ក្រុម​សកម្មជន​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ ក្នុងគោលបំណង​លើកតម្កើង​សកម្មជនជា​​ស្រ្តី​ និង​​ក្រើន​រំឮកអំពី​​បញ្ហាដែល​ពួកគេ​​ជួបប្រទះ។

កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌល​សិទ្ធមនុស្សកម្ពុជា (CCHR) បាន​រៀបចំ​កម្មវិធី​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ១០ធ្នូ ដែល​ប្រារព្ធ​ឡើង​ដើម្បី​លើកតម្កើង​សកម្មជន​ស្រ្តី​ ក៏​ដូចជា​ចង់​ក្រើន​រំលឹក​បញ្ហាដែល​ស្រ្តីជា​សកម្មជន​បាន​ជួបប្រទះ។

លោក លឹម បុរិន អ្នក​សម្របសម្រួល​គម្រោង និន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញអំពីយេនឌ័រ និងលក្ខណៈភេទ (SOGIESC) នៅមជ្ឈមណ្ឌល​សិទ្ធមនុស្សកម្ពុជា ប្រាប់ Newsroom Cambodia ​ថា យុទ្ធនាការ១៦ថ្ងៃនេះគឺបង្កើតឡើងដើម្បីជំរុញឱ្យ​​​សកម្មជនជាស្រ្តី​ទទួលបានការគាំពារ​បន្ថែម ដោយសារ​សកម្មជន​​ជាស្រ្តី​​ជួប​ប្រទះនឹង​បញ្ហាប្រឈម​ខ្លាំងជាង​សកម្មជន​ទូទៅ​។

លោកបន្ថែមថា៖ «សកម្មជនជាស្រ្តី ឬអ្នកការពារសិទ្ធិមនុស្សជួបប្រទះ​បញ្ហា​ប្រឈម​ទាំងការរើស​អើងពី​សង្គម ពី​ការគំរាម​កំហែង​ផ្សេងៗ ដែល​នាំ​ឱ្យ​យើង​មើល​ឃើញថា​អាចមាន​បញ្ហា​ទាក់ទង​នឹងការ​ប៉ះទង្គិច​ផ្លូវចិត្ត​​ជាដើម»។

លោក​បន្ថែម​ថា ថ្វីត្បិតតែរាជរដ្ឋាភិបាលបានឆ្លើយតប​គោលការណ៍​មួយចំនួន​ទាក់ទងនឹងបញ្ហា​សមភាព​យេនឌ័រ ប៉ុន្តែបញ្ហាទាក់ទង​នឹង​សកម្មជនជាស្ត្រីគឺមិនទាន់​មានការ​ឆ្លើយតបនៅឡើយ​។

លោក បុរិន លើកឡើងថា៖ «យើង​ឃើញថា​រដ្ឋ​ឆ្លើយតប​នូវចំណុច​មួយចំនួនជាមួយនឹង​ការបំពេញ​តម្រូវ​ការ​ដូចជាទារកដ្ឋាន គោលនយោបាយ​នៅកន្លែង​ការងារ តែជារួម​យើង​មិនទាន់​ឃើញ​មាន​ការគិតគូរ​ណា​មួយ​ទៅលើ​សកម្មជន ជា​ពិសេស​សកម្មជន​សិទ្ធិមនុស្សជា​ស្រ្តីទេ»។

យោងតាម​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​យុទ្ធនា​ការ១៦​ថ្ងៃ​ ឆ្នាំ២០២៣ ក្រោម​ប្រធានបទ​៖ គ្មាន​អំពើ​ហិង្សាលើស្ត្រី​ និងក្មេងស្រី​ ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌​សង្គម ដែលមានការចូលរួមពី​អង្គការសង្គម​ស៊ីវិល​២១ ស្ថាប័ន និងមាន​តម្រូវការ​១៦ ចំណុច។

លោកស្រី ស ស៊ីណែត អគ្គនាយិការង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍ​សង្គម​របស់​ក្រសួង​កិច្ចការនារី បាន​ប្រាប់​ Newsroom Cambodia ថា​យុទ្ធនាការ​១៦ថ្ងៃ ដែល​មាន​ការ​ស្នើសុំ​១៦តម្រូវ​ការ ខាង​ភាគី​រាជរដ្ឋាភិបាល​កំពុង​តែ​ត្រៀម​អនុវត្ត​គោលការណ៍​ដែល​ស្នើ​សុំពី​សង្គម​ស៊ីវិល​ហើយ។

លោកស្រី​បន្តថា​៖ «គ្រប់ចំណុច​ដែល​គេ [អង្គការសង្គមស៊ីវិលទាំង២១ស្ថាប័ន] ដាក់​ញត្តិ​មក​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​កំពុង​អនុវត្ត​ហើយ​គឺនៅ​ចំណុចទី ២ ទី ៣ ហើយ​យើង​កំពុង​តែត្រៀម​ផែនការ​ដើម្បី​ឱ្យ​ឆ្លើយតប​ទៅនឹង​យុទ្ធ​សាស្រ្ត​បញ្ចកោណ«។

លោកស្រីបន្ថែមថា ជនគ្រប់រូបមានសិទ្ធ​ទទួលបាន​ការ​គាំពារ​ពេញលេញ​ទោះបី​ជាសកម្មជា​ជាស្រ្តី​នោះទេ ហើយការគាំពារនេះគឺមិនត្រឹមទទួលបានពីរាជរដ្ឋាភិបាលទេ គឺត្រូវ​ការ​ជួយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