ជនរងគ្រោះនៃការបង្រ្កាបដោយហិង្សា ពីសំណាក់ក្រុមកងកម្លាំងចម្រុះ និងក្រុមទាហានឆ័ត្រយោង៩១១ កាលពីឆ្នាំ២០១៤ បានជួបជុំគ្នាក្នុងខួប១០ឆ្នាំ ដើម្បីបន្តទាមទាររកយុត្តិធម៌ និងជំរុញឱ្យរដ្ឋាភិបាលថ្មីស្វែងអ្នកប្រើប្រាស់អំពើហិង្សាទទួលទោសតាមច្បាប់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
ការប្រារព្ធកម្មវិធីនេះ បានធ្វើឡើងនៅការិយាល័យផ្ទះសាមគ្គី ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ១០០នាក់។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ បានថ្លែងក្នុងខួប១០ឆ្នាំនោះថា លោកក៏ជាជនរងគ្រោះពីការវាយដំដោយទាហានឆ័ត្រយោង ៩១១ នៅមុខរោងចក្រយ៉ាកជីង និងធ្លាប់ជាប់ពន្ធនាគារដោយសារការបង្រ្កាបនេះ ហើយគិតមកដល់ពេលនេះ រូបលោក និងជនរងគ្រោះផ្សេងទៀតនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ករណីនេះ លោកស្នើដល់អាជ្ញាធរ និងតុលាការ ផ្តល់យុត្តិធម៌ដល់រូបលោក និងជនរងគ្រោះ២២រូបផ្សេងទៀត ដោយទម្លាក់ចោលបទចោទប្រកាន់ និងស្នើដល់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវដាក់ទោសទៅលើមន្ត្រីសមត្ថកិច្ចណា ដែលបានប្រើហិង្សាទៅលើពលរដ្ឋទន់ខ្សោយ។
លោកថ្លែងថា៖ «បើសិនជាដូចបច្ចុប្បន្ននេះ គឺសមត្ថកិច្ចហាក់មិនមានពន្លឺណាមួយ ផ្តល់យុត្តិធម៌សម្រាប់អ្នករងគ្រោះឬគ្រួសារដែលស្លាប់បាត់បង់ជីវិតនោះទេ។ អ៊ីចឹងរយៈពេល ១០ឆ្នាំនេះ យើងគិតថា ស្ថានភាពបែបនេះគឺយើងនឹងមិនសង្ឃឹមនូវភាពយុត្តិធម៌ ទទួលបានភាពយុត្តិធម៌ទេ។ ប៉ុន្តែបើសិនជារដ្ឋាភិបាលថ្មីនេះគឺរៀបចំប្រព័ន្ធយុត្តិធម៌ណាមួយឱ្យទទួលយកបាន ខ្ញុំគិតថា អាចទៅរួច»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា រូបលោក និងជនរងគ្រោះផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណាក់កាលរងចាំយុត្តិធម៌ អស់រយៈពេល ១០ឆ្នាំមកហើយ ក្រោយពីពួកគេរងគ្រោះក្នុងហេតុការណ៍បង្ក្រាបដោយហិង្សា ពេលធ្វើកូដកម្មទាមទារតម្លើងប្រាក់ខែកម្មករ ១៦០ដុល្លារកាលពីឆ្នាំ២០១៤។ ទោះយ៉ាងណា លោកថា លោកនៅតែបន្តស្វែងរកយុត្តិធម៌នេះដោយផ្ទាល់ តាមរយៈការតតាំងតាមផ្លូវច្បាប់ ដោយមិនរត់ចោលប្រទេសនោះទេ។
លោកបញ្ជាក់ថា៖«រយៈពេល ១០ឆ្នាំ ដែលខ្ញុំរងចាំយុត្តិធម៌គិតត្រឹមថ្ងៃទី០២ មករា ឆ្នាំ២០១៤ ដល់ ០២ ខែមករា ឆ្នាំ២០២៤ ក្នុងនាមជាជនរងគ្រោះក្នុងព្រឹត្តិការណ៍មួយដែលរូបខ្ញុំមិនអាចបំភ្លេចបាន និងបានចងចាំនៅក្នុងខួរក្បាលជារៀងរហូត រាល់គ្រប់រូបភាពនៃការប្រើប្រាស់អំពើហឹង្សាយ៉ាងព្រៃផ្សៃជាទីបំផុតរបស់កងទាហ៊ានឆ័ត្រយោង ៩១១ កំបូលមកលើរូបខ្ញុំ ព្រមទាំងការកាត់ក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញពេល ៤ខែ២៨ថ្ងៃ ក្នុងការតស៊ូមតិស្វែងរកយុត្តិធម៌ក្នុងទិដ្ឋភាពច្បាប់»។
បើតាមជនរងគ្រោះរូបនេះ លោកស្នើទៅគណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ជួយជំរុញទៅតុលាការកំពូលទម្លាក់ការចោទប្រកាន់លើរូបលោក និងជនរងគ្រោះផ្សេងទៀតក្នុងព្រឹត្តិការណ៍ផ្លូវវេងស្រេង។
