ក្រុមចលនាមាធម្មជាតិបានរៀបចំយុទ្ធនាការនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយជំរុញឱ្យក្រសួងបរិស្ថាន ដាក់កោះកុងក្រៅឱ្យប្រែក្លាយទៅជា«ឧទ្យានជាតិសមុទ្រ » ក្នុងន័យដើម្បីអភិរក្ស និងជាការកៀរគរភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តទីនេះឱ្យបានច្រើនជាងមុន ខណៈស្ថាប័នសាម៉ីមួយនេះមិនបានបំពេញការឆ្លើយតបរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលបានសន្យាដាក់កោះមួយនេះជាឧទ្យានជាតិសមុទ្រ។
តាមរយៈយុទ្ធនាការនៅលើបណ្តាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានគេកំពុងចែកចាយតៗគ្នា ក្រោមពាក្យស្លោក«តោះ!សួរក្រសួងបរិស្ថានអំពីកោះកុងក្រៅ»ដើម្បីដាស់ស្មារតី និងដើម្បីតាមដានការងារក្រសួងបរិស្ថានក្នុងការដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។
នៅលើគេទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ «ចលនាមាតាធម្មជាតិ»ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គឺពួកគេបង្ហោះផ្សាយឱ្យសាធារណៈជនទំនាក់ទំនងទៅកាន់ក្រសួងបរិស្ថានដោយភ្ជាប់សារថា«តើក្រសួងបរិស្ថានត្រូវការពេលប៉ុន្មានខែ ឆ្នាំទៀតក្នុងការដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ?»។
សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី លើកឡើងថាមូលហេតុដែលកញ្ញាតែងតែស្នើសុំដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រនេះ ព្រោះកញ្ញាព្រួយបារម្ភអំពីកោះកុងក្រៅ។
កញ្ញាបន្តថា៖«មូលហេតុដែលយើងតែងតែទទួចស្នើសុំឱ្យរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដោយសារតែយើងមើលឃើញថាកោះកុងក្រៅគឺជាកោះដែលធំជាងគេនៅខ្មែរ ហើយវាមានទេសភាពស្អាតពោរពេញទៅដោយធនធាន និងជីវចម្រុះដ៏កម្រ ដែលនៅក្នុងប្រទេសកម្ពុជាមិនមានកោះច្រើនទេដែលមានភាពល្អ ភាពស្រស់ស្អាតភាពឯកកោនៅកោះកុងក្រៅហ្នឹង »។
បើតាមសកម្មជនបរិស្ថានរូបនេះ យុទ្ធនាការនេះធ្វើឡើងដើម្បីក្រើនរំលឹកដល់រដ្ឋាភិបាល និងក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ពីព្រោះក្រសួងបរិស្ថានបានសន្យាដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រចាប់ពីតាំងឆ្នាំ២០២១មក ប៉ុន្តែមកដល់បច្ចុប្បន្ននេះ កោះកុងក្រៅនៅមិនទាន់ដាក់បញ្ចូលជាឧទ្យានជាតិសមុទ្រជាផ្លូវការនៅឡើយនោះទេ។
កញ្ញាបន្តថា៖«អ្វីដែលយើងចង់ឃើញការចូលរួមចំណែកមួយផ្នែកទៀតនោះគឺ ចូលរួមទាមទារទាំងអស់គ្នា យើងផ្សព្វផ្សាយ យើងទៅលេង ជារឿងល្អហើយ ប៉ុន្តែការចូលរួមទាមទារឱ្យមានការដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ឱ្យមានការដកអាជ្ញាប័ណ្ឌពីក្រុមហ៊ុន SEZ […] លើសពីនោះពួកគាត់ក៏អាចបង្កើតជាយុទ្ធនាការរៀងៗខ្លួននៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួនក្នុងការទាមទារឱ្យដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ »។
សកម្មជនបរិស្ថាន និងជាសមាជិកនៃក្រុមចលនាមាតាធម្មជាតិម្នាក់ទៀត យុវតី មាន លីសា កត់សម្គាល់ថាលោក លី យ៉ុងផាត់ តែងតែបង្កទំនាស់ជាអចិន្ត្រៃយ៍ជាមួយនឹងរឿងសិទ្ធិមនុស្ស និងបរិស្ថានជាមួយប្រជាពលរដ្ឋ ហើយកញ្ញាព្រួយបារម្ភអំពីកោះកុងក្រៅ ខណៈកោះនេះត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ ជាអ្នកគ្រប់គ្រងទៅហើយ។
