក្រុងបាងកក។ ក្នុងពេលចុះសួរនាំនោះ នគរបាលថៃ ក៏បានចាប់នាំខ្លួនមនុស្ស ១០នាក់ ទៅសួរនាំ។

តែលោក ស្រ៊ុន ស្រ៊ន បានលើកឡើងថា វគ្គសិក្សាដែលក្រុមលោកទៅ​បង្រៀនដល់ពលករ​ខ្មែរ និង​ជនភៀសខ្លួនកំពុងរស់នៅទីនេះ គឺមិនខុសច្បាប់ប្រទេសថៃនោះទេ ហើយអាជ្ញាធរថៃចាប់ឃាត់មនុស្សទាំង ១០នាក់នោះ ក៏មិនមែនដោយសារពួកគេមកចូលរួមរៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដែរ។ លោកថា អាជ្ញាធរ​ថៃ​ចោទ​មនុស្សទាំង​១០នាក់នោះ ពីបទ «បង្កើតចលនានៅក្រៅស្រុកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា» និង «កាន់​លិខិតឆ្លងដែនខុសច្បាប់»។

បើតាមលោក ស៊្រុន ស៊្រន​៖«ក្នុងចំណោម៣នាក់ដែលត្រូវដោះលែងនេះ ២នាក់​គឺដោយសារតែកូនមានអាយុ១៤ឆ្នាំ  ហើយ​នឹងម្តាយត្រូវគេ[អាជ្ញាធរថៃ]ដោះលែងមកវិញ ឯប្អូនម្នាក់ទៀតគឺដោយសារតែគាត់មានលិខិតឆ្លងដែនជាខ្មែរ [Passport] អ៊ីចឹងគាត់អាចមកវិញបានដែរ។ ហើយ៧នាក់ទៀត គឺគាត់មានតែកាតUN[អង្គការសហប្រជាជាតិ]ទេ គាត់អត់មានឯកសារលិខិតឆ្លងដែនទេ ចឹងគេ[អាជ្ញាធរថៃ]មិនដោះលែងទេ ហើយគេដាក់ទៅគុកធំនៅបាងកក»