លោកបន្ថែមថា៖«សូមគណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បញ្ឈប់ការធ្វើប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរិតត្បិតសេរីភាពដល់ការគោរពសិទ្ធិ គោរពច្បាប់ក្នុងការកែទម្រង់ឲ្យមានយុត្តិធម៌ដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា»។
បើតាមជនរងគ្រោះ និងអង្គការសង្គមស៊ីវិល នៅក្នុងព្រឹត្តិការណ៍ឆ្នាំ ២០១៤ នោះ ក្រុមកងកម្លាំងចម្រុះ និងក្រុមទាហានឆ័ត្រយោង៩១១ បានប្រើប្រាស់«ហិង្សាយ៉ាងព្រៃផ្សៃ»លើកម្មករ រួមមានទាំងការបង្ក្រាប និងបាញ់រះគ្រាប់កាំភ្លើងពិត ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤នាក់ និងរងរបួសចំនួន ៤៤នាក់។ មនុស្ស ២៣ នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ ខណៈកម្មករម្នាក់ឈ្មោះ ខឹម សុផាត បានបាត់ខ្លួនរហូតដល់ពេលបច្ចុប្បន្ននេះ។ ពួកគេថា ការបង្ក្រាបដោយហិង្សានោះ កើតឡើងនៅពេលកម្មករតវ៉ាទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលគោលឱ្យដល់ ១៦០ដុល្លារ ហើយការប្រមូលផ្តុំនេះកើតឡើង ដោយសារការចរចាប្រាក់ឈ្នួលនាពេលនោះជាប់គាំងដែលធ្វើឱ្យកម្មករតវ៉ាទូទាំងប្រទេស។
ពាក់ព័ន្ធនឹងករណីនេះដែរ ក្រុមអង្គការសង្គមស៊ីវិលចំនួន១៤ ក៏បានអំពាវនាវទៅរដ្ឋាភិបាលផ្តល់យុត្តិធម៌ដល់កម្មករ និងអ្នករងគ្រោះក្នុងព្រឹត្តិការណ៍មួយនេះ ដោយទាមទារឱ្យទម្លាក់បទចោទលើកម្មករ និងសកម្មជនសហជីព ដាក់ទោសសមត្ថកិច្ចដែលបានបង្ក្រាបនិងប្រើប្រាស់អំពើហិង្សា បន្តស៊ើបអង្កេតស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន និងផ្តល់សំណងដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ និងបាត់ខ្លួន រួមទាំងសំណងដល់កម្មករដែលរងគ្រោះ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូជាដើម។
ប្រភពដដែលបញ្ជាក់ថា៖ «ក្នុងនាមជាជនរងគ្រោះ និងសាច់ញាតិ យើងខ្ញុំទាំងអស់គ្នាបានប្រារព្ធខួប១០ឆ្នាំនៃព្រឹត្តិការណ៍ សូមធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាល ធ្វើការដោះស្រាយនូវបញ្ហាដែលបានកើតឡើងមកលើកម្មករ ខណៈពេលដែលពួកគេបានប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម»។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការបង្ក្រាបរបស់អាជ្ញាធរកាលនោះជារឿងត្រឹមត្រូវ ដោយលោកចាត់ទុកថា ការប្រមូលផ្តុំកាលនោះ ខុសច្បាប់ និងមានចេតនាចង់ផ្តួលរលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។
លោកបញ្ជាក់ថា៖«យើងចាត់ទុកនេះជាអំពើកុបកម្មផ្តួលរលំ ដែលច្បាប់ត្រូវតែព្រមាន ដើម្បីរក្សានូវសន្តិភាពជាតិទាំងមូល»។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ ការស៊ើបអង្កេតទៅលើការបាញ់ប្រហារនេះត្រូវបានរាយការណ៍ថា ធ្វើឡើងត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ ហើយពុំមាននរណាម្នាក់ត្រូវបានយកមកផ្ដន្ទាទោសចំពោះការស្លាប់នេះទេ។ ផ្ទុយទៅវិញ កម្មករនិយោជិត និងអ្នកការពារសិទ្ធិមនុស្សចំនួន ២៣នាក់ ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសក្រោមការចោទប្រកាន់ពី បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយចេតនាមានស្ថានទម្ងន់ទោស បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថ ពាក់ព័ន្ធនឹងការតវ៉ានេះ៕