ក្រុមអ្នកច្បាប់បង្ហាញការយល់ឃើញចម្រុះគ្នាចំពោះគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលទើបត្រូវបានបង្កើតក្នុងគោលបំណងលើកកម្ពស់នីតិរដ្ឋ និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បង្កើតឡើងតាមព្រះរាជក្រឹត្យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានសហប្រធាន ២ រូប គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល និងសមាជិកសរុប ២៥ រូប ក្នុងគោលបំណងដឹកនាំ សម្របសម្រួល ជំរុញការអនុវត្តការកែទម្រង់ប្រព័ន្ធយុត្តិធម៌ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅពង្រឹង លើកកម្ពស់គោលការណ៍នីតិរដ្ឋ គុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោក កែវ ពន្លឺចន្ទ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងច្បាប់លើកឡើងថា គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលមានសហប្រធាន អាចនាំឱ្យអំណាចមានភាពមិនច្បាស់លាស់ ចែកមិនដាច់ និងប្រទាញប្រទង់គ្នា។ លោកបន្ថែមថា គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះហាក់មិនឃើញពីប្រសិទ្ធភាពណាមួយទេ ប៉ុន្តែតែចាំមើលការដឹកនាំរបស់រដ្ឋាភិបាលថ្មី។
លោក ពន្លឺចន្ទ បន្តថា៖ «តួនាទីអង្គភាពប្រឆាំងអំពើពុករលួយវាសំខាន់ ហើយគួរតែយកទៅអនុវត្តដើម្បីឱ្យមានប្រសិទ្ធភាពឱ្យបានពេញលេញ ហើយយើងបង្កើតគណៈកម្មាធិការនេះឡើងគ្រាន់តែជាគោលនយោបាយដាក់ឱ្យអនុវត្តទៅ ហើយមិនទទួលបានប្រសិទ្ធភាព អាណត្តិក្រោយកំណែទម្រង់ទៀតទៅ»។
សម្រាប់លោក សុខ សំអឿន មេធាវីប្រចាំអង្គការតម្លាភាពកម្ពុជា លើកឡើងថា ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលផ្តល់សិទ្ធិសេរីភាពពលរដ្ឋជាធំជាងប្រយោជន៍ស្ថាប័នទើបជាការល្អ។
លោកមេធាវីបន្តថា៖ «ប្រព័ន្ធយុត្តិធម៌ ត្រូវតែការមានការកែទម្រង់ ព្រោះច្បាប់ជាទូទៅមិនសូវគិតដល់សិទ្ធិសេរីភាពពលរដ្ឋប៉ុន្មានទេ ដូច្នេះកែទម្រង់ឱ្យគោរពសិទ្ធិសេរីភាពពលរដ្ឋច្រើនទើបបានល្អ»។
លោកមេធាវីបន្ថែមថា ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌មិនគួរផ្តល់អំណាចឱ្យតុលាការធ្វើទាំងអស់នោះទេ ដោយសារចៅក្រមមិនទាន់ឯករាជ្យនៅឡើយទេ។ លោកថា ប្រសិនបើមានតំណាងចម្រុះមកពីពលរដ្ឋ អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលឱ្យមានចូលរួម និងទទួលមតិយោបល់ គឺកាន់តែប្រសើរ។
លោក វ៉ា ឈុនហុង អ្នកសិក្សាផ្នែកច្បាប់ និងសង្គម មានយោបល់ថា ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលមានសហប្រធាន ២ រូប គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានតុលាការកំពូល មានលក្ខណៈប្លែក អាចមានការ ក្រែងរអែងគ្នា ហើយពលរដ្ឋអាចមានការភាន់ច្រឡំលើការអនុវត្តរបស់តុលាការ។
លោក ឈុនហុង បន្តថា ស្ថាប័នតុលាការគួរតែជាអ្នករៀបចំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដោយខ្លួនឯង ដោយសារជាអ្នកអនុវត្ត មើលឃើញបញ្ហាផ្ទាល់ និងជាអំណាចឯករាជ្យ។
លោក ឈុនហុង បន្ថែមថា៖ «ស្ថាប័នតុលាការមើលឃើញពីបញ្ហាជាច្រើនច្បាស់លាស់ជាងស្ថាប័ននីតិប្រតិបត្តិ»។
លោក ឈុនហុង បន្ថែមថា ការបង្កើតគណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺមានភាពល្អប្រសើរ ប្រសិនអនុវត្តឱ្យត្រូវតាមច្បាប់ តម្លាភាព គិតពីប្រយោជន៍រួម ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងគិតពីប្រសិទ្ធភាព។
មាត្រា ៥១ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានកំណត់ថា៖ «អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា គ្មានការងារណាល្អឥតខ្ចោះ និង មិនអាចនៅដដែលៗដោយគ្មានកំណែទម្រង់នោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបន្តថា៖ «ប្រព័ន្ធយុត្តិធម៌ក៏ដូចគ្នាយើងត្រូវការពង្រឹង និងកែលម្អរជានិច្ចដើម្បីធ្វើឱ្យកាន់តែល្អប្រសើរ និងរឹងមាំ»។
លោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល លើកឡើងដែរថា លោកស្រីបានឃើញតែព្រះរាជក្រឹត្យ និងសេចក្តីសម្រេច ប៉ុន្តែមិនទាន់បានប្រជុំលម្អិតលើខ្លឹមសារនៅឡើយ។
ចំណែកលោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឱ្យទៅសួរអ្នកនាំពាក្យក្រសួងក្រសួងយុត្តិធម៌វិញ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងក្រសួងយុត្តិធម៌ និងជាអតីតប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ មិនឆ្លើយតបសំណួរពី Newsroom Cambodia អំពីការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងសមិទ្ធផលរយៈពេល១០ឆ្នាំកន្លងមកនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នេះទេ។
គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ មានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការ ស្ថិតក្រោមរដ្ឋបាលកណ្ដាលរបស់ក្រសួងយុត្តិធម៌ ដើម្បីគាំទ្រដល់កិច្ចដំណើរការរបស់ខ្លួន។ ហើយការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋាននេះ ត្រូវកំណត់ដោយអនុក្រឹត្យ។
ព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០២៣ ត្រង់មាត្រា ១៣ ចែងថា សាលាជម្រះក្តី អង្គការអយ្យការគ្រប់ជាន់ថ្នាក់ ស្ថាប័ន អង្គភាពដែលមានការពាក់ព័ន្ធនឹងការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ អាចបង្កើតក្រុមការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីធានាប្រសិទ្ធភាពការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌។
ក្រុមការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ មានតួនាទី ភារកិច្ច និងសមាសភាពយ៉ាងណា ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយប្រធានតុលាការកំពូល។
ព្រះរាជក្រឹត្យខាងលើ ត្រង់មាត្រា ១៣ ចែងថា៖ «គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិជាកញ្ចប់ថវិកាដោយឡែក នៅក្នុងក្របខ័ណ្ឌថវិការប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌»។
ជុំវិញការកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺរយៈពេល ១០ឆ្នាំមុន នៅឆ្នាំ២០១៣ រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៩១ បង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីដឹកនាំការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ដែលមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ១រូប ជាប្រធាន និងសមាជិកមួយចំនួនទៀត។
យោងតាមព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រង់មាត្រា ១៥ ចាប់ពីឆ្នាំ២០២៤នេះតទៅ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ត្រូវបានលុបចោល និងជំនួសវិញដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌៕