អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ប្រារព្ធ​ពិធី «រំឮកគុណអង្គរ» ដើម្បី​អបអរសាទរ​ខួប ៣១ឆ្នាំ នៃ​ការចុះរមណីយដ្ឋាន​​អង្គរទៅក្នុងបញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

ព្រឹត្តិការណ៍​នេះ​​ប្រារព្ធ​ឡើងរយៈ​ពេល ១០ថ្ងៃ ដែលគិត​ចាប់តាំង​ពី​ថ្ងៃទី​ ០៧ ដល់ ១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុង​រមណីយដ្ឋាន​អង្គរ។ នេះបើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​អប្សរា​ចុះថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រាសាទ​អង្គរវត្ត​ត្រូវបាន​ចុះបញ្ជីបេតិកភណ្ឌ​ពិភពលោក​នៅថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្នុង​កិច្ចប្រជុំ​លើក​ទី​១​៦​ ​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ​​នៅ​ទីក្រុង​សាន់​តា​ហ្វេ​ ​សហរដ្ឋអាមេរិក​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំកម្មវិធីនេះ​ឡើង​ គឺដើម្បី​រំឮក​គុណ​អង្គ​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ព្រះអង្គ និង​បុព្វការី​ជន​ដែល​បាន​កសាង ថែរក្សា​ប្រាសាទ​ទាំងអស់​នៅក្នុង​រមណីយដ្ឋាន​អង្គរ។

ក្នុងសេចក្តី​ជូនដំណឹងដដែល​​​បន្ថែម​ថា​ អំឡុងពេល​ប្រារព្ធ​កម្មវិធី​ អាជ្ញាធរ​ជាតិអប្សរា​បិទ​ការចូល​ទស្សនា​ស្ពានហាល​ខាងលិច​​ប្រាសាទ​អង្គរវត្ត​ ហើយភ្ញៀវ​ទេសចរជាតិ​-អន្តរជាតិ​ អាចចេញ-ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ដោយ​ប្រើប្រាស់​ស្ពាន​បណ្តែត​ទឹក​បណ្តោះ​អាសន្ន។

សូម​ជម្រាប​ដែរថា​ ​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ ឆ្នាំ២០២៣ នេះ​ជា​លើក​ទី៣ ដែល​ប្រារព្ធ​ឡើង ហើយ​រួមទាំង​​មាន​រយៈពេល​វែង​ជាង​ឆ្នាំមុន៕