អ្នកជំនាញ​លើកឡើង​ថា យុវជន​គួរតែ​ចាប់យក​ឱកាស​​ក្នុងការ​​​បង្កើនសមត្ថភាព​ និង​រួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​តាមរយៈការ​ចូលរួម​បង្កើត​គោលនយោបាយ​សង្គម។​

កាលពី​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ការិយាល័យ​មូលនិធិខុនរាដ អាដិនណៅអ៊ែរ ស្ទីវតាំង (Konrad-Adenauer-Stiftung Cambodia) និង​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​គោល​នយោបាយ​សាធារណៈ​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (Institute for International Studies and Public Policy)បានបង្កើត​វេទិកា​បញ្ចកោណ​ស្តីពី​ការលើក​កម្ពស់​ការអភិវឌ្ឍន៍​សមត្ថភាព​របស់​យុវជន និង​ការចូលរួម​ក្នុង​ដំណើរ​ការបង្កើត​គោលនយោបាយ​ ដែលប្រព្រឹត្ត​ឡើងនៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន។

លោក​បណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ លើកឡើង​ថា ការ​ចូលរួម​របស់យុវជន​ក្នុង​វិស័យ​គោលនយោបាយ គឺជាធនធាន​មួយផ្នែក​ក្នុងការ​អភិវឌ្ឍ​របស់​ប្រទេសជាតិ។

លោកបណ្ឌិត​បន្តថា៖ «យុវជន​កម្ពុជា​គឺជា​ធនធាន​ចម្បង​នៅពី​ក្រោយ​ការ​រីក​ចម្រើន​របស់​ប្រទេស ហើយ​ការ​ចូលរួម​​យ៉ាង​ស​កម្ម​ក្នុង​វិស័យ​គោលនយោបាយ​មានសារៈ​សំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​និរន្តរភាព ហើយ​ចំពោះ​យុទ្ធសាស្ត្រ​បញ្ចកោណ​ក៏​លើក​ពីសារៈសំខាន់​នៃ​អំណាច និង​ការអភិវឌ្ឍ​ស​មត្ថភាព​របស់​យុវជន»។

ក្នុង​គោលនយោបាយ​ជាតិស្តី​ពីការអភិវឌ្ឍ​យុវជន​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​យុវជន​ថា ជា ធនធាន​ដ៏សំខាន់ និង​មានតម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ សង្គម វប្បធម៌ និងបរិស្ថាន និងការរក្សា​សន្តិភាព​នាពេល​នេះ និង​ទៅ​អនាគត។

ទោះបី​ការបង្កើត​គោល​នយោបាយ​ទាមទារ​អ្នក​ដែលមាន​សមត្ថភាព​ខ្ពស់ តែ​យុវជន​នៅតែ​ជាផ្នែក​មួយ​ដែលអាច​ជួយដោះស្រាយ​នូវបញ្ហា​ដែលយុវជន​ដូចគ្នា​បាន​ជួបប្រទះ។

លោកស្រី អ៊ីឯក នឹមនួន ប្រធាន​ផ្នែក​គោល​នយោបាយ និង​នវានុវត្ត​នៃ​យូអិនឌី​ភិកម្ពុជា (UNDP Cambodia)បាន​លើក​ឡើង​ថា ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​បែបនេះ យុវជន​អាច​ចាប់យក​ឱកាស​ជាច្រើន​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម ព្រោះ​រាជរដ្ឋាភិបាល​ក៏​ដូចជា​អង្គការ​ជាច្រើន​ក៏​មិនអាច​យល់​ពីបញ្ហា​ប្រឈម​របស់​យុវជន​ដែរ។

លោកស្រី​បន្តថា ៖ «សម័យ​កាន់​តែ​ជឿនលឿន យើងមិន​អាច​មើលឃើញ​ពីបញ្ហា​ជាក់លាក់ ក៏​ដូចជា​បញ្ហាប្រឈម​ដែលយុវជន​សម័យនេះ​ជួបប្រទះ​ឡើយ។»

លោកស្រី​បន្ថែមថា ដូច្នេះ​យុវជន​ដើរ​តួនាទី​យ៉ាងចាំ​បាច់​ក្នុងការ​បង្កើត​គោលនយោបាយ​ដែល​អាច​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​យុវជន​ដូចគ្នា​ជួបប្រទះ។

បើយោង​ទៅតាម​ របាយការណ៍​ស្ទង់មតិ​ យុវជនកម្ពុជា​ទាក់ទង​នឹង​គោល​នយោបាយ​កាលពី​ឆ្នាំ ២០២២ របស់​អង្គការ តម្លាភាពកម្ពុជា (Transparency International Cambodia) បាន​លើកឡើង​ថា យុវជន ១,៦០០ នាក់​ដែល​ត្រូវបាន​ស្ទង់មតិ​នៅ​ទូទាំង​ប្រទេស​បានបង្ហាញ​ថា ពួកគេមិន​ចាប់អារម្មណ៍ ឬ​ចាប់អារម្មណ៍​តិចតួច​លើ​នយោបាយ។

គួរបញ្ជាក់ថា របាយការណ៍​នេះ​ក៏ស្នើ​ឱ្យ​យុវជន​គួរតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​លើក​កម្ពស់​ការចូលរួម​ប្រកប​ដោយ​អត្ថន័យ​របស់យុវជន​នៅ​គ្រប់​ដំណាក់កាល​នៃ​ដំណើរ​ការ​គោលនយោបាយ ដើម្បី​បង្កើន​តម្លាភាព និង​គណនេយ្យភាព​របស់​រដ្ឋាភិបាល​ផងដែរ៕