ជនរងគ្រោះនៃការបង្រ្កាបដោយហិង្សា ​ពី​សំណាក់​ក្រុម​កង​កម្លាំង​ចម្រុះ​ និង​​ក្រុម​​ទាហាន​​ឆ័ត្រ​យោង​​៩១១ កាល​ពី​​ឆ្នាំ​​២០១៤ បានជួបជុំ​គ្នាក្នុង​ខួប​១០​ឆ្នាំ ដើម្បីបន្តទាមទាររកយុត្តិធម៌ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាលថ្មីស្វែងអ្នកប្រើប្រាស់អំពើហិង្សាទទួលទោសតាមច្បាប់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

ការប្រារព្ធកម្មវិធីនេះ បានធ្វើឡើងនៅការិយាល័យផ្ទះសាមគ្គី ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ១០០នាក់។

ប្រធាន​​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ​លោក ​វន់ ពៅ​ បានថ្លែងក្នុងខួប១០ឆ្នាំនោះ​ថា លោក​ក៏​​ជា​ជន​រងគ្រោះ​ពី​ការ​វាយ​ដំ​ដោយ​ទាហាន​ឆ័ត្រ​យោង​ ៩១១ ​នៅ​មុខ​រោងចក្រ​យ៉ាកជីង​ និង​ធ្លាប់​​ជាប់​​ពន្ធនាគារ​ដោយ​សារ​ការ​បង្រ្កាប​នេះ ហើយ​គិតមកដល់ពេលនេះ រូបលោក និងជនរងគ្រោះផ្សេង​ទៀត​នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

ករណីនេះ ​លោក​ស្នើ​ដល់​អាជ្ញាធរ ​និង​​តុលាការ ​ផ្តល់​​យុត្តិធម៌​​ដល់រូបលោក និងជនរងគ្រោះ២២រូបផ្សេងទៀត ដោយទម្លាក់ចោលបទចោទប្រកាន់ និងស្នើដល់​រាជ​រដ្ឋាភិបាល​អាណត្តិទី៧នេះ ត្រូវដាក់ទោសទៅលើមន្ត្រីសមត្ថកិច្ចណា ដែលបានប្រើហិង្សាទៅលើពលរដ្ឋទន់ខ្សោយ។

លោក​ថ្លែង​ថា៖ ​«បើ​សិន​ជា​ដូច​បច្ចុប្បន្ន​នេះ ​គឺ​សមត្ថកិច្ច​ហាក់​មិន​មាន​ពន្លឺ​ណា​មួយ​ ផ្តល់​យុត្តិធម៌​សម្រាប់​អ្នក​រង​គ្រោះ​ឬ​គ្រួសារ​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ។​ អ៊ីចឹង​រយៈ​ពេល ​១០ឆ្នាំ​នេះ ​យើង​គិត​ថា​ ស្ថានភាព​បែប​នេះ​​គឺ​យើង​នឹង​មិន​សង្ឃឹម​នូវ​ភាព​យុត្តិធម៌ ​ទទួល​បាន​ភាព​យុត្តិធម៌​ទេ។ ​ប៉ុន្តែ​បើ​សិន​ជា​រដ្ឋាភិបាល​ថ្មី​នេះ​គឺ​រៀបចំ​ប្រព័ន្ធ​យុត្តិធម៌​ណា​មួយ​ឱ្យ​ទទួល​យក​បាន​ ខ្ញុំ​គិត​ថា​ អាច​ទៅ​រួច»។​

ប្រធានសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា រូបលោក និង​ជន​រងគ្រោះ​ផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណាក់កាលរងចាំយុត្តិធម៌ អស់រយៈពេល ១០​ឆ្នាំមក​ហើយ ក្រោយ​ពី​ពួក​គេ​​រង​គ្រោះក្នុ​ង​ហេតុការណ៍បង្ក្រាបដោយហិង្សា ពេល​ធ្វើកូដកម្មទាមទារតម្លើងប្រាក់ខែកម្មករ ១៦០ដុល្លារកាល​ពី​ឆ្នាំ​២០១៤។ ទោះយ៉ាងណា លោកថា លោកនៅតែបន្តស្វែងរកយុត្តិធម៌នេះដោយផ្ទាល់ តាមរយៈការតតាំង​តាម​ផ្លូវ​ច្បាប់ ​ដោយ​មិនរត់ចោលប្រទេសនោះទេ។

លោកបញ្ជាក់ថា៖«រយៈពេល ១០ឆ្នាំ ដែល​ខ្ញុំរងចាំយុត្តិធម៌គិតត្រឹមថ្ងៃទី០២ មករា ឆ្នាំ២០១៤ ដល់ ០២ ខែមករា ឆ្នាំ២០២៤ ក្នុងនាមជាជនរងគ្រោះក្នុងព្រឹត្តិការណ៍មួយដែលរូបខ្ញុំមិនអាចបំភ្លេចបាន និងបានចងចាំនៅក្នុងខួរក្បាលជារៀងរហូត រាល់គ្រប់រូបភាពនៃការប្រើប្រាស់អំពើហឹង្សាយ៉ាងព្រៃផ្សៃជាទីបំផុតរបស់កងទាហ៊ានឆ័ត្រយោង ៩១១ កំបូលមកលើរូបខ្ញុំ ព្រមទាំងការកាត់ក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញពេល ៤ខែ២៨​ថ្ងៃ ក្នុងការតស៊ូមតិស្វែងរកយុត្តិធម៌ក្នុងទិដ្ឋភាពច្បាប់»

បើតាមជនរងគ្រោះរូបនេះ លោកស្នើទៅគណៈ​កម្មាធិការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ជួយ​ជំរុញទៅតុលាការ​កំពូល​ទម្លាក់ការចោទប្រកាន់លើ​រូបលោក និងជនរងគ្រោះផ្សេងទៀតក្នុងព្រឹត្តិការណ៍ផ្លូវវេងស្រេង។

លោកបន្ថែមថា៖«សូមគណៈ​កម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បញ្ឈប់​ការធ្វើប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរិតត្បិតសេរីភាពដល់ការគោរព​សិទ្ធិ គោរពច្បាប់ក្នុងការកែទម្រង់ឲ្យមានយុត្តិធម៌ដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា»

បើ​តាម​ជន​រងគ្រោះ​ និង​អង្គការ​សង្គម​ស៊ីវិល​ ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្នាំ​ ២០១៤ ​នោះ ​ក្រុម​កង​កម្លាំង​ចម្រុះ​ និង​ក្រុម​ទាហាន​ឆ័ត្រ​យោង​៩១១ ​បាន​ប្រើ​ប្រាស់​«ហិង្សា​យ៉ាង​ព្រៃផ្សៃ»​លើ​កម្មករ​ រួម​មាន​ទាំង​ការ​បង្ក្រាប ​និង​បាញ់​​រះ​​គ្រាប់​​កាំភ្លើង​​ពិត​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤​នាក់​ និង​រង​របួស​ចំនួន ​៤៤​នាក់។​ មនុស្ស​ ២៣ ​នាក់ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ខណៈ​កម្មករ​ម្នាក់​ឈ្មោះ ​ខឹម សុផាត ​បាន​បាត់​ខ្លួន​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។​ ពួក​គេ​ថា ​ការ​បង្ក្រាបដោយ​ហិង្សា​នោះ ​កើត​ឡើង​នៅ​ពេល​កម្មករ​តវ៉ា​ទាមទារ​​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​ដល់​ ១៦០​​ដុល្លារ​ ហើយ​ការ​ប្រមូល​ផ្តុំ​នេះ​កើត​ឡើង ​ដោយ​សារ​ការ​ចរចា​ប្រាក់​ឈ្នួល​នា​ពេល​នោះ​ជាប់​គាំង​ដែល​ធ្វើ​ឱ្យ​កម្មករ​តវ៉ា​ទូទាំង​ប្រទេស។​

ពាក់ព័ន្ធនឹងករណីនេះ​ដែរ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​​១៤ ​ក៏​បាន​​អំពាវ​នាវ​​​ទៅ​​រដ្ឋាភិបាល​ផ្តល់​​យុត្តិធម៌​​ដល់​កម្មករ​ និង​អ្នក​រង​គ្រោះ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ដោយ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​កម្មករ​ និង​សកម្ម​ជន​សហជីព​ ដាក់​ទោស​សមត្ថ​កិច្ច​ដែល​បាន​បង្ក្រាប​និង​ប្រើ​ប្រាស់​អំពើ​ហិង្សា ​បន្ត​ស៊ើប​អង្កេត​ស្វែង​រក​​ជន​រង​គ្រោះ​​ដែល​​បាន​​បាត់​ខ្លួន​ និង​ផ្តល់​សំណង​ដល់​គ្រួសារ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់ ​និង​បាត់​ខ្លួន​ រួម​ទាំង​សំណង​ដល់​កម្មករ​ដែល​រង​គ្រោះ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​​ទាំង​​នោះ​ ដែល​​រួម​​មាន​ ​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​សមាគមការពារសិទ្ធិមនុស្ស​​អាដហុក ​និង​អង្គការ​​លីកាដូ​ជាដើម។​

ប្រភពដដែលបញ្ជាក់ថា៖ «ក្នុងនាមជាជនរងគ្រោះ និងសាច់ញាតិ យើងខ្ញុំទាំងអស់គ្នាបានប្រារព្ធ​ខួប១០ឆ្នាំនៃព្រឹត្តិការណ៍ សូម​ធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាល ធ្វើការដោះស្រាយនូវបញ្ហាដែលបានកើតឡើងមកលើកម្មករ ខណៈពេលដែលពួកគេបានប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម»។

តែយ៉ាងណា ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​ ខៀវ សុភ័គ​ មានប្រសាសន៍ថា ​ការ​​​បង្ក្រាប​របស់​​​អាជ្ញាធរ​​កាល​នោះ​​ជា​រឿង​​ត្រឹម​ត្រូវ​ ដោយ​​​លោក​​ចាត់​​ទុក​​ថា ​ការ​​ប្រមូល​​ផ្តុំ​កាល​​នោះ ​ខុស​​​ច្បាប់ ​និង​មាន​ចេតនា​ចង់​ផ្តួល​​រលំ​រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី ​លោក​ ហ៊ុន សែន។​

លោក​បញ្ជាក់​ថា៖​«យើង​ចាត់​ទុក​នេះ​ជា​អំពើ​កុបកម្ម​ផ្តួល​រលំ ​ដែល​ច្បាប់​ត្រូវ​តែ​ព្រមាន ដើម្បី​រក្សា​នូវ​សន្តិ​ភាព​ជាតិ​ទាំង​មូល»។​

បើតាមអង្គការសិទ្ធិមនុស្សលីកាដូ ការស៊ើបអង្កេតទៅលើការបាញ់ប្រហារនេះត្រូវបានរាយការណ៍ថា ធ្វើឡើងត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ ហើយពុំមាននរណាម្នាក់ត្រូវបានយកមកផ្ដន្ទាទោសចំពោះការស្លាប់នេះទេ។ ផ្ទុយទៅវិញ កម្មករនិយោជិត និងអ្នកការពារសិទ្ធិមនុស្សចំនួន ២៣នាក់ ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសក្រោមការចោទប្រកាន់ពី បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយចេតនាមានស្ថានទម្ងន់ទោស បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថ ពាក់ព័ន្ធនឹងការតវ៉ានេះ៕