ក្រុមចលនាមាធម្មជាតិបានរៀបចំយុទ្ធនាការនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយជំរុញឱ្យក្រសួងបរិស្ថាន ដា​​​​ក់​​កោះកុងក្រៅឱ្យប្រែក្លាយទៅជា«ឧទ្យានជាតិសមុទ្រ » ក្នុងន័យដើម្បីអភិរក្ស និងជាការកៀរគរភ្ញៀវទេ​​ស​​ច​​​​រ​​​​ណ៍ឱ្យមកកំសាន្តទីនេះឱ្យបានច្រើនជាងមុន ខណៈស្ថាប័នសាម៉ីមួយនេះមិនបានបំពេញការឆ្លើយ​​តបរប​​ស់​​ខ្លួ​​នអស់​​រយៈពេលជា​​ច្រើនឆ្នាំ​មកហើ​​យ​​ដែ​​​លបានសន្យាដាក់កោះមួយនេះជាឧទ្យានជាតិសមុទ្រ​​។

តាមរយៈយុទ្ធនាការនៅលើបណ្តាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានគេកំពុងចែកចាយតៗគ្នា ក្រោ​​ម​ពាក្យស្លោក«តោះ!សួរក្រ​​សួ​ង​បរិស្ថានអំពីកោះកុងក្រៅ»ដើម្បីដាស់ស្មារតី និងដើម្បីតាមដានការងារក្រសួងបរិស្ថានក្នុងការដាក់កោះកុងក្រៅ​ជាឧ​​ទ្យា​​​​នជាតិសមុទ្រ​។

នៅលើគេទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ «​ចលនាមាតាធម្មជាតិ»ដែលចេញផ្សាយ​កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០​​២​​៤​ គឺពួកគេបង្ហោះផ្សាយឱ្យ​សាធារណៈជន​ទំនាក់ទំនងទៅកាន់ក្រសួងបរិស្ថាន​ដោយភ្ជាប់សារថា«​តើក្រសួងបរិស្ថានត្រូវការពេលប៉ុន្មានខែ ឆ្នាំទៀតក្នុងការដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ?»។

សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី លើកឡើងថាមូលហេតុដែលកញ្ញាតែងតែស្នើសុំដាក់កោះកុងក្រៅជាឧ​​ទ្យា​នជាតិសមុទ្រនេះ ព្រោះកញ្ញាព្រួយបារម្ភអំពីកោះកុងក្រៅ។

កញ្ញាបន្តថា៖«មូលហេតុដែលយើងតែងតែទទួចស្នើសុំឱ្យរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានដាក់កោះកុងក្រៅ​​​ជាឧទ្យានជាតិសមុទ្រ ដោយសារតែយើងមើលឃើញថាកោះកុងក្រៅគឺជាកោះដែលធំជាងគេនៅខ្មែរ ហើ​​យ​វាមានទេសភាពស្អាតពោរពេញទៅដោយធនធាន និងជីវចម្រុះដ៏កម្រ ដែលនៅក្នុងប្រទេសកម្ពុជាមិនមានកោះ​ច្រើនទេដែលមានភាពល្អ ភាពស្រស់ស្អាតភាពឯកកោនៅកោះកុងក្រៅហ្នឹង »

បើតាមសកម្មជនបរិស្ថានរូបនេះ យុទ្ធនាការនេះធ្វើឡើងដើម្បីក្រើនរំលឹកដល់រដ្ឋាភិបាល និងក្រ​​សួ​​ងបរិ​​ស្ថា​​ន​ដាក់​​កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ពីព្រោះក្រសួងបរិស្ថានបានសន្យាដាក់កោះ​កុង​ក្រៅជាឧទ្យានជាតិសមុទ្រចាប់ពីតាំងឆ្នាំ២០២១មក ប៉ុន្តែមកដល់បច្ចុប្បន្ននេះ កោះកុងក្រៅនៅមិនទាន់ដាក់បញ្ចូលជាឧ​​ទ្យា​ន​​ជាតិសមុទ្រជាផ្លូវការនៅឡើយនោះទេ។

កញ្ញាបន្តថា៖«អ្វីដែលយើងចង់​ឃើញការចូលរួមចំណែកមួយផ្នែកទៀតនោះគឺ ចូលរួមទាមទារទាំងអស់គ្នា យើ​ងផ្សព្វផ្សាយ យើងទៅលេង ជារឿងល្អហើយ ប៉ុន្តែការចូលរួមទាមទារឱ្យមានការដាក់កោះកុងក្រៅជាឧទ្យា​ន​ជាតិសមុទ្រ ឱ្យមានការដកអាជ្ញាប័ណ្ឌពីក្រុមហ៊ុន SEZ […] លើសពី​នោះពួកគាត់ក៏អាចបង្កើតជាយុទ្ធ​នាកា​រ​រៀងៗខ្លួននៅតាមលទ្ធភាព និងសមត្ថភាព​របស់ខ្លួនក្នុងការទាមទារឱ្យដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ »។

សកម្មជនបរិស្ថាន និងជាសមាជិកនៃក្រុមចលនាមាតាធម្មជាតិម្នាក់ទៀត យុវតី មាន លីសា កត់សម្គាល់ថាលោ​​​​ក លី យ៉ុងផាត់ តែងតែបង្កទំនាស់ជាអចិន្ត្រៃយ៍ជាមួយនឹងរឿងសិទ្ធិមនុស្ស និងបរិស្ថានជាមួយប្រជាពល​​រដ្ឋ ហើយកញ្ញាព្រួយបារម្ភអំពីកោះកុងក្រៅ ខណៈកោះនេះត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុនលោ​​ក លី យ៉ុង​​ផា​​ត់​ ជាអ្នកគ្រប់គ្រងទៅហើយ។

