សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក នី ណាក់ សកម្មជនសង្គម និងជាអ្នកជំនាញកសិកម្មក្នុងពន្ធធានាគារជាបណ្តោះអាសន្នពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង លើបណ្តាញសង្គម។
យោងតាមដីកាបង្គាប់ខ្លួនដែលចេញដោយសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា លោក នី ណាក់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការមិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទបទបរិហាកេរ្ត៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែលប្រព្រឹត្តិនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។
អ្នកស្រីសុខ ស៊ីណែត ភរិយាលោក នី ណាក់ បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា រហូតមកដល់ពេលនេះអ្នកស្រីពុំទាន់បានទៅជួបលោក នី ណាក់ នៅឡើយទេ។ អ្នកស្រីថា នៅថ្ងៃទី៦ ខែមករា ម៉ោងប្រមាណជា៨ព្រឹក ស្វាមីរបស់អ្នកស្រីត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសហើយ។
អ្នកស្រីថា ស្វាមីអ្នកស្រីត្រូវបានប៉ូលីសចាប់ខ្លួនខណៈធ្វើដំណើរមកពីផ្សារដោយមិនមានផ្តល់ដំណឹងជាមុនឡើយ។
អ្នកស្រីបន្ថែមថា៖ «បងមានតែសំណូមពរដល់រាជរដ្ឋាភិបាល និងអាជ្ញាធរដែលមានសមត្ថកិច្ច សូមជួយដោះលែងប្តីបងឱ្យមានសេរីភាពវិញ ព្រោះគាត់ជាពលរដ្ឋធម្មតាម្នាក់ គ្មានកំលាំងថាមពលអ្វីទៅតតាំង គាត់បញ្ចេញមតិដើម្បីតែផលប្រយោជន៍រួម ហើយនិងកែលំអរចំណុចអវិជ្ជមាន មិនមែនដើម្បីធ្វើនិងដើម្បីអំណាច យកអីទេ។ អ៊ីចឹងក៏សុំឱ្យតុលាការ និងរាជរដ្ឋាភិបាលជួយដោះលែងប្តីបងឱ្យមានសេរីភាពវិញ»។
លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ការចាប់ខ្លួនលោក ននីណាក់ បង្ហាញថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅតែមានការរឹតត្បិតនៅក្នុងប្រទេសកម្ពុជា។ លោកថា លោក នី ណាក់ គ្រាន់តែបញ្ចេញមតិតាមបណ្តាញសង្គមរបស់គាត់ តែផ្ទុយទៅវិញបែរជារងការចោទប្រកាន់គាត់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើងទៅវិញ។
លោក អំ សំអាត បន្ថែមថា៖ « យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យរាជរដ្ឋាភិបាលក៏ដូចជាតុលាការគិតឱ្យបានដិតដល់ថាអ្វីជាសេរីភាពនៃការបញ្ចេញមតិ ហើយអ្វីជាបទល្មើស ដើម្បីជៀសវាងការរិះគន់បន្តទៅទៀតទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ ហើយការចោទប្រកាន់ និងការឃុំខ្លួនក៏វាជាការគំរាមកំហែងបំភិតបំភ័យសម្រាប់ការបញ្ចេញមតិទៅលើអ្នកដទៃទៀតផ្សេងដែរ»។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ។
លោក នី ណាក់ ជាអ្នកជំនាញផ្នែកកសិកម្មដែលតែងបង្ហោះសាររិះគន់បញ្ហាសង្គមនានា ជាពិសេសពាក់ព័ន្ធនឹងបញ្ហាកសិកម្ម។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ លោកបានសរសេររៀបរាប់លើគណនីហ្វេសប៊ុករបស់លោកឈ្មោះ Iman KH ថា៖ «ខ្ញុំរត់គេចខ្លួនអស់ជិត១ខែមិនហ៊ានចូលផ្ទះដោយសារការគំរាមកំហែងរកតាមចាប់ កាលពីឆ្នាំ២០១៥។ ក្រោយមកជាបន្តបន្ទាប់គេនៅតែគំរាមកំហែងខ្ញុំជាបន្តតាមរយៈការសារគំរាមសម្លាប់ គំរាមចាប់ កាសែតគាំទ្រផ្សាយបរិហាបង្ខូចឈ្មោះ លាបពណ៌។ រហូតដល់ឆ្នាំ២០២០ខ្ញុំត្រូវចាប់ខ្លួនពីរឿងមាន់ពាក់ម៉ាស់ ហើយជាប់គុក១៨ខែនៅព្រៃស។ ចេញពីគុកបាន១ឆ្នាំ គេធ្វើឃាតតែសំណាងល្អមិនស្លាប់។ ទោះបីខ្ញុំព្រាត់ប្រាស់កូន បែកបាក់គ្រួសារ រងទុក្ខក្នុងគុក និងគ្រោះថ្នាក់ស្ទើរបាត់បង់ជីវិត ខ្ញុំមិនធ្លាប់ងាករេ មិនធ្លាប់ចុះចាញ់ មិនធ្លាប់លក់ឧត្តមគតិ មិនធ្លាប់តែស្ករៗដើម្បីតែសេចក្តីសុខឡើយ។ ខ្ញុំមិនដែលប្រាថ្នាបានលុយ បានតំណែង បានការសរសើរ គឺខ្ញុំចង់បានតែម្យ៉ាង ប្រទេសជាតិរីកចំរើន ប្រជាជនរស់នៅមានក្តីសុខ ហើយវិស័យកសិកម្មត្រូវបានលើកតម្កើង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោកនី ណាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការម្តងរួចមកហើយ ពាក់ព័ន្ធនឹងបទចោទថាលោកតែងបង្ហោះព័ត៌មានញុះញង់ មាក់ងាយរដ្ឋាភិបាល និងបង្កចលាចលតាមបណ្ដាញសង្គម Facebook៕