ក្រសួងសុខាភិបាលបានជូនដំណឹងដល់សាធារណៈជនទាំងអស់មិនត្រូវទិញ ឬប្រើប្រាស់ឱសថឈ្មោះ SATTOCHI ដែលគ្មានលេខបញ្ជិកាពីក្រសួង ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព ឬអាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ។
តាមសេចក្ដីជូនព័ត៌មាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យការលក់ថ្នាំ SATTOCHI ដែលជាថ្នាំគ្មានអាជ្ញាប័ណ្ណដែលបាន និងកំពុងផ្សព្វផ្សាយលក់នៅតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ឈ្មោះមជ្ឃមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម ដែលភ្ជាប់ទៅនឹងវេបសាយ https://www.sattochidiabetes.com/campuchia ។
តាមសេចក្ដីជូនព័ត៌មានដដែលបានបញ្ជាក់ថា៖ «អនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ តម្រូវឲ្យរាល់ការចរាចរណ៍ឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល»។
ក្រសួងបន្ថែមថា មុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់មកជាមួយ ។
ក្រសួងសុខាភិបាលក៏បានតម្រូវឱ្យបុគ្គលណាដែលបានចែកចាយ ឬលក់ឱសថដែលគ្មានលេខបញ្ចិកាខាងលើ សូមបញ្ឈប់ការចូលរួមផ្សព្វផ្សាយ ឬលក់បន្ដ បើមិនដូច្នេះទេ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ទៅតាមវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ។
បើតាមសេចក្តីជូនព័ត៌មានដដែល ក្នុងករណីឃើញមានជនណាដែលកំពុងចែកចាយ ឬលក់ឱសថខាងលើ ត្រូវប្រញាប់ផ្ដល់ដំណឹងឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១២ ៣៥៥ ១៦១ / ០១២ ៩៨៣ ៣៣៤៕