កញ្ញាបន្តថា៖ «សវតារបស់ក្រុមហ៊ុននេះមិនគួរឱ្យទុកចិត្ត វាអត់សុវត្ថិភាពតែម្តងនោះគឺលោកលីយ៉ុងផាត់មានទំនាស់ដីធ្លី មានទំនាស់ផលប្រយោជន៍ជាច្រើនជាមួយប្រជាពលរដ្ឋនៅខេត្តកោះកុង ខេត្តកំពុងស្ពឺ រឿងស្ករ រឿងអី! សវតាទាំងអស់នេះហើយដែលបានប្រាប់មកកាន់ពួកយើងថាអត់មានសុវត្ថិភាពទាល់តែសោះដែលប្រគល់កោះទាំងមូលឱ្យឧកញ៉ា លី យ៉ុងផាត់នេះ » ។

កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលបានប្រគល់កោះកុងក្រៅនេះឱ្យទៅក្រុមហ៊ុន Koh Kong SEZ របស់លោកឧ​​ក​​ញ៉ា លី យ៉ុងផាត់ ក្រោមរូបភាពដើម្បីអភិវឌ្ឍ។ការផ្តល់សិទ្ធិវិនិយោគនេះ ត្រូវរង់ការរិះគន់ថា រដ្ឋាភិបាលមិ​​ន​​បា​​ន​​​​សិក្សា​​ពីហេតុផលប៉ះពាល់បរិស្ថាន និងសង្គមជាមុន ជាមួយពលរដ្ឋ ជាពិសេសមិនធ្លាប់​​ដែលបានប្រ​​កាស​​ជា​​​​សា​ធារណៈ​ម្តងណានោះទេ ។

គេសង្កេតឃើញថា ចាប់តាំងពីពេលនោះមក ក្រុមយុវជនការពារបរិស្ថានចេញធ្វើសកម្មភាពផ្សេងៗជាច្រើន ដើ​​ម្បីទាមទារ​ឱ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រដែលសកម្មភាពទាំងនោះរួមមានជិះកង់ ក​​និងដើរ​ដាក់ញត្តិ ជាដើម។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបកស្រាយបានទេពីលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រ​​សួង​​​​បរិស្ថាន ដោយទូរស័ព្ទចូលប៉ុន្តែមិនមានអ្នកទទួល។

យ៉ាងនេះក្តី លោក ហេង គឹមហុង នាយកប្រតិបត្តិ នៃសមាគមបណ្តាញយុវជនកម្ពុជា​ យល់ឃើញថាបញ្ហាកោះ​​​​​​កុងក្រៅគឺជារបៀបវារៈមួយដែលមានភាពចាំបាច់ និងសំខាន់ហើយ។លោកកត់សម្គាល់ថាដំណើរការរប​​ស់​​​​ក្រសួងបរិស្ថាននៅក្នុងការដាក់បញ្ចូលតំបន់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រនេះ បានអូសបន្លាយជាយូរមកហើយ។

លោកបន្តថា៖ «តបតាមការទទូចស្នើសុំដោយចលនាមហាជននេះ ក្រសួងបរិស្ថានគួរតែផ្សព្វផ្សាយជាចំហរ ឬធ្វើបច្ចុប្បន្នភាពម្តងទៀតជូនពួកគេឱ្យបានដឹងថា មកដល់បច្ចុប្បន្ននេះនីតិវិធីដំណើរការសិក្សា នៃកោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រដល់ណាហើយ ការសិក្សារកឃើញអ្វីខ្លះ? ត្រូវការការគាំទ្រអ្វីខ្លះ ពីសាធារណជននៅក្នុងដំណើការនៃការស្វែងយល់ និងធ្វើការសិក្សាស្រាវជ្រាវបន្តទៀតនេះ​ ហើយក្រសួងគួរ​តែបញ្ជាក់ថាត្រូវការរយៈពេលប៉ុន្មានទៀតដើម្បីជម្រុញនៃការដាក់បញ្ជូលកោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ​ទាន់ពេលវេលា »។

របាយការណ៍នៅលើគេទំព័ររបស់រដ្ឋបាលខេត្តកោះកុងឱ្យដឹងថាកោះកុងក្រៅគឺជាកោះធំជាងគេដែលស្ថិតនៅ​​ក្នុងឃុំជ្រោយប្រស់ ស្រុកកោះ​​កុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីក្រុងខេមរភូ​​មិន្ទ។ កោះនេះមានឆ្នេរខ្សាច់ស្រស់ស្អាតស្ថិតនៅលើផ្ទៃទឹកសមុទ្រដែលធំ​ល្វឹង​ល្វើយ ហើយមានពណ៌ខៀវស្រងាត់ និង​​មានសក្តានុពលផ្នែកធនធានធម្មជាតិ​ជីវៈចម្រុះ។

ប្រភពដដែលបន្តថា កោះនេះ មានផ្ទៃដីប្រមាណ ៨០គីឡូម៉ែត្រការ៉េ និងកម្ព​​ស់​​​ប្រហែល ៤១០ម៉ែត្រ ស្ថិតនៅលើ​​ផ្ទៃទឹកសមុទ្រដ៏ធំរបស់កម្ពុជា។កោះនេះមុននឹងផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុង​​ផា​​​​ត់ កោះនេះធ្លាប់គ្រប់គ្រងដោយអង្គភាពយោ​​ធា​​ជើង៕