ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមត្ថកិច្ច តាមរកអត្តសញ្ញាណជនដែលប្រកាសពីការជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែល ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ខណៈកម្ពុជាមិនទាន់មានកិច្ចព្រមព្រាងលើករណីនេះជាមួយប្រទេសអ៊ីស្រាអែលនៅឡើយ។
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រាងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលទេ ដោយបច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករ។ ក្រសួងក៏បានអំពាវនាវដល់សាធារណជនជូនដំណឹង ឬរាយការណ៍ទៅក្រសួង ក្នុងករណីឃើញមានការផ្សព្វផ្សាយពីការជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែល ដើម្បីឱ្យក្រសួងពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងការងារបញ្ជាក់ថា៖«ការជ្រើសរើស និងការបញ្ជូនពលករទៅធ្វើការនៅបរទេសដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស»។
ការជូនដំណឹងរបស់ក្រសួងការងារ ធ្វើឡើងក្រោយពីមានការប្រកាសជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលដោយខុសច្បាប់ នៅលើបណ្តាញសង្គមតេឡេក្រាម (Telegram)កាលពីពេលថ្មីៗនេះ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃពុធថា ក្រសួងកំពុងចាត់វិធានការទៅលើរឿងនេះ។
លោកថា៖«ក្រសួងកំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីចាត់វិធានការដល់បុគ្គលពាក់ព័ន្ធ»។
ចំណែក អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចាញ់បោកជនខិលខូចចំពោះការផ្សព្វផ្សាយនេះ ខណៈកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឡើយ។ លោកបញ្ជាក់ថា មានតែការប្រកាសព័ត៌មានរបស់ក្រសួង អំពីការជ្រើសរើសពលករទេ ទើបស្របច្បាប់។
លោកថា៖«សូមអំពាវនាវដល់បុគ្គលណាដែលប្រព្រឹត្តខុសច្បាប់សូមបញ្ឈប់សកម្មភាពជាបន្ទាន់ ក្រសួងសហការជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីអនុវត្តវិធានការច្បាប់ប្រឆាំងជនល្មើស[…] យើងពុំមានពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលទេ ក្រៅពីនិស្សិត និងកម្មសិក្សាការីផ្នែកកសិកម្មប្រហែល ៤០០នាក់ ដែលកំពុងសិក្សាទីនោះ»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា សមត្ថកិច្ចនឹងមានវិធានការលើករណីនេះ ដោយសារការផ្សព្វផ្សាយផ្ទុយពីការពិតនេះ ជាសកម្មភាពខុសច្បាប់។
លោកស្រីថ្លែងថា៖«យើងដឹងហើយថាប្រទេសអ៊ីស្រាអែលមានស្ថានភាពបែបណា ប្រសិនបើមានរើសបែបហ្នឹងមែន គឺជាការផ្សព្វផ្សាយព័ត៌មានដែលខុសច្បាប់ ឬការបោកប្រាក់តែម្តង ហើយរដ្ឋាភិបាលនឹងមិនទុកឱ្យមានសកម្មភាពបែបនេះទេ»។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានលើកឡើងថា បច្ចុប្បន្ន នៅតែមានប្រជាពលរដ្ឋមួយចំនួននៅតាមជនបទនៅមិនទាន់ទទួលបានព័ត៌មានពេញលេញ ហើយពួកគេគឺងាយនៅក្នុងការចាញ់បោក។
លោកមានប្រសាសន៍ថា៖«មកទល់ពេលនេះ យើងឃើញថា នៅមានព័ត៌មានផ្សព្វផ្សាយជាច្រើន ពលរដ្ឋមួយចំនួននៅតាមមូលដ្ឋាន ដែលគាត់ខ្វះខាតព័ត៌មានពេញលេញនោះ គឺគាត់ងាយនៅក្នុងការចាញ់បោកទៅនឹងទីភ្នាក់ងារដែលគាត់ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ខណៈពេលដែលពួកគាត់មិនមានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ បញ្ហានេះវានៅអាចកើតមានឡើង បើសិននៅបណ្តោយឱ្យមានទីភ្នាក់ងារដែលមិនមានអាជ្ញាប័ណ្ណដែលបន្តនៅក្នុងការធ្វើកិច្ចការងារទាំងអស់ហ្នឹងបាន បញ្ហាការជួញដូរកម្លាំងពលកម្ម បញ្ហាការរំលោភសិទ្ធិពលករ សិទ្ធិការងារ ការឆបោក ការជួបប្រទះទៅនឹងបញ្ហាបំណុលក្នុងករណីដែលពួកគាត់ត្រួវចំណាយនៅក្នុងក្របខណ្ឌក្រៅផ្លូវការជាដើម»។
ជាមួយគ្នានេះ លោក ឃុន ថារ៉ូ ក៏បានស្នើឱ្យក្រសួងចាត់វិធានការច្បាប់ និងអនុវត្តច្បាប់ឱ្យបានតឹងរឹងទៅលើបុគ្គលទាំងនោះ ដើម្បីកុំឱ្យមានករណីនេះកើតឡើងបន្តទៀត។
បើតាមអ្នកនាំពាក្យក្រសួងការងារ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅក្រៅប្រទេសមានជាង ១លាន ៣សែននាក់ ដោយក្នុងនោះពលករដែលចំណាកស្រុកទៅប្រទេសថៃមានជាង ១លាន២សែននាក់, កូរ៉េខាងត្បូងមានជាង ៥ម៉ឺននាក់, ម៉ាឡេស៊ីមានជាង ២ម៉ឺន ២ពាន់នាក់, ជប៉ុនមានជាង ២ម៉ឺន១ពាន់នាក់, សិង្ហបុរីមាន ៨៧១នាក់, ហុងកុងមានចំនួន ២១៨នាក់ និងអារ៉ាប៊ីសាអូឌីតមានចំនួន ៦៤នាក់។
ប្រភពដដែលបន្ថែមថា ពលករចំណាកស្រុកនៅកម្ពុជា បានជួយជំរុញសេដ្ឋកិច្ចជាតិយ៉ាងសំខាន់តាមរយៈការផ្ទេរប្រាក់ពីប្រទេសដទៃមកកាន់ក្រុមគ្រួសាររបស់ពួកគេ ដែលគិតជាមធ្យមមានប្រមាណជាង ២,៩ពាន់លានដុល្លារក្នុងមួយឆ្នាំ៕