ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមត្ថកិច្ច​ តាមរកអត្តសញ្ញាណ​​ជន​​ដែល​ប្រកាសពីការជ្រើស​រើស​ពលករទៅបម្រើការងារនៅប្រទេស​អ៊ីស្រាអែល ដើម្បីចាត់វិធានការ​ទៅតាមផ្លូវច្បាប់ ខណៈ​​កម្ពុជាមិនទាន់មានកិច្ចព្រមព្រាងលើករណីនេះជាមួយប្រទេសអ៊ីស្រាអែលនៅឡើយ។

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រម​ព្រាង​ស្តីពី​ការ​​បញ្ជូនពលករពីកម្ពុជា​ទៅធ្វើការ​នៅប្រទេស​អ៊ីស្រាអែលទេ ដោយបច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សា​លើ​សេចក្តីព្រាង​អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជ្រើស​រើស​ និងការបញ្ជូនពលករ។ ក្រសួងក៏បានអំពាវនាវដល់សាធារណជនជូនដំណឹង ឬរាយការណ៍ទៅក្រសួង ក្នុងករណីឃើញមាន​ការផ្សព្វផ្សាយពីការជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែល ដើម្បីឱ្យក្រសួងពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់។

ក្រសួងការងារបញ្ជាក់ថា៖«ការជ្រើសរើស និងការបញ្ជូនពលករទៅធ្វើការនៅបរទេស​ដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស»។

ការជូនដំណឹងរបស់ក្រសួងការងារ​ ​ធ្វើឡើងក្រោយ​ពី​មានការប្រកាសជ្រើស​រើសពលករទៅធ្វើការ​នៅប្រទេស​អ៊ីស្រាអែលដោយខុសច្បាប់ នៅ​លើ​បណ្តាញសង្គមតេឡេក្រាម (Telegram)​កាល​ពី​ពេល​​ថ្មីៗ​នេះ។

រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃពុធថា ក្រសួង​កំពុង​ចាត់វិធានការ​ទៅលើរឿងនេះ។

លោក​ថា៖«ក្រសួង​កំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីចាត់វិធានការ​ដល់បុគ្គល​ពាក់​ព័ន្ធ»។

ចំណែក អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បាន​អំពាវ​នាវដល់​ប្រជាពលរដ្ឋ កុំចាញ់បោកជនខិលខូចចំពោះការផ្សព្វផ្សាយនេះ ខណៈកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឡើយ។ លោកបញ្ជាក់ថា​ ​មានតែការប្រកាសព័ត៌មានរបស់ក្រសួង អំពីការជ្រើសរើសពលករទេ ​ទើបស្របច្បាប់។

លោកថា​៖​«សូមអំពាវនាវដល់បុគ្គលណាដែលប្រព្រឹត្តខុសច្បាប់សូមបញ្ឈប់សកម្មភាពជាបន្ទាន់ ក្រសួងសហការជាមួយអាជ្ញាធរ​សមត្ថកិច្ច ដើម្បីអនុវត្តវិធានការច្បាប់ប្រឆាំងជនល្មើស[…] យើងពុំមានពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលទេ ក្រៅពីនិស្សិត និង​កម្មសិក្សាការីផ្នែកកសិកម្មប្រហែល ៤០០នាក់ ដែលកំពុងសិក្សាទីនោះ»។

​រ​ដ្ឋលេខាធិកា​រ​ក្រសួង​មហា​ផ្ទៃ និង​ជា​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍​នៃគណៈក​ម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​​ជួញ​​ដូរ​មនុស្ស លោក​ស្រី ជូ ប៊ុន​អេង មានប្រសាសន៍ថា សមត្ថកិច្ចនឹងមានវិធានការលើករណី​នេះ ដោយសារការផ្សព្វផ្សាយផ្ទុយពីការពិតនេះ ជាសកម្មភាព​ខុសច្បាប់។

លោកស្រីថ្លែងថា៖«យើងដឹងហើយថា​ប្រទេស​អ៊ីស្រាអែលមានស្ថាន​ភាពបែបណា​ ប្រសិន​បើមានរើស​បែប​ហ្នឹង​មែន​ គឺជាការផ្សព្វ​ផ្សាយព័ត៌មាន​ដែលខុស​ច្បាប់​ ឬការបោកប្រាក់​តែម្តង ហើយរដ្ឋាភិបាលនឹងមិនទុកឱ្យមានសកម្មភាពបែបនេះទេ​​»​។​

