អាជ្ញាធរអគ្គិសនីកម្ពុជាបានសម្រេចកាត់បន្ថយថ្លៃអគ្គិសនីដែលភ្ជាប់បណ្តាញអគ្គិសនីជាតិ ក្នុងក្របខ័ណ្ឌជាតិ ដើម្បីកាត់បន្ថយចំណាយរបស់អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC ) ចេញ​កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC) និង​រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​ជូនដំណឹងឱ្យ​អនុវត្ត​​ការ​អនុគ្រោះ​តម្លៃ​អគ្គិសនី​សម្រាប់បរិមាណ អគ្គិសនី​ដែល​ប្រើប្រាស់​លើស​ពី​មធ្យមភាគ​ក្នុង​រយៈពេល ៣ ខែ ចាប់​ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤​ ដើម្បី​ជំរុញ​សហគ្រាសទេសចរណ៍នៅចុងឆ្នាំ២០២៣​ និងដើមរដូវឆ្នាំ២០២៤​។

សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល អាជ្ញាធរ​អគ្គិសនី​កម្ពុជា និងអគ្គិសនីកម្ពុជានឹងបញ្ចុះថ្លៃអគ្គិសនី ១៥% ចំពោះបរិមាណ​ថាមពល​ដែល​ប្រើ​លើស​ពី​ការប្រើមធ្យមក្នុងរយៈពេល ៦​ខែ​កន្លងមក​របស់អ្នកប្រើប្រាស់ អគ្គិសនី​ប្រភេទ​ពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍។

អគ្គិសនីកម្ពុជា​បន្ថែម​ថា ការអនុវត្ត​ត្រូវ​ធ្វើ​ឡើង​​តាម​គោល​ការណ៍ និង​លក្ខខណ្ឌ ដូចជា អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម​បម្រើ​ក្នុងវិស័យទេសចរណ៍ អ្នកប្រើប្រាស់ធុនតូច​ទិញពីខ្សែបណ្តាញចែកចាយ LV សាធារណៈ រួមមាន សណ្ឋាគារ និង ផ្ទះសំណាក់ (មានអត្រាថ្លៃលក់ជារៀល) អ្នកប្រើប្រាស់​ធុនមធ្យម ទិញតាម​នាឡិកា​ស្ទង់​តង់ស្យុង​ទាប ឬតង់ស្យុងមធ្យម (មានអត្រា លក់ជាដុល្លារ) អតិថិជនធុនធំ ទិញពីទ្វារចរន្ត​តង់ស្យុង​មធ្យមនៃអនុស្ថានីយ និង អតិថិជនធុនដុំទិញពីខ្សែបណ្តាញតង់ស្យុងខ្ពស់ លើកលែងតែអតិថិជនពាណិជ្ជកម្ម អាជីវកម្ម មួយចំនួនដូចជា គ្រឹះស្ថានសិក្សា វិស័យ​សុខាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន អគាររដ្ឋបាល ជាដើម មិនទទួលបាន​ការ​បញ្ចុះ​ថ្លៃ​នេះទេ ។

សម្រាប់​លក្ខខណ្ឌ​ដែលត្រូវបញ្ចុះថ្លៃ គឺ​បញ្ចុះថ្លៃអគ្គិសនី ១៥% សម្រាប់បរិមាណ​ថាមពល​អគ្គិសនីប្រើប្រចាំខែដែលលើសពីមធ្យម ភាគក្នុងរយៈពេល ៦​ខែ​កន្លងមក ក្នុងលក្ខខណ្ឌធម្មតា ការបញ្ចុះថ្លៃនេះ​ចំពោះតែបរិមាណថាមពលអគ្គិសនី (kWh) ដែលប្រើលើស ប៉ុណ្ណោះ។

សម្រាប់​រយៈពេលដែលត្រូវបញ្ចុះថ្លៃ អគ្គិសនីកម្ពុជាបញ្ជាក់ថា ចំពោះថា​មពល​ដែល​​ប្រើ​នៅ​ខែធ្នូ ឆ្នាំ២០២៣ ដល់ ខែកុម្ភៈ ឆ្នាំ២០២៤ រយៈពេលនេះអាចបន្ថែមទៀត អាស្រ័យ​លើ​លទ្ធភាពហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា​។

អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានបន្ថែមថា ចំពោះអ្នកប្រើប្រាស់អគ្គិសនីដែលយល់ថា ការប្រើប្រាស់អគ្គិសនីរបស់ខ្លួនស្របតាមលក្ខខណ្ឌខាងលើ អាចដាក់ពាក្យស្នើសុំទៅ​អ្នក​ផ្គត់ផ្គង់ដែលឋិតក្នុងតំបន់ដែលខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះថ្លៃនេះ៕