អ្នកជំនាញលើកឡើងថា យុវជនគួរតែចាប់យកឱកាសក្នុងការបង្កើនសមត្ថភាព និងរួមចំណែកអភិវឌ្ឍប្រទេសជាតិតាមរយៈការចូលរួមបង្កើតគោលនយោបាយសង្គម។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យមូលនិធិខុនរាដ អាដិនណៅអ៊ែរ ស្ទីវតាំង (Konrad-Adenauer-Stiftung Cambodia) និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Institute for International Studies and Public Policy)បានបង្កើតវេទិកាបញ្ចកោណស្តីពីការលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពរបស់យុវជន និងការចូលរួមក្នុងដំណើរការបង្កើតគោលនយោបាយ ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា ការចូលរួមរបស់យុវជនក្នុងវិស័យគោលនយោបាយ គឺជាធនធានមួយផ្នែកក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។
លោកបណ្ឌិតបន្តថា៖ «យុវជនកម្ពុជាគឺជាធនធានចម្បងនៅពីក្រោយការរីកចម្រើនរបស់ប្រទេស ហើយការចូលរួមយ៉ាងសកម្មក្នុងវិស័យគោលនយោបាយមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាព ហើយចំពោះយុទ្ធសាស្ត្របញ្ចកោណក៏លើកពីសារៈសំខាន់នៃអំណាច និងការអភិវឌ្ឍសមត្ថភាពរបស់យុវជន»។
ក្នុងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា រដ្ឋាភិបាលកម្ពុជាទទួលស្គាល់យុវជនថា ជា ធនធានដ៏សំខាន់ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សង្គម វប្បធម៌ និងបរិស្ថាន និងការរក្សាសន្តិភាពនាពេលនេះ និងទៅអនាគត។
ទោះបីការបង្កើតគោលនយោបាយទាមទារអ្នកដែលមានសមត្ថភាពខ្ពស់ តែយុវជននៅតែជាផ្នែកមួយដែលអាចជួយដោះស្រាយនូវបញ្ហាដែលយុវជនដូចគ្នាបានជួបប្រទះ។
លោកស្រី អ៊ីឯក នឹមនួន ប្រធានផ្នែកគោលនយោបាយ និងនវានុវត្តនៃយូអិនឌីភិកម្ពុជា (UNDP Cambodia)បានលើកឡើងថា ក្នុងសម័យបច្ចេកវិទ្យាទំនើបបែបនេះ យុវជនអាចចាប់យកឱកាសជាច្រើនសម្រាប់ចូលរួមអភិវឌ្ឍសង្គម ព្រោះរាជរដ្ឋាភិបាលក៏ដូចជាអង្គការជាច្រើនក៏មិនអាចយល់ពីបញ្ហាប្រឈមរបស់យុវជនដែរ។
លោកស្រីបន្តថា ៖ «សម័យកាន់តែជឿនលឿន យើងមិនអាចមើលឃើញពីបញ្ហាជាក់លាក់ ក៏ដូចជាបញ្ហាប្រឈមដែលយុវជនសម័យនេះជួបប្រទះឡើយ។»
លោកស្រីបន្ថែមថា ដូច្នេះយុវជនដើរតួនាទីយ៉ាងចាំបាច់ក្នុងការបង្កើតគោលនយោបាយដែលអាចឆ្លើយតបទៅនឹងបញ្ហាដែលយុវជនដូចគ្នាជួបប្រទះ។
បើយោងទៅតាម របាយការណ៍ស្ទង់មតិ យុវជនកម្ពុជាទាក់ទងនឹងគោលនយោបាយកាលពីឆ្នាំ ២០២២ របស់អង្គការ តម្លាភាពកម្ពុជា (Transparency International Cambodia) បានលើកឡើងថា យុវជន ១,៦០០ នាក់ដែលត្រូវបានស្ទង់មតិនៅទូទាំងប្រទេសបានបង្ហាញថា ពួកគេមិនចាប់អារម្មណ៍ ឬចាប់អារម្មណ៍តិចតួចលើនយោបាយ។
គួរបញ្ជាក់ថា របាយការណ៍នេះក៏ស្នើឱ្យយុវជនគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការចូលរួមប្រកបដោយអត្ថន័យរបស់យុវជននៅគ្រប់ដំណាក់កាលនៃដំណើរការគោលនយោបាយ ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាពរបស់រដ្ឋាភិបាលផងដែរ៕