ក្រុមសកម្មជនប្រារព្ធយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងគោលបំណងលើកតម្កើងសកម្មជនជាស្រ្តី និងក្រើនរំឮកអំពីបញ្ហាដែលពួកគេជួបប្រទះ។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR) បានរៀបចំកម្មវិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដែលប្រារព្ធឡើងដើម្បីលើកតម្កើងសកម្មជនស្រ្តី ក៏ដូចជាចង់ក្រើនរំលឹកបញ្ហាដែលស្រ្តីជាសកម្មជនបានជួបប្រទះ។
លោក លឹម បុរិន អ្នកសម្របសម្រួលគម្រោង និន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញអំពីយេនឌ័រ និងលក្ខណៈភេទ (SOGIESC) នៅមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា ប្រាប់ Newsroom Cambodia ថា យុទ្ធនាការ១៦ថ្ងៃនេះគឺបង្កើតឡើងដើម្បីជំរុញឱ្យសកម្មជនជាស្រ្តីទទួលបានការគាំពារបន្ថែម ដោយសារសកម្មជនជាស្រ្តីជួបប្រទះនឹងបញ្ហាប្រឈមខ្លាំងជាងសកម្មជនទូទៅ។
លោកបន្ថែមថា៖ «សកម្មជនជាស្រ្តី ឬអ្នកការពារសិទ្ធិមនុស្សជួបប្រទះបញ្ហាប្រឈមទាំងការរើសអើងពីសង្គម ពីការគំរាមកំហែងផ្សេងៗ ដែលនាំឱ្យយើងមើលឃើញថាអាចមានបញ្ហាទាក់ទងនឹងការប៉ះទង្គិចផ្លូវចិត្តជាដើម»។
លោកបន្ថែមថា ថ្វីត្បិតតែរាជរដ្ឋាភិបាលបានឆ្លើយតបគោលការណ៍មួយចំនួនទាក់ទងនឹងបញ្ហាសមភាពយេនឌ័រ ប៉ុន្តែបញ្ហាទាក់ទងនឹងសកម្មជនជាស្ត្រីគឺមិនទាន់មានការឆ្លើយតបនៅឡើយ។
លោក បុរិន លើកឡើងថា៖ «យើងឃើញថារដ្ឋឆ្លើយតបនូវចំណុចមួយចំនួនជាមួយនឹងការបំពេញតម្រូវការដូចជាទារកដ្ឋាន គោលនយោបាយនៅកន្លែងការងារ តែជារួមយើងមិនទាន់ឃើញមានការគិតគូរណាមួយទៅលើសកម្មជន ជាពិសេសសកម្មជនសិទ្ធិមនុស្សជាស្រ្តីទេ»។
យោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីយុទ្ធនាការ១៦ថ្ងៃ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ដែលមានការចូលរួមពីអង្គការសង្គមស៊ីវិល២១ ស្ថាប័ន និងមានតម្រូវការ១៦ ចំណុច។
លោកស្រី ស ស៊ីណែត អគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គមរបស់ក្រសួងកិច្ចការនារី បានប្រាប់ Newsroom Cambodia ថាយុទ្ធនាការ១៦ថ្ងៃ ដែលមានការស្នើសុំ១៦តម្រូវការ ខាងភាគីរាជរដ្ឋាភិបាលកំពុងតែត្រៀមអនុវត្តគោលការណ៍ដែលស្នើសុំពីសង្គមស៊ីវិលហើយ។
លោកស្រីបន្តថា៖ «គ្រប់ចំណុចដែលគេ [អង្គការសង្គមស៊ីវិលទាំង២១ស្ថាប័ន] ដាក់ញត្តិមកក្រសួងស្ថាប័នដែលពាក់ព័ន្ធកំពុងអនុវត្តហើយគឺនៅចំណុចទី ២ ទី ៣ ហើយយើងកំពុងតែត្រៀមផែនការដើម្បីឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ«។
លោកស្រីបន្ថែមថា ជនគ្រប់រូបមានសិទ្ធទទួលបានការគាំពារពេញលេញទោះបីជាសកម្មជាជាស្រ្តីនោះទេ ហើយការគាំពារនេះគឺមិនត្រឹមទទួលបានពីរាជរដ្ឋាភិបាលទេ គឺត្រូវការជួយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