អាជ្ញាធរជាតិអប្សរារៀបចំប្រារព្ធពិធី «រំឮកគុណអង្គរ» ដើម្បីអបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក។
ព្រឹត្តិការណ៍នេះប្រារព្ធឡើងរយៈពេល ១០ថ្ងៃ ដែលគិតចាប់តាំងពីថ្ងៃទី ០៧ ដល់ ១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងរមណីយដ្ឋានអង្គរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរាចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រាសាទអង្គរវត្តត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្នុងកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។
អាជ្ញាធរជាតិអប្សរាបានរៀបចំកម្មវិធីនេះឡើង គឺដើម្បីរំឮកគុណអង្គព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង ថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ។
ក្នុងសេចក្តីជូនដំណឹងដដែលបន្ថែមថា អំឡុងពេលប្រារព្ធកម្មវិធី អាជ្ញាធរជាតិអប្សរាបិទការចូលទស្សនាស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្តដោយប្រើប្រាស់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន។
សូមជម្រាបដែរថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំ២០២៣ នេះជាលើកទី៣ ដែលប្រារព្ធឡើង ហើយរួមទាំងមានរយៈពេលវែងជាងឆ្នាំមុន៕