សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក នី ណាក់ សកម្មជនសង្គម និង​ជា​អ្នក​ជំនាញ​កសិកម្មក្នុង​ពន្ធធានាគារ​ជាបណ្តោះអាសន្នពីបទ​បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង លើបណ្តាញសង្គម។

យោងតាមដីកាបង្គាប់ខ្លួនដែលចេញដោយសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បាន​បញ្ជាក់ថា លោក នី ណាក់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការមិនរាងចាល​ក្នុង​បទ​មជ្ឈឹម​បន្ទាប់​ពី​ការផ្តន្ទាទោសបទបទបរិហាកេរ្ត៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែល​ប្រព្រឹត្តិ​នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

អ្នកស្រីសុខ ស៊ីណែត ភរិយាលោក នី ណាក់ បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា រហូតមកដល់ពេលនេះអ្នកស្រីពុំទាន់បានទៅជួបលោក នី ណាក់ នៅឡើយទេ។ អ្នកស្រី​ថា  នៅ​ថ្ងៃទី​៦​ ខែ​មករា ម៉ោងប្រមាណជា​​៨​ព្រឹក ស្វាមីរបស់អ្នកស្រី​ត្រូវបាន​បញ្ជូន​ទៅពន្ធនាគារព្រៃសហើយ។

អ្នកស្រីថា ស្វាមីអ្នកស្រី​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ខណៈធ្វើ​ដំណើរ​មកពីផ្សារ​​​ដោយ​មិនមាន​ផ្តល់​​ដំណឹង​ជាមុន​ឡើយ។​

អ្នកស្រីបន្ថែមថា៖ «បងមានតែសំណូមពរដល់រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ដែលមាន​សមត្ថកិច្ច សូម​ជួយ​ដោះលែង​ប្តី​បងឱ្យមានសេរីភាពវិញ ព្រោះគាត់ជាពលរដ្ឋធម្មតាម្នាក់ គ្មានកំលាំងថាមពលអ្វីទៅតតាំង គាត់បញ្ចេញមតិដើម្បីតែផលប្រយោជន៍រួម ហើយនិងកែលំអរចំណុចអវិជ្ជមាន មិនមែន​ដើម្បី​ធ្វើ​និង​ដើម្បី​អំណាច យកអីទេ។ អ៊ីចឹងក៏សុំឱ្យតុលាការ និងរាជរដ្ឋាភិបាលជួយដោះលែងប្តីបងឱ្យមានសេរីភាពវិញ»។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ការ​ចាប់​ខ្លួន​លោក ននី​ណាក់ បង្ហាញ​ថា​ សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​នៅ​តែ​មានការរឹតត្បិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា លោក នី ណាក់ គ្រាន់តែបញ្ចេញ​មតិ​តាម​បណ្តាញសង្គមរបស់គាត់ តែផ្ទុយ​ទៅវិញ​បែរជា​រងការចោទប្រកាន់គាត់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និង​ញុះញង់​ឱ្យ​មានកា​ររើសអើង​ទៅវិញ។

លោក អំ សំអាត បន្ថែមថា៖ « យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យរាជរដ្ឋាភិបាល​ក៏ដូចជា​តុលាការ​គិត​ឱ្យ​បាន​ដិតដល់ថាអ្វីជាសេរីភាពនៃការបញ្ចេញមតិ ហើយ​អ្វី​ជា​បទល្មើស​ ដើម្បី​ជៀសវាង​ការរិះគន់​បន្ត​ទៅទៀត​ទាក់ទង​នឹង​សេរីភាព​នៃ​ការបញ្ចេញមតិ ហើយការចោទ​ប្រកាន់ និងការឃុំខ្លួន​ក៏​វា​ជា​ការគំរាម​កំហែង​បំភិតបំភ័យសម្រាប់ការបញ្ចេញមតិទៅលើអ្នកដទៃទៀតផ្សេងដែរ»។

Newsroom Cambodia មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ ប្លង់ សុផល អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទេ។​

លោក នី ណាក់ ជាអ្នកជំនាញ​ផ្នែក​កសិកម្មដែល​តែង​បង្ហោះ​សាររិះគន់​បញ្ហាសង្គម​នានា ជាពិសេស​ពាក់ព័ន្ធនឹង​បញ្ហា​កសិកម្ម។

កាលពីថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០២៣ លោក​បាន​សរសេរ​រៀបរាប់​​លើ​គណនី​ហ្វេសប៊ុក​របស់លោក​ឈ្មោះ Iman KH​ ថា៖ «ខ្ញុំរត់គេចខ្លួនអស់ជិត១ខែមិនហ៊ានចូលផ្ទះដោយសារ​ការគំរាម​កំហែង​រកតាមចាប់ កាល​​ពីឆ្នាំ២០១៥។ ក្រោយមកជាបន្តបន្ទាប់គេនៅតែគំរាមកំហែងខ្ញុំជាបន្ត​តាមរយៈ​ការសារ​គំរាម​សម្លាប់ គំរាម​ចាប់ កាសែតគាំទ្រផ្សាយបរិហាបង្ខូចឈ្មោះ លាបពណ៌។ រហូត​ដល់​ឆ្នាំ​២០២០​ខ្ញុំត្រូវ​ចាប់​ខ្លួន​ពីរឿង​មាន់​ពាក់​ម៉ាស់ ហើយជាប់គុក១៨ខែនៅព្រៃស។ ចេញពីគុកបាន១ឆ្នាំ គេធ្វើឃាតតែសំណាងល្អមិនស្លាប់។ ទោះបី​ខ្ញុំ​ព្រាត់​ប្រាស់​កូន បែកបាក់គ្រួសារ រងទុក្ខក្នុងគុក និងគ្រោះថ្នាក់ស្ទើរបាត់បង់ជីវិត ខ្ញុំមិនធ្លាប់ងាករេ មិន​ធ្លាប់​ចុះ​ចាញ់ មិនធ្លាប់លក់ឧត្តមគតិ មិនធ្លាប់តែស្ករៗដើម្បីតែសេចក្តីសុខឡើយ។ ខ្ញុំមិនដែលប្រាថ្នាបានលុយ បានតំណែង បានការសរសើរ គឺខ្ញុំចង់បានតែម្យ៉ាង ប្រទេសជាតិរីកចំរើន ប្រជាជនរស់នៅមានក្តីសុខ ហើយវិស័យកសិកម្មត្រូវបានលើកតម្កើង។

គួរបញ្ជាក់ថា កាលពី​​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោកនី ណាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូន​​ទៅ​កាន់​តុលាការ​ម្តងរួចមកហើយ ពាក់ព័ន្ធនឹងបទ​​ចោទ​ថា​លោកតែងបង្ហោះព័ត៌មានញុះញង់ មាក់ងាយ​រដ្ឋាភិបាល និងបង្កចលាចលតាមបណ្ដាញសង្គម Facebook៕