ក្រសួងសុខាភិបាលបានជូនដំណឹងដល់សាធារណៈជនទាំងអស់មិនត្រូវទិញ ឬប្រើប្រាស់ឱសថឈ្មោះ SATTOCHI ដែលគ្មានលេខបញ្ជិកាពីក្រសួង ដើម្បី​ជៀសវាង​ផល​ប៉ះពាល់ដល់សុខភាព ឬអាចមានគ្រោះថ្នាក់ដល់​អាយុជីវិតរបស់អ្នកប្រើប្រាស់ ។

តាមសេចក្ដីជូនព័ត៌មាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រសួង​សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យការលក់ថ្នាំ SATTOCHI ដែល​ជា​ថ្នាំ​គ្មាន​អាជ្ញាប័ណ្ណ​ដែលបាន និង​កំពុង​ផ្សព្វផ្សាយ​លក់​នៅ​តាម​​បណ្ដាញសង្គមហ្វេសប៊ុក (facebook)  ឈ្មោះ​មជ្ឃមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម ដែល​ភ្ជាប់ទៅ​នឹង​វេប​សាយ​ https://www.sattochidiabetes.com/campuchia

តាមសេចក្ដីជូនព័ត៌មានដដែលបានបញ្ជាក់ថា៖ «អនុលោមតាមច្បាប់ ស្ដីពី​ការគ្រប់គ្រងឱសថ និងច្បាប់​ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ តម្រូវ​ឲ្យ​រាល់​ការចរាចរណ៍​ឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល»។

ក្រសួងបន្ថែម​ថា មុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យ​មើល​លតាបត្របញ្ជិកា​ដែល​មាន​បិទ​លើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ផ្នែក​ខាងលើ​មានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ​ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូច​មាន​គំរូ​ភ្ជាប់​មកជាមួយ ​។

ក្រសួងសុខាភិបាលក៏បានតម្រូវឱ្យបុគ្គលណាដែលបានចែកចាយ ឬ​លក់​ឱសថ​ដែល​គ្មាន​លេខបញ្ចិកាខាងលើ សូមបញ្ឈប់ការចូលរួមផ្សព្វផ្សាយ ឬលក់បន្ដ បើ​មិន​ដូច្នេះទេ​ ក្រសួង​នឹង​មាន​វិធានការ​តាមផ្លូវច្បាប់​ទៅ​តាម​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឱសថ។

បើតាមសេចក្តីជូន​​ព័ត៌មានដដែល ក្នុងករណីឃើញមានជនណាដែលកំពុងចែកចាយ ឬលក់ឱសថខាងលើ ត្រូវប្រញាប់ផ្ដល់ដំណឹងឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១២ ៣៥៥ ១៦១ / ០១២ ៩៨៣ ៣៣៤៕​