អាជ្ញាធរអគ្គិសនីកម្ពុជាបានសម្រេចកាត់បន្ថយថ្លៃអគ្គិសនីដែលភ្ជាប់បណ្តាញអគ្គិសនីជាតិ ក្នុងក្របខ័ណ្ឌជាតិ ដើម្បីកាត់បន្ថយចំណាយរបស់អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍។
ក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា (EDC ) ចេញកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) និងរាជរដ្ឋាភិបាលកម្ពុជាបានជូនដំណឹងឱ្យអនុវត្តការអនុគ្រោះតម្លៃអគ្គិសនីសម្រាប់បរិមាណ អគ្គិសនីដែលប្រើប្រាស់លើសពីមធ្យមភាគក្នុងរយៈពេល ៣ ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជំរុញសហគ្រាសទេសចរណ៍នៅចុងឆ្នាំ២០២៣ និងដើមរដូវឆ្នាំ២០២៤។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជានឹងបញ្ចុះថ្លៃអគ្គិសនី ១៥% ចំពោះបរិមាណថាមពលដែលប្រើលើសពីការប្រើមធ្យមក្នុងរយៈពេល ៦ខែកន្លងមករបស់អ្នកប្រើប្រាស់ អគ្គិសនីប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍។
អគ្គិសនីកម្ពុជាបន្ថែមថា ការអនុវត្តត្រូវធ្វើឡើងតាមគោលការណ៍ និងលក្ខខណ្ឌ ដូចជា អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍ អ្នកប្រើប្រាស់ធុនតូចទិញពីខ្សែបណ្តាញចែកចាយ LV សាធារណៈ រួមមាន សណ្ឋាគារ និង ផ្ទះសំណាក់ (មានអត្រាថ្លៃលក់ជារៀល) អ្នកប្រើប្រាស់ធុនមធ្យម ទិញតាមនាឡិកាស្ទង់តង់ស្យុងទាប ឬតង់ស្យុងមធ្យម (មានអត្រា លក់ជាដុល្លារ) អតិថិជនធុនធំ ទិញពីទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយ និង អតិថិជនធុនដុំទិញពីខ្សែបណ្តាញតង់ស្យុងខ្ពស់ លើកលែងតែអតិថិជនពាណិជ្ជកម្ម អាជីវកម្ម មួយចំនួនដូចជា គ្រឹះស្ថានសិក្សា វិស័យសុខាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន អគាររដ្ឋបាល ជាដើម មិនទទួលបានការបញ្ចុះថ្លៃនេះទេ ។
សម្រាប់លក្ខខណ្ឌដែលត្រូវបញ្ចុះថ្លៃ គឺបញ្ចុះថ្លៃអគ្គិសនី ១៥% សម្រាប់បរិមាណថាមពលអគ្គិសនីប្រើប្រចាំខែដែលលើសពីមធ្យម ភាគក្នុងរយៈពេល ៦ខែកន្លងមក ក្នុងលក្ខខណ្ឌធម្មតា ការបញ្ចុះថ្លៃនេះចំពោះតែបរិមាណថាមពលអគ្គិសនី (kWh) ដែលប្រើលើស ប៉ុណ្ណោះ។
សម្រាប់រយៈពេលដែលត្រូវបញ្ចុះថ្លៃ អគ្គិសនីកម្ពុជាបញ្ជាក់ថា ចំពោះថាមពលដែលប្រើនៅខែធ្នូ ឆ្នាំ២០២៣ ដល់ ខែកុម្ភៈ ឆ្នាំ២០២៤ រយៈពេលនេះអាចបន្ថែមទៀត អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា។
អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានបន្ថែមថា ចំពោះអ្នកប្រើប្រាស់អគ្គិសនីដែលយល់ថា ការប្រើប្រាស់អគ្គិសនីរបស់ខ្លួនស្របតាមលក្ខខណ្ឌខាងលើ អាចដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់ដែលឋិតក្នុងតំបន់ដែលខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះថ្លៃនេះ៕