ក្រុមការងារគម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល (CAPFISH-Capture) នៅប្រទេសកម្ពុជា បានទទួលពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ ក្រោមប្រធានបទនៃពានរង្វាន់គឺ «ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិតនៅក្នុងឧស្សាហកម្ម»។
ការប្រគល់ពានរង្វាន់ធ្វើឡើងក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដែលប្រព្រឹត្តទៅនៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីគម្រោងអភិវឌ្ឍន៍ ជលផលក្រោយប្រមូលផល(CAPFISH-Capture) ចេញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា ពានរង្វាន់នេះគឺឆ្លុះបញ្ចាំងការខិតខំ និងរួមចំណែករបស់គម្រោងនេះក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យជលផលនៅប្រទេសកម្ពុជា។
ក្នុងវិស័យជលផលនេះ ស្រ្តីដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែច្រវ៉ាក់តម្លៃជលផលទាំងមូល ព្រោះស្រ្តីជាអ្នកទទូលបន្ទុកដោយផ្ទាល់ទាំងការកែច្នៃ និងការងារទីផ្សារផលិតផលជលផលទូទាំងប្រទេសតែម្តង។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះបានស្រង់សម្តីរបស់លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំប្រទេសកម្ពុជាថា៖ «អភិក្រមសមភាពយេនឌ័ររបស់គម្រោង ពិតជាបានបង្កើតនូវបរិយាកាសប្រកបដោយបរិយាប័ន្ន ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើនដោយមិនទុកនរណាម្នាក់ចោលឡើយ»។
ចំណែកលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល (Fisheries Adnimistration) លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរថា៖ «តាមរយៈការបញ្រ្ជាបយេនឌ័រនៅក្នុងគម្រោង រួមទាំងគោលនយោបាយស្តីពីយេនឌ័រ ការគាំទ្រអាជីវកម្ម ការគ្រប់គ្រងគម្រោង ការស្រាវជ្រាវ និងនវានុវត្តន៍ និងការកសាងសមត្ថភាពភាគីពាក់ព័ន្ធ គម្រោងបានបង្កើតផលជះរយៈពេលវែងលើការជំរុញសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តីក្នុងវិស័យជលផលនៅកម្ពុជា»។
លោក កឿន អេវឺអឺត (Koen EVERAERT) អនុប្រធានផ្នែកកិច្ចសហប្រត្តិបត្តិរបស់គណៈប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា៖ «គំរូជោគជ័យរបស់គម្រោង CAPFISH-Capture អាចយកទៅអនុវត្តបាន ខណៈដែលឧត្តមានុវត្តន៍ទាំងនេះត្រូវបានចែករំលែកដើម្បីលើកកម្ពស់សហគ្រិនភាពជាស្រ្តី និងភាពអង់អាចផ្នែកសេដ្ឋកិច្ច»។
គម្រោងការអភិវឌ្ឍជលផលក្រោយប្រមូលផល (CAPFISH-Capture) គឺមានរយៈពេលអនុវត្តប្រមាណជាប្រាំឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដែលជាគម្រោងជួយគាំទ្រដល់អាជីវកម្មដល់វិស័យជលផលនៅកម្ពុជា៕