អ្នកគ្រប់គ្រងកម្មវិធីការងារ​ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានលើកឡើងថា បច្ចុប្បន្ន នៅ​តែ​មានប្រជាពលរដ្ឋមួយចំនួន​នៅតាមជនបទនៅមិនទាន់​ទទួលបានព័ត៌មានពេញលេញ ហើយពួកគេគឺងាយនៅក្នុងការចាញ់បោក។

លោកមានប្រសាសន៍ថា៖«មកទល់ពេលនេះ យើងឃើញថា​ នៅមានព័ត៌មានផ្សព្វផ្សាយជាច្រើន ពលរដ្ឋមួយចំនួន​នៅតាមមូលដ្ឋាន ដែលគាត់ខ្វះខាតព័ត៌មានពេញលេញនោះ គឺគាត់ងាយនៅក្នុងការចាញ់បោកទៅនឹង​ទីភ្នាក់ងារដែលគាត់ផ្សព្វ​ផ្សាយព័ត៌មានក្លែងក្លាយ​ ខណៈ​ពេលដែលពួកគាត់មិនមាន​ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ​។ បញ្ហានេះវានៅអាចកើតមាន​ឡើង​ បើសិននៅបណ្តោយ​ឱ្យ​មាន​ទីភ្នាក់​ងារ​ដែលមិនមាន​អាជ្ញាប័ណ្ណដែល​បន្ត​នៅក្នុងការ​ធ្វើកិច្ចការងារ​ទាំងអស់ហ្នឹង​បាន​ បញ្ហា​​ការ​ជួញដូរ​កម្លាំងពលកម្ម បញ្ហា​ការ​រំលោភសិទ្ធិពលករ​ សិទ្ធិការងារ​​ ការ​ឆបោក ការជួប​ប្រទះទៅនឹងបញ្ហា​បំណុល​ក្នុងករណី​ដែលពួក​គាត់​​ត្រួវ​​ចំណាយនៅក្នុង​ក្រប​ខណ្ឌ​ក្រៅផ្លូវការជាដើម»។

ជាមួយគ្នានេះ លោក ឃុន ថារ៉ូ ក៏បាន​ស្នើឱ្យក្រសួងចាត់​វិធានការ​ច្បាប់ និងអនុវត្តច្បាប់ឱ្យបានតឹងរឹងទៅលើបុគ្គល​ទាំងនោះ ដើម្បី​កុំឱ្យមានករណីនេះ​កើតឡើងបន្ត​ទៀត។​​​

បើតាមអ្នកនាំពាក្យក្រសួងការងារ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋកម្ពុជា​ដែលកំពុងបម្រើការងារនៅក្រៅប្រទេសមានជាង ១លាន ៣សែននាក់ ដោយក្នុងនោះពលករដែលចំណាកស្រុកទៅប្រទេស​ថៃមានជាង ១​លាន​២​សែន​នាក់, ​កូរ៉េខាងត្បូង​​​មានជាង ​៥​ម៉ឺន​នាក់, ​ម៉ាឡេស៊ី​មានជាង ២​ម៉ឺន​ ២​ពាន់​នាក់, ​ជប៉ុនមានជាង ២​ម៉ឺន​១​ពាន់​នាក់,​ សិង្ហបុរីមាន ​៨​៧១នាក់​, ​ហុងកុងមានចំនួន ២១៨នាក់ និង​អារ៉ាប៊ី​សាអូឌីតមានចំនួន ៦​៤​នាក់​។

ប្រភពដដែលបន្ថែមថា ពលករ​ចំណាក​ស្រុកនៅ​​កម្ពុជា ​បានជួយជំរុញ​សេដ្ឋកិច្ច​ជាតិ​យ៉ាង​សំខាន់​តាម​រយៈ​ការ​ផ្ទេរ​ប្រាក់ពីប្រទេសដទៃមកកាន់ក្រុមគ្រួសារ​របស់ពួកគេ​​ ដែលគិតជាមធ្យមមាន​​ប្រមាណ​ជាង ២,៩​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