កញ្ញាបន្តថា៖ «សវតារបស់ក្រុមហ៊ុននេះមិនគួរឱ្យទុកចិត្ត វាអត់សុវត្ថិភាពតែម្តងនោះគឺលោកលីយ៉ុងផាត់មានទំនាស់ដីធ្លី មានទំនាស់ផលប្រយោជន៍ជាច្រើនជាមួយប្រជាពលរដ្ឋនៅខេត្តកោះកុង ខេត្តកំពុងស្ពឺ រឿងស្ករ រឿងអី! សវតាទាំងអស់នេះហើយដែលបានប្រាប់មកកាន់ពួកយើងថាអត់មានសុវត្ថិភាពទាល់តែសោះដែលប្រគល់កោះទាំងមូលឱ្យឧកញ៉ា លី យ៉ុងផាត់នេះ » ។
កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលបានប្រគល់កោះកុងក្រៅនេះឱ្យទៅក្រុមហ៊ុន Koh Kong SEZ របស់លោកឧកញ៉ា លី យ៉ុងផាត់ ក្រោមរូបភាពដើម្បីអភិវឌ្ឍ។ការផ្តល់សិទ្ធិវិនិយោគនេះ ត្រូវរង់ការរិះគន់ថា រដ្ឋាភិបាលមិនបានសិក្សាពីហេតុផលប៉ះពាល់បរិស្ថាន និងសង្គមជាមុន ជាមួយពលរដ្ឋ ជាពិសេសមិនធ្លាប់ដែលបានប្រកាសជាសាធារណៈម្តងណានោះទេ ។
គេសង្កេតឃើញថា ចាប់តាំងពីពេលនោះមក ក្រុមយុវជនការពារបរិស្ថានចេញធ្វើសកម្មភាពផ្សេងៗជាច្រើន ដើម្បីទាមទារឱ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រដែលសកម្មភាពទាំងនោះរួមមានជិះកង់ កនិងដើរដាក់ញត្តិ ជាដើម។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបកស្រាយបានទេពីលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថាន ដោយទូរស័ព្ទចូលប៉ុន្តែមិនមានអ្នកទទួល។
យ៉ាងនេះក្តី លោក ហេង គឹមហុង នាយកប្រតិបត្តិ នៃសមាគមបណ្តាញយុវជនកម្ពុជា យល់ឃើញថាបញ្ហាកោះកុងក្រៅគឺជារបៀបវារៈមួយដែលមានភាពចាំបាច់ និងសំខាន់ហើយ។លោកកត់សម្គាល់ថាដំណើរការរបស់ក្រសួងបរិស្ថាននៅក្នុងការដាក់បញ្ចូលតំបន់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រនេះ បានអូសបន្លាយជាយូរមកហើយ។
លោកបន្តថា៖ «តបតាមការទទូចស្នើសុំដោយចលនាមហាជននេះ ក្រសួងបរិស្ថានគួរតែផ្សព្វផ្សាយជាចំហរ ឬធ្វើបច្ចុប្បន្នភាពម្តងទៀតជូនពួកគេឱ្យបានដឹងថា មកដល់បច្ចុប្បន្ននេះនីតិវិធីដំណើរការសិក្សា នៃកោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រដល់ណាហើយ ការសិក្សារកឃើញអ្វីខ្លះ? ត្រូវការការគាំទ្រអ្វីខ្លះ ពីសាធារណជននៅក្នុងដំណើការនៃការស្វែងយល់ និងធ្វើការសិក្សាស្រាវជ្រាវបន្តទៀតនេះ ហើយក្រសួងគួរតែបញ្ជាក់ថាត្រូវការរយៈពេលប៉ុន្មានទៀតដើម្បីជម្រុញនៃការដាក់បញ្ជូលកោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រទាន់ពេលវេលា »។
របាយការណ៍នៅលើគេទំព័ររបស់រដ្ឋបាលខេត្តកោះកុងឱ្យដឹងថាកោះកុងក្រៅគឺជាកោះធំជាងគេដែលស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ កោះនេះមានឆ្នេរខ្សាច់ស្រស់ស្អាតស្ថិតនៅលើផ្ទៃទឹកសមុទ្រដែលធំល្វឹងល្វើយ ហើយមានពណ៌ខៀវស្រងាត់ និងមានសក្តានុពលផ្នែកធនធានធម្មជាតិជីវៈចម្រុះ។
ប្រភពដដែលបន្តថា កោះនេះ មានផ្ទៃដីប្រមាណ ៨០គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល ៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំរបស់កម្ពុជា។កោះនេះមុននឹងផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ កោះនេះធ្លាប់គ្រប់គ្រងដោយអង្គភាពយោធាជើង៕